អ៊ុក ប៊ុនហ៊ាង អ្នកនិពន្ធវ័យក្មេងបង្ហាញឆន្ទៈនិពន្ធសៀវភៅបែបទស្សនវិជ្ជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សន្ទុះនៃការនិពន្ធសៀវភៅក្នុងរយៈបួនឆ្នាំចុងក្រោយនេះ ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ក្នុងនោះយើងសង្កេតឃើញមានអ្នកនិពន្ធវ័យក្មេងជាច្រើនបានចូលរួមបង្កើតវណ្ណកម្មថ្មីដើម្បីទុកជាស្នាដៃផង ដើម្បីជាការចែករំលែកចំណេះដឹងក៏ដូចជាបទពិសោធផ្ទាល់ខ្លួនផងដែរ។

អ្នកនិពន្ធវ័យក្មេងមួយរូបដែលជាកូន ទី ១ ក្នុងចំណោមបងប្អូនបួននាក់ លោក អ៊ុក ប៊ុនហាង មានស្រុកកំណើតនៅស្រុកស្វាយទាប ខេត្តស្វាយរៀង ។ លោកបាននិពន្ធ និងបោះពុម្ពផ្សាយស្នាដៃថ្មីជាច្រើនចំណង បានបង្ហាញពីអារម្មណ៍ក្នុងវិស័យនិពន្ធសៀវភៅថា៖ «បើសួរថាហេតុអ្វីខ្ញុំចង់ក្លាយជាអ្នកនិពន្ធ ដូចមិនសូវជាចង់ប៉ុន្មានទេ តែបើសួរថាហេតុអ្វីខ្ញុំនិពន្ធសៀវភៅ ខ្ញុំអាចឆ្លើយបានថា៖ ទី១ ខ្ញុំយល់ថាគុណភាពចំណេះដឹងរបស់អ្នកនិពន្ធជំនាន់នេះនៅមានកម្រិតទាបនៅឡើយ ជាពិសេសអ្នកនិពន្ធសៀវភៅបែបទស្សនៈតែម្តង។ ពេលខ្លះខ្ញុំឃើញការសរសេរវែកញែកហេតុផល ការសរសេរពន្យល់ទស្សនៈ និងការបកស្រាយអំពីទស្សនៈមួយចំនួនខុស ឬទស្សនៈខ្លះសរសេរមកធ្វើឱ្យមនុស្សកើតភាពអាត្មានិយម គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ទាំងនេះជាហេតុមួយដែលខ្ញុំចង់លោតចូលក្នុងវិស័យមួយនេះ។ ទី២ ខ្ញុំគិតថាខ្ញុំអាចចែករំលែកនូវចំណេះដឹង ការយល់ឃើញ និងការកែប្រែនូវគំនិតទស្សនៈមួយចំនួនដែលខ្ញុំយល់ថាខុស យកមកសរសេរដើម្បីចែករំលែកដល់អ្នកអានឱ្យមកគិតត្រូវ និងយល់ត្រូវមកវិញ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺខ្ញុំចង់ក្លាយជាចំណែកមួយដើម្បីបង្ហាញផ្លូវដល់អ្នកអានមួយចំនួនឱ្យងាយមកអានសៀវភៅដើម្បីចំណេះដឹងច្រើនជាងអានសៀវភៅដើម្បីតែកម្សាន្តតែមួយមុខ»។

ទោះបច្ចុប្បន្នវិស័យអំណាននៅកម្ពុជាហាក់លោតឡើងបន្តិចមែនក៏លោក អ៊ុក ប៊ុនហ៊ាង យល់ដូច្នេះថា៖ «ចង់មិនចង់ខ្ញុំនៅតែយល់ថា វានៅមានកម្រិតតិចតួចនៅឡើយ។ ទោះបីចំនួនយុវជនដែលអានសៀវភៅមានការកើនឡើង តែក្នុងនោះចំនួនអ្នកដែលអាចទាញប្រយោជន៍ពីការអាននៅមានកម្រិតតិចតួចនៅឡើយ ឬយើងអាននិយាយបានមួយបែបទៀតថា អ្នកអានបច្ចុប្បន្ននៅមិនទាន់ចេះទាញប្រយោជន៍ពីការអាន ដោយអ្នកអានភាគច្រើន អានដើម្បីកម្សន្ត និងអានដើម្បីបណ្តែតអារម្មណ៍តាមសំណេរ ដោយមិនសូវផ្តោតសំខាន់លើការអានដើម្បីទទួលបានចំណេះដឹង ទទួលបានគតិ ឬទទួលបានទស្សនៈ ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ហើយបញ្ហានេះច្រើនកើនទៅលើយុវជនតែម្តង។ ត្រង់ចំណុចនេះយើងអាចនិយាយបានថា វិស័យអំណាននៅកម្ពុជាមានការកើនឡើង តែគុណភាពចំណេះដឹងនៃសៀវភៅ និងអ្នកអាន នៅមានកម្រិតទាបនៅឡើយ»។

