ម្ហូបអាហារគ្មានសុវត្ថិភាព គឺជាបញ្ហាដ៏ចម្បងដែលគំរាមកំហែងដល់សុខភាពសារធារណៈនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ បានលើកឡើងថា សុវត្ថិភាពចំណីអាហារគឺជាបញ្ហានិងកង្វល់រួម ដែលតម្រូវឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវពួតដៃធ្វើការរួមគ្នាដើម្បីដោះស្រាយ។ទន្ទឹមគ្នានេះ ភាគីពាក់ព័ន្ធ បានអះអាងថា បញ្ហាម្ហូបអាហារគ្មានសុវត្ថិភាព វាជាការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ ដែលអាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូបផងដែរ។

ការលើកឡើងនេះត្រូវបានបង្ហាញឡើងនៅក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៩ ក្រោមប្រធានបទ៖ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។  

ថ្លែងក្នុងទិវានោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានចាត់ទុកថា ម្ហូបអាហារដែលមានសុវត្ថិភាព បានផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព សុខុ​មាល​​​ភាពរបស់មនុស្ស និងមានអត្ថប្រយោជន៍ពេញលេញពីគុណតម្លៃអាហារូបត្ថម្ភ  និងរីករាយ​ក្នុងការទទួល​ទានអាហារ។ ប៉ុន្តែបើចំណីអាហារនោះគ្មានសុវត្ថិភាពវិញ គឺបានបង្កើតវដ្តដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់ស្ថានភាពអាហារូបត្ថម្ភរបស់ជនងាយរងគ្រោះបំផុត។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា៖ «ម្ហូបអាហារគ្មានសុវត្ថិភាព គឺជាមូលហេតុបណ្តាលឱ្យមានជំងឺជាច្រើន និងប៉ះពាល់ដល់សុខភាព ដូចជាការលូតលាស់រាងកាយ និងការអភិវឌ្ឍប្រាជ្ញាស្មារតីមានកម្រិតខ្សោយ កង្វះមីក្រូសារជាតិ បង្កឱ្យមានជំងឺមិនឆ្លង ជំងឺឆ្លង និងជំងឺផ្លូវចិត្ត។ ជាងនេះទៀត វាជាការ​គំរាម​កំហែង​ដល់​សុខភាព​សាធារណៈ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប ហើយម្ហូបអាហារគ្មានសុវត្ថិភាពនេះដែរ ក៏បានបង្កើតភាពវិលវល់ដ៏កាចសាហាវនៃជំងឺរាករូស និងបញ្ហាកង្វះអាហារូបត្ថម្ភ ដែលគំរាមកំហែងដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ជនងាយរងគ្រោះថែមទៀត»។

ជាមួយគ្នានេះ ឯកឧត្តមថា សុវត្ថិភាពម្ហូបអាហារ បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង ដោយមានការពាក់ព័ន្ធផ្ទាល់លើប្រព័ន្ធស្បៀង គឺចាប់ពីដំណាក់កាល  ផលិត កែច្នៃ ចែកចាយ និងការរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ ។ ហេតុនេះ ការពង្រឹងប្រព័ន្ធស្បៀងអាហារ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងរបបអាហារសុខភាព គឺមានសារៈសំខាន់ណាស់ដែលតម្រូវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់។

ពាក់ព័ន្ធ នឹងការលើកឡើងនេះដែរ លោក ហ្វារីដ សេលមី (Farid Selmi) តំណាងឯកឧត្តមឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំកម្ពុជា និងជាតំណាងបណ្តាញប្រទេសផ្តល់ជំនួយនៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា បានលើកឡើងថា៖«ប្រសិន​បើគ្មាន​ការយកចិត្តទុកដាក់លើសុវត្ថិភាពម្ហូបអាហារ សន្តិសុខ​ស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែល​បានមកពីការអភិវឌ្ឍសេដ្ឋកិច្ច​នឹងត្រូវធ្លាក់ចុះ​ ដោយសារ​ការ​ខាតបង់​ដែលមិនអាច​មើលរំលងបានពី​បញ្ហាកង្វះ​អាហារូបត្ថម្ភ និង​បន្ទុក​​ចំណាយលើការថែទាំ និងព្យាបាលជំងឺ ដែលបង្កឡើងដោយការបរិភោគម្ហូបអាហារគ្មានសុវត្ថិភាព ដូចជា ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូងជាដើម»។

លោកថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យស្ថាប័នពាក់ព័ន្ធ  បង្កើតគោលនយោបាយជាតិ ស្តីពីសុវត្ថិភាព និងគុណភាពម្ហូបអាហារ និងគោលការណ៍ណែនាំនានា ស្របតាមបទប្បញ្ញត្តិបច្ចេក​ទេសម្ហូបអាហារ និងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលុប នៃសុវត្ថិភាពម្ហូបអាហារ​ចំពោះសុខភាព និងសុខុ​មាល​​​ភាពរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា តាមរយៈទិវាជាតិអាហារូបត្ថម្ភខាងលើ បានបង្ហាញថា បើផ្អែកតាមលទ្ធផលរកឃើញនៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០២១-២០២២ អត្រាក្រិសក្រិនរបស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៣២ភាគរយ មកត្រឹម២២ភាគរយ ហើយអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី២៤ភាគរយ មកត្រឹម១៦ភាគរយ ប៉ុន្តែអត្រាស្គមស្គាំង កុមារអាយុក្រោម៥ឆ្នាំ ហាក់នៅដដែល ពោលគឺ៩,៨ភាគរយ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១។ ក្នុងនោះ ម្ហូបអាហារគ្មានសុវត្ថិភាព ក៏ជាហេតុផលចម្បងមួយ បណ្តាលឱ្យកុមារកម្ពុជា មានបញ្ហាកង្វះអាហារូបត្ថម្ភផងដែរ។

ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤ ៦៩៩នាក់។

ហេតុនេះ ភាគីពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ បានចាត់ទុកថា តាមរយៈ ការប្រារព្ធទិវាជាតិអាហារូបត្ថម្ភ នាឆ្នាំនេះ នឹងលើកកម្ពស់​ការយល់​ដឹង​​​ជា​សាធារណៈ​ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស អំពីសារៈសំខាន់​នៃសុវត្ថិភាពចំណីអាហារ ក្នុងការចូលរួម​ចំណែក​អភិវឌ្ឍ​ន៍មូលធន​មនុស្ស បង្កើន​ប្រសិទ្ធភាពការងារ ជំរុញកំណើន​សេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម៕  

ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner