វិភាគអន្តរជាតិ ទំនាក់ទំនងឥណ្ឌានិងអាមេរិកអាចនឹងប្រែប្រួលបន្ទាប់ពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់អាមេរិកនៅថ្ងៃទី៨វិច្ឆិកាខាងមុខ
អន្តរជាតិ៖ទំនាក់ទំនងរវាងឥណ្ឌា និងសហរដ្ឋអាមេរិកមិនដែលមានភាពស្អិតល្មួតជាមួយគ្នានោះទេ បើទោះបីជាប្រទេសទាំងពីរជាមហាអំណាចប្រជាធិបតេយ្យដូចគ្នាក៏ដោយ។ ប៉ុន្តែអ្វីគ្រប់យ៉ាងនឹងត្រូវបានឃើញកាន់តែច្បាស់បន្ថែមទៀត នៅពេលមានការផ្លាស់ប្តូរអំណាចដឹកនាំក្នុងសភាអាមេរិក។
ឥណ្ឌា ក៏ដូចជាប្រទេសដៃគូសំខាន់ៗជាច្រើនរបស់អាមេរិក កំពុងតាមដានសង្កេតមើលការបោះឆ្នោតពាក់កណ្តាលអាណត្តិនាពេលខាងមុខយ៉ាងយកចិត្តទុកដាក់ ខណៈដែលទំនាក់ទំនងរវាងភាគីទាំងពីរស្ថិតក្នុងដំណាក់កាលដ៏លំបាកមួយ។ យ៉ាងណាក៏ដោយប្រទេសទាំងពីរបាននិងកំពុងមានកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យពាណិជ្ជកម្ម សន្តិសុខតំបន់ និងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ និងជាដៃគូក្នុងវេទិកានានាដូចជា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ៊្វិកជាដើម។កិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើនបែបនេះមានន័យថា ទំនាក់ទំនងរវាងមហាអំណាចទាំងពីរទទួលបានការគាំទ្រពីគណបក្សទាំងពីរគឺ គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ឥណ្ឌាបានខិតជិតទៅរកអាមេរិកជាងមុន។កន្លងមក យើងឃើញថា រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានសន្យាគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដើម្បីជួយដល់ការផ្លាស់ប្តូរប្រទេសឥណ្ឌា ទៅរកគោលដៅថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ខាងមុខ ហើយថ្មីៗនេះផងដែរអាមេរិកក៏បានសន្យាថានឹងជួយពន្លឿនការដាក់ពាក្យសុំទិដ្ឋាការឱ្យបានលឿនរហ័សសម្រាប់ប្រជាជនឥណ្ឌាដែលមានបំណងចង់ទៅធ្វើការនៅសហរដ្ឋអាមេរិក។
លោកបណ្ឌិត Deep Pal ជាបញ្ញវន្តនៃកម្មវិធីអាស៊ីនៅវិទ្យាស្ថានរួមចំណែក Carnegie សម្រាប់សន្តិភាពអន្តរជាតិ (Carnegie Endowment for International Peace) បានកត់សម្គាល់ថា សេតវិមានបាននឹងកំពុងមើលរបាយការណ៍របស់គណៈកម្មាធិការប្រធានាធិបតី ដែលនិយាយអំពីការពន្លឿនដំណើរការទទួលបានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឬហៅកាត់ថាប័ណ្ណបៃតង។ លោកបានបន្ថែមថា ឥណ្ឌា និងសហរដ្ឋអាមេរិកបានកំណត់ពេលវេលាយ៉ាងតក់ក្រហល់ក្នុងកិច្ចសហប្រតិបត្តិការស្តីពីការប្រែប្រួលអាកាសធាតុរបស់ពួកគេ។
