លោក យង់ គឹមអេង ថា អាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យទាំងអស់ដើម្បីឱ្យការធ្វើតេស្ដស្វែងរកសារធាតុញៀនមានប្រសិទ្ធភាព
ភ្នំពេញ៖ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ លោក យង់ គឹមអេង បានមានប្រសាសន៍ថាអាជ្ញាធរត្រូវសហការជាមួយមន្ទីរពេទ្យទាំងអស់ដោយមិនគិតប្រាក់សម្រាប់បុគ្គលធ្វើតេស្ត ដើម្បីឱ្យដំណើរការធ្វើតេស្ដស្វែងរកសារធាតុញៀនអាចមានប្រសិទ្ធិភាព។ការលើកឡើងនេះ ធ្វើឡើងនៅក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានប្រកាសថានាពេលខាងមុខទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនត្រូវតែធ្វើតេស្តរកសារធាតុញៀនជាមុនសិនមុននឹងអនុញ្ញាតឱ្យចូលធ្វើការបាន។
លោក យង់ គឹមអេង បានប្រាប់នៅថ្ងៃសុក្រ ទី៤វិច្ឆិកានេះថាបើមានជាការធ្វើតេស្តរកសារធាតុញៀនមែន វាជារឿងដែលល្អ ពីព្រោះអាចជាផ្នែកមួយក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនផងដែរ។ មួយវិញទៀត ការធ្វើតេស្ដនេះ ទាល់តែមានរៀបចំខាងមន្ទីរពេទ្យជាអ្នកធ្វើទើបអាចទៅបាន វាមិនអាចឱ្យខាងស្ថាប័នជាអ្នកធ្វើបានឡើយ។
លោកបន្តថា នេះជារឿងមួយដែលសំខាន់ បើសិនជាមន្ទីរពេទ្យនៅយកលុយទេ គឺប្រហែលជាអត់មានអ្នកមកធ្វើតេស្ដដែរ ហើយក៏វាអត់មានប្រសិទ្ធភាពដែរ។ ប៉ុន្តែបើអាចជាលើកទឹកចិត្ត ដោយធ្វើតេស្តមិនយកលុយ ហើយវាក៏ជាការតម្រូវរបស់ស្ថាប័ននីមួយៗ ការធ្វើតេស្តនេះ វាអាចទៅបានដែរ។
ក្រៅពីនេះទៀត លោកលើកឡើងថា នៅបណ្ដាប្រទេសខ្លះ ក៏មានការធ្វើតេស្ដដែរ ដូចជាការធ្វើតេស្តរកសារធាតុញៀន មុនបុគ្គលម្នាក់ត្រូវចូលធ្វើការ ហើយជារៀងរាល់មួយឆ្នាំម្ដង គឺស្ថាប័ន ឬក្រុមហ៊ុន ត្រូវធ្វើតេស្តរកសារធាតុញៀនលើបុគ្គលិករបស់ខ្លួន ដោយមិនគិតប្រាក់។
លោក គឹមអេង បញ្ជាក់ថា ៖ «ខ្ញុំយល់ថា ការដែលយើងត្រូវធ្វើតេស្ដ គឺត្រូវតែមានការរៀបចំយន្តការច្បាស់លាស់ ហើយនិងមានការលើកទឹកចិត្ត ជាពិសេសសេវារបស់រដ្ឋដែលមានស្រាប់ ត្រូវតែផ្ដល់ឱ្យគេធ្វើតេស្តដោយមិនយកប្រាក់ ហើយខាងអាជ្ញាធរជាតិ ក៏មិនអាចទៅធ្វើបានដែរ ទាល់តែសហការជាមួយមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យឯកជនទាំងអស់ហ្នឹង ក្នុងការធ្វើតេស្តឱ្យទូលំទូលាយ មិនអាចយកតែមន្ទីរពេទ្យណាមួយទេ»។
លោកបន្ថែមថា ទាំងមន្ទីរពេទ្យរដ្ឋ ទាំងមន្ទីរពេទ្យឯកជន ត្រូវមានកាតព្វកិច្ចក្នុងការជួយសង្គម ទើបដំណើរការធ្វើតេស្តរកសារធាតុញៀននេះ អាចទៅរួចបាន។
បើតាមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រកាសថាទាំងស្ថាប័នរដ្ឋ និងស្ថាប័នឯកជនទាំងអស់ ត្រូវតម្រូវធ្វើតេស្តបុគ្គលិកស្វែងរកសារធាតុញៀន មុនត្រូវចូលធ្វើការ។
សម្តេចក្រឡាហោម ស ខេង ថ្លែងថា បើបុគ្គលម្នាក់ជក់គ្រឿងញៀន គ្មានអ្នកណាយកបុគ្គលនោះកើតទេ ទោះបីបើកឡានឱ្យក្រុមហ៊ុនក៏មិនបាន ចូលមន្ត្រីរាជការក៏មិនបាន។ មួយទៀត ទៅធ្វើការនៅតាមភោជនីយដ្ឋាន សណ្ឋាគារ គឺធ្វើតេស្តទាំងអស់។ នេះជាវិធានការរារាំងមួយក្នុងការប្រើប្រាស់គ្រឿងញៀន ហើយនេះជាគោលការណ៍មួយដែរ ជាវិធីសាស្ត្រមួយដែលដាក់ច្បាប់នេះឱ្យតឹងរ៉ឹង ហើយប្រហែលវិសោធនកម្មច្បាប់គ្រឿងញៀនបន្ថែមចូលចំណុចនេះ។ សម្តេក្រឡាហោម ស ខេង ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃវិទ្យាល័យសម្ដេចតេជោហ៊ុនសែនភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២៕
ដោយ៖ ជា សុខនី


