យុវតីមួយរូបបង្កើតវេទិកាចែករំលែកចំណេះដឹងទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីមានជីដូនជាជនរងគ្រោះដោយជំងឺមហារីកសុដន់
ភ្នំពេញ៖ជំងឺមហារីកត្រូវបានដឹងនិងទទួលស្គាល់ជាទូទៅថាជាប្រភេទជំងឺកាចសាហាវមួយ។នៅក្នុងឆ្នាំ ២០២០កន្លងទៅកម្ពុជាមានករណីមហារីកថ្មីចំនួន១៨ ៣៧៥ករណី។ក្នុងនោះមានអត្រាមរណៈដោយសារជំងឺមហារីកសុដន់ចំនួន ៧,១ភាគរយ។ ចំនួននេះបាន និងកំពុងបន្តកើនឡើងដោយសារតែ ការយល់ដឹងពីរោគសញ្ញាជំងឺនេះនៅតែមានកម្រិតនៅឡើយ។
ប៉ុន្តែយ៉ាងណា ចលនាផុសផុលនៃការចែករំលែកមាតិកាពីជំងឺមហារីកតាមបណ្ដាញសង្គមមួយរយៈចុងក្រោយនេះ ឃើញថាអាចបញ្ជាបការយល់ដឹងបានច្រើនគួរសម ជាពិសេសគឺនៅក្នុងពេញមួយខែ នៃខែតុលាតែម្ដង។
បន្ទាប់ពីមានជីដូនដែលជាជនរងគ្រោះពីជំងឺមហារីកសុដន់ និស្សិតកំពុងសិក្សាឆ្នាំទី២នៃសកលវិទ្យាល័យ ផារ៉ាហ្គនអន្តរជាតិ បានផ្ដួចផ្ដើមគំនិតបង្កើតជាវេទិកាមួយនៅលើបណ្ដាញសង្គមដើម្បីចែករំលែក ចំណេះដឹងពីជំងឺមហារីកសុដន់ឱ្យកាន់តែទូលាយទៅក្នុងស្រទាប់អ្នកលេងបណ្ដាញសង្គម។
ក្រោយពីបានស្ដាប់លឺពីការត្អូញត្អែរពីស្ថានភាពជំងឺមហារីកសុដន់របស់ជីដូនផ្ទាល់ រហូតដល់គាត់បានទទួលមរណៈភាព កញ្ញាមានសេចក្ដីឈឺចាប់ដែលខ្លួនកាលណោះមិនមានចំណេះដឹងអ្វីពីជំងឺ ប្រភេទនេះ និងមិនដឹងថាត្រូវជួយជីដូនក្នុងរូបភាពណា។ យុវតីរូបនេះបានតាំងចិត្តស្វែងយល់ និងធ្វើការចែករំលែកបន្ត ដើម្បីកុំឱ្យអ្នកផ្សេងជួបប្រទះការបាត់បង់មនុស្សជាទីស្រឡាញ់ដូចខ្លួន។
CancerCo. ជាឈ្មោះរបស់គេហទំព័រផ្លូវការរបស់កញ្ញា សុខាច័ន្ទ សុជាតា ដែលទើបតែចាប់កំណើតឡើងនៅដើមឆ្នាំ២០២២នេះ ហើយដែលមកទល់ពេលនេះ កញ្ញាទទួលបានអ្នកគាំទ្រជិតមួយពាន់នាក់ លើបណ្ដាញសង្គមហ្វេសប៊ុក។
ជារើយៗ គេហទំព័រមួយនេះបានចែករំលែកព័ត៌មានពាក់ព័ន្ធជាច្រើនក្នុងទម្រង់ជាវីដេអូ ជាអត្ថបទ និងជារូបភាពអមដោយសារជាដើម។ បើតាមកញ្ញា សុជាតា វេទិកាមួយនេះក៏មានផងដែរនូវការផ្ដល់ការប្រឹក្សាតាមអ៊ីនធឺណិតជាមួយអ្នកឯកទេសខាងជំងឺមហារីក និងព័ត៌មានអំពីការថែទាំសុខភាពដោយមិនគិតប្រាក់។
វេទិកានេះទៀតសោតផ្ដោតលើផ្នែកសំខាន់ចំនួនពីរគឺ ផ្សព្វផ្សាយចំណេះដឹងអំពីជំងឺមហារីកដល់ប្រជាជនកម្ពុជា និងកសាងសហគមន៍ក៏ដូចជាកន្លែងសុវត្ថិភាពសម្រាប់អ្នកជំងឺមហារីកតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។
កញ្ញារៀបរាប់បន្ថែមថា៖ «គិតមកដល់ពេលនេះ ខ្ញុំនិងក្រុមការងារប្រមាណ២០នាក់ទៀត ខំប្រឹងផលិតមាតិកាថ្មីៗដោយចំណាយកម្លាំង និងធនធានផ្ទាល់តែម្ដង ដើម្បីទាញចំណាប់អារម្មប្រជាជន ជាពិសេសពីចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមក្នុងអាយុចន្លោះពី ១៥ទៅ២០ឆ្នាំ»។
