មន្ត្រីជាន់ខ្ពស់ នៃគណកម្មការទី១០ នាំអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្តល់ជូនកុមារកំព្រា២៥០នាក់នៅខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ពិតណាស់ថា ចៅៗបានបាត់បង់ឪពុក ឬម្តាយ និងក្រុមគ្រួសារទាំងមូល តែសូមចៅៗមិនត្រូវបាក់ទឹកចិត្តទេ ពីព្រោះចៅៗនៅមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលតែងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ចៅៗ។ ចៅៗនៅមានថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅចាំការពារ និងថែរក្សាពិសេសចៅៗនៅមានម៉ែដោះនៅចាំមើលថែរក្សា និងស្រឡាញ់ចៅៗដូចជាកូនបង្កើតរបស់ខ្លួនឯង ។
នេះបើយោងតាមសម្តីរបស់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណកម្មការអង្កេតនិងបោសសំអាត ប្រឆាំងអំពើរពុករលួយ និងជាអ្នកនាំពាក្យនៃព្រឹទ្ធសភាតំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ក្នុងឱកាសចុះសួរសុខទុក្ខនិងចែកអំណោយដល់កុមារកំព្រានៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ចៅៗគ្មានអ្វីត្រូវបារម្ភទេព្រោះចៅមានអ្នកគិតគូនិងថែរក្សាហើយ ដូច្នេះអ្វីដែលចៅត្រូវធ្វើបន្តដើម្បីអនាគតភ្លឺស្វាងគឺត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រស្ដាប់ការណែនាំរបស់លោកគ្រូ អ្នកគ្រូ មាតាបិតានិងត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ ក្លាយជាទំពាំងស្នងឬស្សីជសពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀននិងក្រុមបងតូចបងធំ។
មួយវិញទៀតចៅៗត្រូវចេះស្រឡាញ់រាប់អានគ្នា ចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមកនិងចេះរស់នៅប្រាកបដោយអនាម័យ។ព្រោះអនាម័យនាំឱ្យយើងមានសុខភាពល្អ អនាម័យនាំឱ្យយើងជៀសផុតពីជម្ងឺឆ្លងនានា អនាម័យនាំឱ្យសេដ្ឋកិច្ចយើងរីកចម្រើន ៕ ម៉ុន សំអាន