អ្នកនិពន្ធនិងរៀបរៀងសៀវភៅរូបនេះបានបង្ហាញគុណសម្បត្តិនៃការនិពន្ធសៀវភៅបន្ថែមថា៖ «គុណសម្បត្តិនៃការតែងនិពន្ធសំខាន់បំផុតទី១ គឺការរក្សាបាននូវអក្សរសាស្ត្រជាតិ និងអត្តសញ្ញាណជាតិដែលមានសរសេរនៅក្នុងសៀវភៅរបស់អ្នកនិពន្ធ។ ហើយសំខាន់ទី២​ គឺផ្តល់ជាចំណេះដឹង ការចែករំលែក ការបង្ហាញពីវិធីសាស្ត្រ យុទ្ធសាស្ត្រ និងគតិទស្សនៈដល់អ្នកអានដើម្បីយកទៅគិតពិចារណាសម្រាប់យកទៅអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ហើយអ្វីដែលរឹតតែសំខាន់នោះ គឺធ្វើឱ្យអ្នកអានអាចក្លាយជាមនុស្សមានសមត្ថភាពដើម្បីជាជំហរដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ»។

លោក អ៊ុក ប៊ុនហ៊ាង បានបង្ហាញពីចំណាប់អារម្មណ៍ក៏ដូចជាសំណូមពរទៅកាន់អ្នកអាន និងអ្នកដែលចង់ក្លាយជាអ្នកនិពន្ធសៀវភៅយ៉ាងដូច្នេះថា៖ «សូមអ្នកអានដោយការគិតពិចារណា វិភាគវែកញែកទៅលើគំនិតទស្សនៈនីមួយៗដែលអ្នកបានអាននៅក្នុងសៀវភៅ ជាជាងជឿគ្រប់រឿងដែលអ្នកបានអាន។ ការអានគឺជាចំណែកមួយដែលធ្វើឱ្យសមត្ថភាពខួរក្បាលរបស់អ្នកមានកម្លាំងក្នុងគិតវិភាគវែកញែក។ ដូច្នេះសូមអ្នកយកការអានរបស់អ្នក ប្រែក្លាយឱ្យទៅជាប្រយោជន៍ចំណេះដឹងពង្រឹងសមត្ថភាព ជាជាងអានដើម្បីកម្សាន្ត ឬអានដើម្បីតែបណ្តែតអារម្មណ៍។ សូមធ្វើជាអ្នកអានដែលមានគុណភាព កុំអានដើម្បីតែអាន ហើយចុងក្រោយអត់មានទទួលបានអ្វីទាំងអស់ ហើយជាចុងក្រោយសម្រាប់អ្នកដែលគិតចង់ក្លាយខ្លួនជាអ្នកនិពន្ធ រឿងដំបូងដៃបំផុតដែលអ្នកគួរតែគិតមុនគេ មុនអ្នកចាប់ផ្តើមសរសេរសៀវភៅ នោះគឺប្រយោជន៍, ជំហរ និងតម្លៃរបស់អ្នកអាន។ ប្រយោជន៍ គឺប្រយោជន៍សម្រាប់អ្នកអាន តើអ្នកដែលអានសៀវភៅយើង ពួកគេនឹងទទួលបានប្រយោជន៍អ្វីខ្លះពីសៀវភៅយើង? ជំហរ គឺជំហរដែលយើងជាអ្នកនិពន្ធចង់ផ្តល់ឱ្យទៅអ្នកអាន។ ផ្តល់ជាចំណេះដឹង ផ្តល់ជាគតិទស្សនៈដើម្បីដុសខាតពង្រឹងសមត្ថភាព និងផ្តល់ជាស្មារតីក្នុងសំណេរ។ តម្លៃរបស់អ្នកអាន តម្លៃនៃការនាំអ្នកអានឱ្យក្លាយជាមនុស្សដែលមានមនសិការ ក្នុងសំណេរត្រូវតែធ្វើឱ្យមនុស្សកើតឬកើនបញ្ញា មិនធ្វើឱ្យអ្នកអានជាប់ប្រយោជន៍ផ្ទាល់ខ្លួនឬអាត្មានិយម គិតតែពីខ្លួនឯង។ រុញអ្នកអានឱ្យរស់នៅក្លាយជាមនុស្សមានតម្លៃ រស់ជាជំហរដល់មនុស្សជុំវិញខ្លួន និងសង្គមជាតិ»។

លោក អ៊ុក ប៊ុនហ៊ាង មានស្នាដៃជាច្រើន ហើយស្នាដៃសំខាន់ៗមានដូចជា៖ 

១. ភ្លេចគិត (ភាគ១ និង ភាគ២)៖ ជាសៀវភៅជួយឱ្យចេះឈ្វេងយល់ពីរបៀបនៃការគិត និងរឿងរ៉ាវជាច្រើនទៀតដែលមនុស្សមួយចំនួនធំមិនបានត្រៀមខ្លួនគិត ឬទទួលយកមិនបាន។ បង្ហាញអំពីការគិតបែបវិជ្ជមាន និងបែបផែននៃការគិតមួយចំនួនដែលធ្វើឱ្យអ្នកមើលឃើញពីចន្លោះប្រហោង។