ប៉ុន្តែគណបក្សសាធារណរដ្ឋបានអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹងបន្ថែមទៀតលើបញ្ហាអន្តោប្រវេសន៍ និងបានរិះគន់ផែនការសកម្មភាពអាកាសធាតុរបស់គណបក្សប្រជាធិបតេយ្យ ដែលការណ៍នេះបានបង្កើនក្តីបារម្ភដល់រដ្ឋាភិបាលក្រុងដែលី។ លោកវេជ្ជបណ្ឌិត Pal បាននិយាយថា៖ «ផែនការទាំងនេះអាចនឹងមិនទទួលបានការគាំទ្រច្រើននោះទេ»។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាការបោះឆ្នោតប្រជាមតិទូទាំងសហរដ្ឋអាមេរិកលើកដំបូង ដើម្បីធ្វើការស្ទង់មតិពលរដ្ឋអាមេរិក អំពីការបំពេញមុខងាររបស់ប្រធានាធិបតី។ ជាប្រវត្តិសាស្ត្រកន្លងមក គណបក្សរបស់ប្រធានាធិបតីតែងតែមាននិន្នាការធ្លាក់ចុះ និងបាត់បង់ការគាំទ្រក្នុងអំឡុងពេលពាក់កណ្តាលអាណត្តិ ដោយសារការខកចិត្តរបស់អ្នកបោះឆ្នោតជាមួយនឹងបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន។
ការរួបរួមគ្នាប្រឆាំងនឹងប្រទេសចិន
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះអាចឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរ ឬនៅដដែលនៃអំណាចដឹកនាំរបស់សភាអាមេរិក ហើយក៏អាចនឹងធ្វើឱ្យមានការប្រែប្រួលលើកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាជុំវិញបញ្ហាអាកាសធាតុ និងអន្តោប្រវេសន៍។ ប៉ុន្តែ សម្រាប់ប្រទេសចិនវិញ ឥណ្ឌា និងសហរដ្ឋអាមេរិកទំនងជានឹងបន្តសហការគ្នាប្រឈមមុខជាមួយចិន បើទោះបីជាគណបក្សប្រជាធិបតេយ្យ ឬគណបក្សសាធារណរដ្ឋឡើងកាន់អំណាចក៏ដោយ។
យោងតាមយុទ្ធសាស្ត្រការពារជាតិឆ្នាំ២០២២ របស់សហរដ្ឋអាមេរិក ឥណ្ឌាគឺជាចំណុចកណ្តាលនៃចក្ខុវិស័យរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រឆាំងនឹងប្រទេសចិន។ យុទ្ធសាស្ត្រដដែលនេះបានសង្កត់ធ្ងន់ថា ចិនគឺជាគូប្រជែងយុទ្ធសាស្ត្រដ៏មានផលវិបាកបំផុតរបស់អាមេរិក។ ក្នុងន័យនេះ ឥណ្ឌាទទួលបានផលប្រយោជន៍ពីសហរដ្ឋអាមេរិកយ៉ាងច្រើនជុំវិញបញ្ហានេះ ព្រោះអាមេរិកបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាឥទ្ធិពល និងសន្តិសុខរបស់ឥណ្ឌានៅតំបន់ឥណ្ឌូប៉ាស៊ីហ៊្វិក។ ប្រទេសទាំងពីរ រួមជាមួយនឹងប្រទេសជប៉ុន និងអូស្ត្រាលី ជាដៃគូសន្ទនាសន្តិសុខសម្ព័ន្ធចតុភាគីហៅកាត់ថា ខ្វដ (Quad) ដែលជាសម្ព័ន្ធត្រូវបានបង្កើតឡើងក្នុងគោលបំណងរាំងខ្ទប់ឥទ្ធិពលរបស់ចិននៅឥណ្ឌូប៉ាស៊ីហ៊្វិក។
ការសម្រេចចិត្តរបស់អ្នកបោះឆ្នោតជនជាតិអាមេរិកដើមកំណើតឥណ្ឌា
