លោក គឹម បញ្ញា៖ ការបង្កើតយុទ្ធនាការហ៊ាននិយាយគឺដើម្បីឱ្យកម្មករនិយោជិតអាចបង្ហាញពីក្ដីកង្វល់នៃមធ្យោបាយធ្វើដំណើរ
ភ្នំពេញ៖តើអ្វីជាយុទ្ធនាការហ៊ាននិយាយ? បើតាមនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាលោក គឹម បញ្ញា ការបង្កើតយុទ្ធនាការហ៊ាននិយាយ គឺដើម្បីឲ្យកម្មករនិយោជិតហ៊ាននិយាយពីក្ដីកង្វល់ និងបញ្ហាប្រឈមនៃមធ្យោបាយធ្វើដំណើរដែលពាំនាំបញ្ហានេះទៅកាន់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។
លោក គឹម បញ្ញា បានប្រាប់ថា យុទ្ធនាការហ៊ាននិយាយនេះត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធឌីជីថល ក្នុងគោលបំណងសំខាន់ៗដែលជំរុញឲ្យមានការយកចិត្តទុកដាក់ ការពិចារណា សម្រាប់ជួយកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងកម្មករក្នុងវិស័យផលិតស្បែកជើងឲ្យទទួលបានមធ្យោបាយធ្វើដំណើរសមរម្យ ក្នុងការធ្វើដំណើរទៅមកសម្រាប់បំពេញការងារ។
លោកបញ្ជាក់ថា៖ «អីចឹង ដូចដែលបានដឹងប្រហែលមានជាង ៦០ភាគរយនៃរថយន្តដែលផ្ដល់សេវាដឹកកម្មករនិយោជិតរបស់យើងពីផ្ទះរបស់គាត់មករោងចក្រឬពីរោងចក្រមកផ្ទះវិញហ្នឹងគឺជាប្រភេទរថយន្តដែលគេប្រើសម្រាប់ដឹកទំនិញ ហើយត្រូវបានកែច្នៃ ដើម្បីយកមកដឹកកម្មករនិយោជិតរបស់យើង ដោយដឹកជាចំនួនច្រើន ដែលមានសភាពណែនណាន់ ហើយវាហ្នឹងប៉ះពាល់ដល់ផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិតយើង»។
ក្រៅពីនេះទៀត អង្គការមូលនិធិបង្ការរបួសអាស៊ី បានចូលរួមចំណែកលើបញ្ហានេះតាំងពីឆ្នាំ២០១៧មក សម្រាប់ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍កម្មករនិយោជិត ដោយបានដាក់អាទិភាពការងារផ្តោតសំខាន់ចំនួន៥ចំណុច គឺត្រូវធ្វើយ៉ាងណាឲ្យកម្មករធ្វើដំណើរមកបំពេញការងារប្រកបដោយសុវត្ថិភាព គ្រប់ពេលវេលាទាំងអស់។
លោកបន្តថា ក្នុងអាទិភាពសំខាន់ៗទាំង៥ចំណុចនេះ គឺទី១. ការធានាឲ្យមានអ្នកបើកបររថយន្តដឹកកម្មករ ទទួលបានជំនាញ ចំណេះដឹង អំពីការបើកបរដោយសុវត្ថិភាព និងសេដ្ឋកិច្ចភាព។ ចំណុចទី២. ការជំរុញឲ្យអ្នកបើកបររថយន្តដឹកកម្មករ ពួកគាត់អាចមានលទ្ធភាព ក្នុងការប្ដូររថយន្តរបស់ពួកគាត់ពីប្រភេទរថយន្តដឹកទំនិញ ទៅរថយន្តមានសុវត្ថិភាព ដោយមិនត្រូវដឹកលើសចំណុះឡើយ។
