លោក ស៊ី ជីនពីង បញ្ជាក់យ៉ាងច្បាស់ទៅកាន់រុស្ស៊ីថា គ្មានទេការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន
ចិន៖កាលពីថ្ងៃសុក្រ លោក ស៊ី ជីនពីង បានលើកឡើងក្នុងអំឡុងពេលជួបជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ថា៖ «ដើម្បីជៀសវាងវិបត្តិនុយក្លេអ៊ែរកើតឡើងនៅតំបន់អឺរ៉ាស៊ី សង្គ្រាមនុយក្លេអ៊ែរនឹងមិនត្រូវផ្ទុះឡើងនោះទេ»។ ការលើកឡើងបែបនេះ គឺចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សង្គ្រាមនៅអ៊ុយក្រែន អាចនឹងវិវត្តទៅជាសង្គ្រាមនុយក្លេអ៊ែរ។ ជាក់ស្ដែងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានប្តេជ្ញាថារុស្ស៊ីនឹងប្រើប្រាស់ប្រព័ន្ធសព្វាវុធទាំងអស់ដែលខ្លួនមាន ប្រសិនបើបូរណភាពទឹកដីរុស្ស៊ីត្រូវបានគំរាមកំហែង។
លោក ស៊ី ជីនពីង បានបន្តថា៖ «សហគមន៍អន្តរជាតិគួរតែរួមគ្នាប្រឆាំងនឹងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ (Xinhua)។ ទោះជាយ៉ាងណា អត្ថបទរបស់សារព័ត៌មានរដ្ឋចិន ស៊ិនហួ មិនបានរិះគន់ចំៗទៅលើប្រទេសរុស្ស៊ី ឬប្រទេសណាមួយជាក់លាក់នោះទេ។
យោងតាមប្រភពដដែលបានឱ្យដឹងថា លោក ស៊ី ជីនពីង ក៏បាននិយាយទៅកាន់លោក Scholz ផងដែរថា ប្រទេសចិនបានគាំទ្រតួនាទីដ៏សំខាន់របស់អឺរ៉ុបក្នុងការជំរុញឱ្យមានកិច្ចចរចាសន្តិភាពជុំវិញបញ្ហានៅអ៊ុយក្រែន និងក្នុងការបង្កើតក្របខ័ណ្ឌសន្តិសុខអឺរ៉ុប ប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។ សេចក្តីថ្លែងការណ៍របស់លោក ស៊ី ជីនពីង ជាការរម្លឹកឡើងវិញនូវការសន្យារបស់ចិន ក៏ដូចជាបារាំង រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិក ដែលបានលើកឡើងកាលពីខែមករា ឆ្នាំ២០២២ ថា អាវុធនុយក្លេអ៊ែរត្រូវតែប្រើប្រាស់ក្នុងគោលបំណងការពារខ្លួនតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ សមាជិកអចិន្ត្រៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឬហៅកាត់ថា P5 បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «បើសិនជាសង្រ្គាមនុយក្លេអ៊ែរផ្ទុះឡើង នឹងគ្មានប្រទេសណាមួយឈ្នះនោះទេ។ ដូច្នេះវាមិនត្រូវកើតឡើងឡើយ»។
គួរដឹងដែរថា ចិនតែងតែរក្សាគោលនយោបាយរបស់ខ្លួនដែលថា ខ្លួននឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ ហើយក៏មិនគំរាមកំហែងរដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែ បណ្ដាប្រទេសលោកខាងលិចនៅតែមានការព្រួយបារម្ភ ដោយសារតែកង្វះតម្លាភាពរបស់ចិនជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ដោយឡែក បើទោះបីជាលោក ពូទីន ធ្លាប់បានគំរាមប្រើប្រាស់អាវុធទាំងអស់ដែលខ្លួនមាន ប៉ុន្តែកាលពីខែមុន លោកបានបដិសេធថាមិនមានចេតនាប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែនទេ។
រុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនផងដែរ ពីបទរៀបចំផែនការវាយប្រហារដោយប្រើ គ្រាប់បែកវិទ្យុសកម្ម ក្នុងគោលបំណងបំពុលសត្រូវ ជាជាងបណ្ដាលឱ្យសត្រូវស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។ ប៉ុន្តែ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានច្រានចោលការអះអាងរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការស៊ើបអង្កេតមួយត្រូវបានបញ្ចប់ទៅថ្មីៗនេះ។
គួរបញ្ជាក់ផងដែរថា លោក Scholz គឺជាមេដឹកនាំអឺរ៉ុបដំបូងដែលបានទៅទស្សនកិច្ចនៅប្រទេសចិនចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើម ហើយលោកបាននិយាយថា៖ «ទីក្រុងប៊ែរឡាំង និងទីក្រុងប៉េកាំងបានយល់ស្របជាមួយគ្នាថា ការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាទង្វើដែលគ្មានការទទួលខុសត្រូវ និងគ្រោះថ្នាក់បំផុត»។