នៅសហរដ្ឋអាមេរិក គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យមានចំណុចមួយដែលដូចគ្នា ហើយដែលពាក់ព័ន្ធនឹងឥណ្ឌា ដែលនោះគឺថា គណបក្សទាំងពីរតែងតែគិតគូរទៅដល់តំបន់ដែលមានអ្នកបោះឆ្នោតជាជនជាតិឥណ្ឌាសញ្ជាតិអាមេរិក ជាពិសេសចាប់តាំងពីលោក ដូណាល់ ត្រាំ នៅជាប្រធានាធិបតី។ ជនជាតិអាមេរិកដើមកំណើតឥណ្ឌាមានប្រមាណត្រឹមតែ ១ ភាគរយនៃចំនួនប្រជាជនសរុបរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែគណបក្សទាំងពីរតែងតែផ្តោតការយកចិត្តទុកដាក់របស់ពួកគេទៅលើក្រុមអ្នកបោះឆ្នោតទាំងនោះជានិច្ច។
ភាគច្រើនជនជាតិអាមេរិកដើមកំណើតឥណ្ឌា មានទំនោរទៅរកគណបក្សប្រជាធិបតេយ្យ ប៉ុន្តែមិនមែនមានន័យថាពួកគេរារាំងមិនឱ្យគណបក្សសាធារណរដ្ឋអាចទៅឃោសនាបោះឆ្នោតនៅតំបន់ពួកគេនោះទេ។ គួរដឹងដែរថា ថ្មីៗនេះ រដ្ឋបាលលោក បៃដិន និង អ្នកស្រី ហារីស បានរៀបចំព្រឹត្តិការណ៍មួយដើម្បីអបអរសាទរពិធីបុណ្យ Diwali របស់សាសនាហិណ្ឌូទៀតផង។ ទន្ទឹមគ្នានេះដែរ យុទ្ធនាការរបស់គណបក្សសាធារណរដ្ឋក៏បានប្រារព្ធពិធីបុណ្យ Diwali ដូចគ្នាផងដែរ។
ក្រុមអ្នកវិភាគបានលើកឡើងថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងឥណ្ឌាគឺជាកត្តាដ៏សំខាន់មួយដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោតដែលជាជនជាតិអាមេរិកដើមកំណើតឥណ្ឌា។ ប្រសិនបើគណបក្សណាមួយមានទំនាក់ទំនងមិនល្អជាមួយឥណ្ឌា នោះពួកគេទំនងជាមិនបោះឆ្នោតគាំទ្រនោះទេ។
សាស្ត្រាចារ្យ Harsh Pant អនុប្រធានផ្នែកសិក្សា និងគោលនយោបាយការបរទេសនៅមូលនិធិស្រាវជ្រាវអ្នកសង្កេតការណ៍ បានលើកឡើងថា៖ «ជនភៀសខ្លួនឥណ្ឌាក៏មានយុទ្ធសាស្ត្រខ្លាំងផងដែរ ដោយយោងតាមការបោះឆ្នោតលើបញ្ហាមួយចំនួនកន្លងមក។ ដូច្នេះ ខ្ញុំគិតថាបញ្ហាជនភៀសខ្លួនគឺជារឿងសំខាន់ទីមួយ ហើយខ្ញុំគិតថាមានរដ្ឋមួយចំនួនទៀត ដែលជនភៀសខ្លួនមានសមត្ថភាពជះឥទ្ធិពលទៅលើគោលនយោបាយរបស់គណបក្សទាំងពីរ»។
អ្នកវិភាគមួយចំនួនយល់ឃើញថា ប្រសិនបើគណបក្សប្រជាធិបតេយ្យកាន់អំណាចនៅរដ្ឋសភា និងព្រឹទ្ធសភា នោះស្ថានភាពនឹងត្រូវរក្សានៅដដែល។ ប៉ុន្តែប្រសិនបើគណបក្សសាធារណរដ្ឋយកឈ្នះអាសនៈនៅរដ្ឋសភា ឬព្រឹទ្ធសភា ឬស្ថាប័នទាំងពីរវិញនោះ ឥណ្ឌាប្រហែលជាត្រូវកែប្រែគោលនយោបាយការបរទេសរបស់ខ្លួនចំពោះអាមេរិកជាមិនខាន។
ការប្រែប្រួលគោលនយោបាយការបរទេសទាំងនោះ អាចរួមមានសម្បទានលើពន្ធពាណិជ្ជកម្ម និងស្វែងរកដៃគូផ្សេងទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដូច្នេះហើយ ការបោះឆ្នោតពាក់កណ្តាលអាណត្តិមិនត្រឹមតែមានសារៈសំខាន់សម្រាប់អនាគតរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏សំខាន់សម្រាប់គោលនយោបាយការបរទេសរបស់ឥណ្ឌាផងដែរ៕ ដោយ៖ ធា សុខណា