ការបរិច្ចាគក្នុងកម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន» កើនឡើងដល់ជាង១០ម៉ឺនដុល្លារ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានកើនឡើងដល់ជាង១០ម៉ឺនដុល្លារហើយ។ នេះបើតាមការប្រកាសរបស់ក្រុមការងារ Run With Sai កាលពីថ្ងៃសៅរ៍ ទី៥ វិច្ឆិកា ឆ្នាំ២០២២។
សូមជម្រាបថា កម្មវិធី «រត់ជាមួយសាយ ៤សែនជំហាន ភ្នំពេញ-សៀមរាប» បានបិទបញ្ចប់តាំងពីថ្ងៃទី៣០ ខែតុលា កន្លងទៅមកម្ល៉េះ បន្ទាប់ពីតារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានចំណាយពេលប្រាំបួនថ្ងៃ រត់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយទ្រទ្រង់ដល់ការព្យាបាលជំងឺមហារីកលើកុមារ នៅមន្ទីរពេទ្យកុមារអង្គរ។
នៅថ្ងៃទី៣០ ខែតុលា ដែលជាថ្ងៃបិទបញ្ចប់នៃកម្មវិធី ចំនួនថវិកាបរិច្ចាគមានត្រឹមតែជាងប្រាំមួយម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែលោក អ៊ួន បឋម ហៅ សាយ បានគូសបញ្ជាក់នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកានេះថា ការបរិច្ចាគនៅតែធ្លាក់មកជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃទី៤ ខែវិច្ឆិកា ចំនួនថវិកាបរិច្ចាគបានកើនឡើងដល់ជាង១០ម៉ឺនដុល្លារ ហើយលោករំពឹងទុកថា ចំនួននេះនឹងបន្តកើនឡើងទៀតនាពេលខាងមុខ។
លោក សាយ បានថ្លែងអំណរគុណចំពោះរាល់ការបរិច្ចាគទាំងអស់ និងសូមលើកទឹកចិត្តប្រជាជនទាំងអស់ ឱ្យរួមគ្នា បរិច្ចាគបន្ថែមបន្តទៀត ព្រោះតម្រូវការរបស់មន្ទីរពេទ្យគឺចាំបាច់ត្រូវការថវិកាចំនួន ៣០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ផ្នែកជំងឺមហារីកសម្រាប់រយៈពេលមួយឆ្នាំ។ បើតាមលោក អ៊ួន បឋម ហៅ សាយ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទោះតិចក្ដីច្រើនក្ដី គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា។
មុននឹងរត់បួនសែនជំហានពីភ្នំពេញទៅកាន់ខេត្តសៀមរាបកាលពីខែមុននេះ លោក សាយ ធ្លាប់ចំណាយពេល៩៧ថ្ងៃរត់ជុំវិញប្រទេសកម្ពុជាម្ដងរួចមកហើយ កាលពីឆ្នាំ២០២០ និងរៃអង្គាសបានថវិកាចំនួន ៥០ ម៉ឺនដុល្លារ សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលប្រឈមនឹងការខ្វះខាតថវិកាដើម្បីផ្ដល់សេវាព្យាបាលជំងឺដល់កុមារកម្ពុជា។
តាមរយៈការរត់រយៈចម្ងាយឆ្ងាយទាំងពីរលើកនេះ លោក អ៊ួន បឋម ត្រូវប្រឈមនឹងគ្រោះថ្នាក់ផ្នែកសុខភាព ជាពិសេសគឺជង្គង់ និងជើងរបស់លោកទាំងសងខាង។ បើតាមតារាចម្រៀងដែលមានចិត្តសប្បុរសរូបនេះ ក្រុមវេជ្ជបណ្ឌិតជំនាញបានព្រមានមិនឱ្យលោករត់រយៈចម្ងាយឆ្ងាយទៀតឡើយ ព្រោះបើពុំដូច្នោះទេ ជើងទាំងសងខាងរបស់លោកអាចនឹងមានបញ្ហាជារៀងរហូត។
បើទោះបីជាយ៉ាងដូច្នេះក៏ដោយ លោក អ៊ួន បឋម បញ្ជាក់ថា៖ «បើទោះបីជាខ្ញុំមានបញ្ហាជើងទាំងសងខាងជារៀងរហូត ក៏ខ្ញុំអាចមើលថែខ្លួនឯងបានដែរ ប៉ុន្តែខ្ញុំមិនអាចមើលថែកុមារកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរបាននោះទេ។ កិច្ចការងារនេះរំពឹងលើប្រជាជនកម្ពុជាទាំងមូលហើយ»៕
ដោយ៖កែវ កិរិយា
