សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងមួយកន្លែង បើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ឃាត់ខ្លួនមុនស្ស ៥នាក់
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣ និង៥០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ រួមទាំងបានដក់ហូតសម្ភារៈមួយចំនួន ក្នុងបទល្មើសជាក់ស្តែង ទីតាំងមួយកន្លែង បើកលេងល្បែងស៊ីសងដោយខុសច្បាប់ (ចាក់ភ្នាល់មាន់ជល់) ប្រព្រឹត្តនៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវបេតុង នៅភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ឱ្យដឹងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងចំនួន ៥នាក់ ដែលឃាត់ខ្លួនបាន រួមមាន៖ ១-ឈ្មោះ សេម សាវី ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។ ២-ឈ្មោះ មឿន ប៊ុនធា ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ៣-ឈ្មោះ ផុន រដ្ឋា ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ៤-ឈ្មោះ ដួង វិឆៃ ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួសជុលម៉ូតូស្នាក់នៅផ្ទះលេខ១៧អា ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ និង៥-ឈ្មោះ ភាគ សាវ៉ាត ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ វត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញ ដកហូតយកបាន រួមមាន៖ ជញ្ជីងសម្រាប់ថ្លឺងមាន់ចំនួន០១, បង់រុំជើងមាន់មួយចំនួន, និងសត្វមាន់ចំនួន០២ក្បាល។
បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុដែលដកហូតយកបានខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យ កំពុងតែធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕ ដោយ៖ ឆៃហួត និងប៊ុនធី