២. ជម្រៅនៃការគិត៖ ផ្តោតសំខាន់ទៅលើរឿងរ៉ាវនៃការគិតរបស់មនុស្ស។ បង្ហាញពីការយល់ថាជីវិតរស់នៅរបស់មនុស្ស រឿងដែលចំាបាច់ និងសំខាន់ជាគេ នោះគឺការគិតនេះឯង ព្រោះថាមនុស្សរស់នៅប្រកបដោយសេចក្តីសុខឬអត់ និងទទួលបានជោគជ័យឬអត់ ស្ថិតនៅលើការគិតនេះដែរ។ សៀវភៅមួយក្បាលនេះ នឹងនាំអ្នកអានឱ្យដើរទៅរកភាពជាម្ចាស់ការលើខ្លួនឯង ក៏ដូចជារបៀបមួយចំនួនដែលអាចឱ្យអ្នកយកទៅអនុវត្ត ដើម្បីពង្រឹងសមត្ថភាពនៃការគិតបែបស៊ីជម្រៅបាន។ គំនិតគតិបណ្ឌិត ឬទស្សនៈនៃការគិត ដែលបង្រៀនឱ្យមនុស្សចេះរក្សាតម្លៃខ្លួនឯង ចេះគិតបានជ្រៅលើបញ្ហាដែលខ្លួនជួបប្រទះ និង រួចផុតពីការឆបោករបស់ជនខិលខួចមួយចំនួន។ ដឹងថាអ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ដឹងខុសដឹងត្រូវ និងដឹងពីជីវិតពិតនៃការរស់នៅក្នុងភាពជាមនុស្សផងដែរ។

សៀវភៅរៀបរៀង និងស្រាវជ្រាវ

១. ផ្នត់គំនិតមេដឹកនាំ៖ អត្ថន័យ និងចំណុចសំខាន់ៗនៅក្នុងសៀវភៅមួយក្បាលនេះ គឺកើតចេញពីបទពិសោធចំណេះដឹង និង ការសិក្សាស្រាវជ្រាវជាច្រើនដែលអ្នកនិពន្ធបានសិក្សានិងជួបប្រទះ។ ហើយសៀវភៅមួយក្បាលនេះនឹងនាំអ្នកអានឱ្យដើរទៅរកភាពជាម្ចាស់ការលើខ្លួនឯង ក៏ដូចជារបៀបមួយចំនួនដែលអាចយកទៅអនុវត្តដើម្បីពង្រឹងសមត្ថភាពនៃការគិត និងការដើរតាមក្តីស្រមៃរបស់ខ្លួន។

២. ផ្តើមពីសូន្យ៖ សៀវភៅនេះគឺសិក្សាផ្តោតសំខាន់ទៅលើការកសាងខ្លួនមុននឹងចាប់ផ្តើមប្រកបអាជីវកម្មអ្វីមួយផ្ទាល់ខ្លួនដែលជាក្តីស្រមៃរបស់អ្នក។ អត្ថន័យ និងចំណុចសំខាន់ៗនៅក្នុងសៀវភៅមួយនេះគឺកើតចេញពីរបទពិសោធន៍ ចំណេះដឹង និងការសិក្សាស្រាវជ្រាវជាច្រើន ដែលផ្តោតសំខាន់ទៅលើ៣ចំណុចធំៗរួមមាន៖ ការកសាងខ្លួនទៅលើភាពជាអ្នកដឹកនាំ ការកសាងសមត្ថភាព និងការចាប់ផ្តើមនៃការចេញរកស៊ីដំបូងៗ។

៣. ស៊ូតុងប៉៖ សៀវភៅនេះ ផ្តល់ឱ្យអ្នកអានបានដឹង និងបានយល់ពីប្រវត្តិនៃការរស់នៅរបស់អ្នកប្រាជ្ញស៊ូ តុងប៉ ថែមទាំងបង្ហាញពីរបៀបនៃការដោះស្រាយបញ្ហាផ្សេងៗដែល ស៊ូ តុងប៉ បានដោះស្រាយបញ្ហាមួយទៅបញ្ហាមួយផងដែរ។ ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះ គឺសៀវភៅនេះបានបង្ហាញនូវគំនិតល្អៗជាច្រើនដែលអាចឱ្យអ្នកអានអាចយកទៅគិតពិចារណា និងប្រៀបធៀបពីតថភាពនៃសង្គមរស់នៅរបស់មនុស្សបច្ចុប្បន្ន ក៏ដូចជាអាច ឆ្លុះមើលខ្លួនឯងបាន។

សូមរម្លឹកថា លោក អ៊ុក ប៊ុនហ៊ាង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យមេគង្គកម្ពុជា។ បច្ចុប្បន្ន លោកជា អ្នកនិពន្ធ និងជានាយកគ្រឹះស្ថាន Business Record។ ប្រសិនបើមិត្តអ្នកអានចាប់អារម្មណ៍ចង់ជាវសៀវភៅអានពីអ្នកនិពន្ធ សូមទាក់ទងតាមរយៈ 069 607 407៕

ដោយ៖ហ៊ួន ស៊ីឡូន

ads banner