ចំណុចទី៣. ចង់ឱ្យវិស័យសហគ្រាស រោងចក្រកាត់ដេរសម្លៀកបំពាក់ ត្រូវមានគោលនយោបាយសម្រាប់សុវត្ថិភាពចរាចរណ៍ ដែលត្រូវបានផ្សព្វផ្សាយ និងអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងរបស់កម្មករនិយោជិត។ លោកបន្តថា ពីរចំណុចក្រោយ គឺការជំរុញការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការបើកបរម៉ូតូទៅកាន់កម្មករនិយោជិត ហើយចុងក្រោយ គឺការប្រើប្រាស់មួកសុវត្ថិភាពដែលមានស្ដង់ដា។
លើសពីនេះទៀតលោក បញ្ញា បានបញ្ជាក់ថា នៅក្នុងចំណុចទាំងហ្នឹង គឺបានរៀបចំយុទ្ធនាការហ៊ាននិយាយ នៅកម្រិតរោចក្រដែលបានជ្រើសរើស ហើយបែងចែកជាពីរក្រុម។ ទីមួយក្រុមការងារសុវត្ថិភាពចរាចរណ៍ ដែលពួកគាត់មានសមាភាពជាតំណាងរោងចក្រ សហជីព តំណាងកម្មករ និងតំណាងអ្នកបើកបរ ឲ្យចូលរួមគ្នា ហើយនិងផ្ដល់ការបណ្ដុះបណ្ដាល បង្កើតផែនការ ដើម្បីឱ្យពួកគាត់ធ្វើការផ្សព្វផ្សាយ។
ចំណែកក្រុមទីពីរ គឺក្រុមជនបង្គោល ដែលពួកគាត់ជាអ្នកធ្វើដំណើរតាមរថយន្តដឹកកម្មករ និងដើរតួនាទីជាអ្នកហ៊ាននិយាយ ដូច្នេះត្រូវជ្រើសរើស និងបណ្ដុះបណ្ដាលពួកគាត់ ដើម្បីឱ្យពួកគាត់ ក្លាយទៅជាអ្នកដែលហ៊ាននិយាយ អំពីកង្វល់ បញ្ហាប្រឈមជាមួយអ្នកបើកបរ រួមទាំងចំណុចដែលលើកទឹកចិត្តឲ្យអ្នកបើកបរប្ដូររថយន្តប្រភេទដឹកទំនិញ ទៅជារថយន្តដែលមានសុវត្ថិភាព។
លោកលើកឡើងថា៖ «យើងបានបង្កើតយុទ្ធនាការហ៊ាននិយាយតាមប្រព័ន្ធឌីជីថល មិនមែនតែធ្វើក្នុងរោចក្រគោលដៅទេ គឺព័ត៌មាននេះត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដារោងចក្រផ្សេងៗ ដែលគាត់ទទួលបានព័ត៌មាននេះហើយហ៊ាននិយាយ និងលើកឡើងពីកង្វល់ ដើម្បីស្ថាបនាក្នុងការស្វែងរកមធ្យោបាយធ្វើដំណើរមានសុវត្ថិភាពប្រសើរជាង»។
លោកបញ្ញាបន្ថែមថា បច្ចុប្បន្នយុទ្ធនាការនេះ កំពុងផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេកប៊ុក ដែលមានជាផូស្ទ័រ (Poster) ហើយថ្ងៃមុខក៏មានជាវីដេអូ ដែលនិងផ្សាភ្ជាប់រវាងសកម្មភាពរបស់ក្រុមការងារលោក ទៅកាន់កម្រិតរោងចក្រ ដែលមានក្រុមការងារសុវត្ថិភាពចរាចរណ៍ និងក្រុមជនបង្កោល កំពុងអនុវត្តយុទ្ធនាការហ៊ាននិយាយអំពីកង្វល់ផ្សេងរបស់ពួកគាត់។
សូមបញ្ជាក់ថា យុទ្ធនាការហ៊ាននិយាយតាមរយៈប្រព័ន្ធឌីជីថលនេះ កំពុងអនុវត្តនៅរោចក្រគោលដៅចំនួន៤៣ ដែលមានកម្មករនិយោជិតជាង២០ម៉ឺននាក់ ។នេះបើតាមនាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបញ្ជាក់៕
ដោយ៖ ជា សុខនី