ក្រៅពីនោះកញ្ញាបានស្វែងរកជំនួយសហការពីវេជ្ជបណ្ឌិតជំនាញផ្ទាល់ដើម្បីធានាថា រាល់មាតិកាដែលបានចេញផ្សាយទៅគឺត្រឹមត្រូវតាមវេជ្ជសាស្ត្រ។
ក្នុងចំណោមអ្នកគាំទ្រលើបណ្ដាញសង្គមជិតមួយពាន់នាក់នោះ កញ្ញាបានធ្វើការស្ទាបស្ទង់មតិលើការយល់ដឹងរបស់ពួកគេក្រោយបានតាមដានគេហទំព័ររបស់ខ្លួន។ ចម្លើយរបស់ក្រុមអ្នកគាំទ្រភាគច្រើន បានឱ្យដឹងថា ពួកគេពីមុនមកបានដឹងតិចតួចណាស់អំពីបញ្ហាជំងឺមហារីកសុដន់ ខ្លះទៀតស្ទើរតែមិនធ្លាប់ដឹងសោះតែម្ដង។
មួយក្រុមទៀតដែលជានិស្សិតពេទ្យបានកោតសរសើរកញ្ញា និងក្រុមការងារ ក្នុងការពុះពារចំណាយពេលវេលាផ្ទាល់ខ្លួនស្រាវជ្រាវ និងចែករំលែក។ ក្រុមនិស្សិតពេទ្យដដែលបាន ប្រាប់កញ្ញាដែរថា ព័ត៌មានអំពីជំងឺមហារីកគួរតែត្រូវបានសាធារណៈជនដឹងជាទូទៅ ដូចជំងឺផ្សេងដែរ។ ដូច្នេះ ពួកគេគាំ ទ្រលើសកម្មភាពដែលក្រុម CancerCo. កំពុងតែធ្វើក្នុងពេលបច្ចប្បន្ន។
ម៉្យាងទៀត កញ្ញាក៏បាន សម្គាល់ឃើញថា ៥០ភាគរយនៃអ្នកគាំទ្រគេហទំព័រហ្វេសប៊ុក គឺជាអ្នកគាំទ្រដែលតាមដានជាប់ជាមួយ មាតិកាផ្សេងៗដែលត្រូវបានចែករំលែក។
យ៉ាងណាមិញ កញ្ញា សុជាតា ក៏មិនបានចង់ធ្វើត្រឹមតែអ្វីដែលកំពុងធ្វើរាល់ថ្ងៃដែរ ពោលគឺកញ្ញាចង់ ពង្រីកវេទិកានេះបន្ថែមទៀត តាមរយៈការរៀបចំជាកម្រងសំណួរ និងចម្លើយនៅលើវេបសាយ ដើម្បីកាន់តែមានភាពងាយស្រួលដល់អ្នកចង់ដឹងព័ត៌មាន ឬចង់ដឹងពីស្ថានភាពសុខភាពរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត ដែលជានាយករង និងសហស្ថានិកគ្លីនិកចក្រា និងជាដៃគូសហការ និងគាំទ្រលើចំណេះដឹងផ្នែកវេជ្ជសាស្ត្រនៃជំងឺមហារីករបស់កញ្ញា សុជាតា បានបង្ហាញនូវមោទកភាពចំពោះក្រុមយុវជន យុវតីសម្រាប់ការរួមគ្នាធ្វើសកម្មភាពជួយសង្គមនេះឡើង។
មិនត្រឹមតែជួយសម្រួលលើមាតិកាដែលត្រូវផ្សព្វផ្សាយចេញទេ តែលោកវេជ្ជបណ្ឌិតរូបនេះក៏ជាចំណែកធំមួយដែលរ៉ាប់រងលើការប្រឹក្សាយោបល់ ក្នុងករណីដែលមានអ្នកសង្ស័យ និងចង់តាមដានស្ថានភាពរបស់ខ្លួនជាដើម។
លោកវេជ្ជបណ្ឌិត ធូ សារ៉ាម៉េត បាននិយាយថា៖ «វេទិកានេះល្អ ដែលព្យាយាមធ្វើយ៉ាងណាឱ្យសិស្ស និស្សិតមានការយល់ដឹងតាំងពីដំណាក់កាលនេះទៅ ព្រោះថាកាលណាពួកគេបានយល់បែបនេះហើយ ពួកគេអាច សម្គាល់ដឹងពីការប្រែប្រួលសុខភាពរបស់ខ្លួន និងអាចទៅទទួលការព្យាបាលបានទាន់ពេលវេលា ក្នុងករណីដែលពួកគេកើតជំងឺនេះទៅថ្ងៃអនាគត»។
លោកវេជ្ជបណ្ឌិតបានបន្តលើកទឹកចិត្តឱ្យយុវជន យុវតីខិតខំស្វែងយល់បន្ថែមទៀត ចៀសវាងដូចទៅនឹងករណីភាគច្រើនរបស់អ្នកជំងឺដែលទៅទទួលការព្យាបាល ស្របពេលដែលខ្លួនស្ថិតក្នុងដំណាក់វិវត្តិធ្ងន់ធ្ងរទៅហើយនោះ៕
ដោយ៖ កែវ បុស្បា