ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងប្រារព្ធពិធីសម្ពោធជានិមិត្តរូប នាឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីចិន នៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុងព្រះសីហនុ នឹង​ត្រូវ​សម្ពោធ​ជា​និមិត្តរូប​បើក​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នឹង​ត្រូវ​ធ្វើ​ឡើង​នា​ឱកាស​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា របស់​ឯកឧត្តម  លី ខឺឈាង នាយករដ្ឋមន្ដ្រី​ចិន ដែល​មាន​រយៈ​ពេល​បីថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០២២​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២​នេះ​។

គួរ​បញ្ជាក់​ជូន​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​នាយករដ្ឋ​មន្ដ្រី​ចិន លី ខឺឈាង មក​កាន់​កម្ពុជា នា​ពេល​ខាង​មុខ​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​សម្តេចតេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន។ ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម លី ខឺឈាង នឹងអញ្ជើញ​ថ្វាយបង្គំគាល់ព្រះករុណា ព្រះបាទសម្តេចព្រះ​បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។

ក្រៅពី​នោះ លោក​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីកម្ពុជានៅវិមានសន្តិភាព ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាកង្វល់រួម។ នៅចុងបញ្ចប់នៃជំនួប ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយ​ចំនួន និងក្នុងពិធីសម្ពោធជានិមិត្តរូបបើកឱ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ។

សូម​ជម្រាប​ថា ផ្លូវល្បឿនលឿនពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ក្រុង​ព្រះសីហនុ មានតម្លៃជាង២.០០០លានដុល្លារ និងត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd។ ក្រសួងសាធារណការបានបញ្ជាក់ថា ផ្លូវមានប្រវែង១៨៧គីឡូម៉ែត្រនេះ បានភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅភូមិ១ សង្កាត់លេខ៣ នៃក្រុងព្រះសីហនុ។

នៅក្នុងរយៈពេលមួយខែតុលា នៃការបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានទទួលយានយន្តចំនួនជិត ៤៤ម៉ឺនគ្រឿង។ ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានចាប់ផ្តើម​គិតថ្លៃសេវាធ្វើដំណើរ ចាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ ក្រុមហ៊ុនក៏មានការបញ្ចុះតម្លៃសេវាចំនួន ២០ភាគរយ ជូនដល់បងប្អូនអ្នកធ្វើដំណើរផងដែរ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការបរទេស​កម្ពុជា​ដដែល ក្រៅ​ពី​ការ​សម្ពោធ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញទៅ​ក្រុង​ព្រះសីហនុ លោក​នាយករដ្ឋ​មន្ដ្រី​ចិន ក៏​នឹងធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ធ្វើជាអធិបតីជាមួយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងពិធីប្រគល់គម្រោងស្ថាបនាឡើងវិញ នៃប្រាសាទតាកែវផងដែរ៕

ដោយ៖កែវ កិរិយា

ads banner