កាលពីថ្ងៃសុក្រ អធិការបតីអាល្លឺម៉ង់រូបនេះបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ខឹឈាង (Li Keqiang) ថា៖ «ខ្ញុំបាននិយាយទៅកាន់លោកប្រធានាធិបតី ស៊ី ជីនពីង ថា វាជារឿងសំខាន់សម្រាប់ប្រទេសចិនក្នុងការបញ្ចេញឥទ្ធិពលរបស់ខ្លួនទៅលើប្រទេសរុស្ស៊ី ហើយវាគឺជាគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលយើងទាំងអស់គ្នាបានព្រមព្រៀងគ្នា ក្នុងនោះរួមមាន អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនីមួយៗ។ ទាំងនេះគឺជាបញ្ហាដ៏សំខាន់ចំពោះប្រទេសចិនផងដែរ»។
គួររម្លឹកផងដែរថា នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅក្នុងគេហទំព័រ The Politico នៅមុនដំណើរទស្សនកិច្ចមួយថ្ងៃរបស់គាត់ លោក Scholz បានលើកឡើងថា «ប្រទេសចិនបានទទួលយកទំនួលខុសត្រូវពិសេសមួយ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
កន្លងមក បើទោះបីជាប្រទេសចិនមិនបានផ្តល់ជំនួយយោធាដោយផ្ទាល់ដល់រុស្ស៊ី និងមិនបានទទួលស្គាល់តំបន់មួយផ្នែករបស់អ៊ុយក្រែនដែលត្រូវបានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ីក៏ដោយ ក៏ចិនតែងតែរិះគន់លោកខាងលិចម្តងហើយម្តងទៀត ចំពោះការមិនអើពើពីសន្តិសុខរបស់ទីក្រុងម៉ូស្គូ និងបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដែលជាការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយចិនក៏បានលើកឡើងអំពីការរៀបរាប់របស់វិមានក្រឹមឡាំងជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែមិនបានប្រើពាក្យថាវាជាការឈ្លានពាននោះទេ។ លោក Noah Barkin អ្នកជំនាញចិនម្នាក់នៅក្នុងក្រុមហ៊ុន Rhodium Group ដែលជាក្រុមហ៊ុនស្រាវជ្រាវមានមូលដ្ឋាននៅទីក្រុងញូវយ៉កបាននិយាយថា៖ «លោក Scholz នឹងមើលឃើញពីជំហរបដិសេធរបស់ចិន ចំពោះការប្រើប្រាស់ និងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីយកឈ្នះសត្រូវ»។
លោកបានបន្តថា៖ «ប៉ុន្តែយើងមិនដឹងថា តើចិននឹងមានឥទ្ធិពលលើលោក វ្ល៉ាឌីមៀ ពូទីន ឬយ៉ាងណានោះទេ ហើយថាតើភាពតានតឹងនៅអ៊ុយក្រែននឹងនាំឲ្យទីក្រុងប៉េកាំងឃ្លាតឆ្ងាយពីទីក្រុងមូស្គូដែររឺយ៉ាងណានោះទេ។ ជាមេរៀនកាលពីឆ្នាំកន្លងទៅគឺថា លោក ស៊ី ជីនពីង នឹងនៅខាងលោក ពូទីន ដោយប្រើយុទ្ធសាស្ត្រ ក្រាស់ និងស្តើង»។
លោក ស៊ី ជីនពីង ក៏បានគូសបញ្ជាក់ទៅកាន់លោក Scholz ថា៖ «យើងត្រូវតែធ្វើការរួមគ្នាដើម្បីធានាឱ្យឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកមានស្ថេរភាព និងទប់ស្កាត់ការជ្រៀតជ្រែកដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ស្បៀងអាហារ និងហិរញ្ញវត្ថុសកលដែលនឹងប៉ះពាល់ដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងជាពិសេសស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃប្រទេសកំពុងអភិវឌ្ឍន៍»។
សម្រាប់ប្រទេសចិន ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិសុខជាតិ ត្រូវដើរទន្ទឹមគ្នា។ ហើយគោលលទ្ធិសន្តិសុខជាតិរបស់លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍ធានាបាននូវសន្តិសុខ ហើយសន្តិសុខធានាបាននូវការអភិវឌ្ឍន៍ជានិរន្តរ៍របស់ប្រទេសជាតិ។
ចិនយល់ឃើញជុំវិញបញ្ហាសន្តិសុខជាតិថា មិនត្រឹមតែទាក់ទងនឹងការការពារបូរណភាពទឹកដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឱ្យបាននូវខ្សែសង្វាក់ផ្គត់ផ្គង់មានសុវត្ថិភាព និងរួចផុតពីការដាក់ទណ្ឌកម្មពីបរទេស និងអាចអភិវឌ្ឍដោយខ្លួនឯងបានលើវិស័យស្បៀងអាហារ ថាមពល និងបច្ចេកវិទ្យាជាដើម៕
ដោយ៖ធា សុខណា