ឥណ្ឌាអនុញ្ញាតឲ្យរោងម៉ាស៊ីនក្នុងស្រុកខ្លួននាំចេញស្ករសចំនួន ៦លានតោនសម្រាប់ឆ្នាំ២០២២/២៣
ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ បានអនុម័តឲ្យមានការនាំចេញស្ករសចំនួន ៦លានក្នុងឆ្នាំ ២០២២/២៣ ស្របតាមការរំពឹងទុករបស់ទីផ្សារសម្រាប់ការនាំចេញជាលើកដំបូងក្នុងឆ្នាំ ២០២២នេះ។
ឥណ្ឌាជាប្រទេសដែលបាននាំចេញស្ករសច្រើនជាង ១១លានតោនក្នុងឆ្នាំ ២០២១/២២ ដែលឧស្សាហកម្មស្ករសនេះ បានរំពឹងថា រដ្ឋាភិបាលក្រុងញូវដែល្លីនៅឆ្នាំ២០២២ នេះ នឹងអនុញ្ញាតឲ្យមានការនាំចេញដល់ទៅ ៨ ទៅ ៩លានតោនក្នុងពីរដំណាក់កាល។
គួរជម្រាបជូនថា ឥណ្ឌាជាប្រទេសអ្នកផលិតស្ករច្រើនជាងគេរបស់ពិភពលោក ហើយក៏ជាប្រទេសនាំចេញស្ករសធំទីពីរផង។
រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា រដ្ឋាភិបាលក្រុងញូវដែល្លី បានសម្រេចបែងចែកស្ករសចំនួន ៦លានតោនសម្រាប់បណ្តារោងម៉ាស៊ីនស្ករសក្នុងស្រុក ដោយផ្អែកតាមផលិតកម្មរបស់ពួកគេក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។
មន្ត្រីទទួលបន្ទុកផ្នែកឧស្សាហកម្មឥណ្ឌា បានរំពឹងថា រដ្ឋាភិបាលនឹងអនុញ្ញាតផ្តល់ឲ្យមានស្ករសប្រមាណពី ៥ ទៅ ៦លានតោនក្នុងការនាំចេញនូវដំណាក់កាលទីមួយ និងពី ២ ទៅ ៣លានតោន ទៀតសម្រាប់ការនាំចេញក្នុងដំណាក់កាលទីពីរ ដោយផ្អែកតាមផលិតស្ករស។
សេចក្តីជូនដំណឹងនេះ បានចេញផ្សាយនៅថ្ងៃសៅរ៍ ដោយមិនបានបញ្ជាក់នៅឡើយទេថា តើរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យមានការដោះដូរជាលើកទីពីរ ឬអត់ឡើយ ប៉ុន្តែតាមរយៈប្រភពពីពាណិជ្ជករនិងរដ្ឋាភិបាល បានលើកឡើងថា វាទំនងជាអាច ដោយសារតែផលិតកម្មរបស់ឥណ្ឌា ត្រូវបានកំណត់ក្នុងកម្រិតខ្ពស់បំផុតមួយ ក្នុងរយៈពេល ២ឆ្នាំជាបន្តបន្ទាប់នេះ។
ស្ថាប័នឧស្សាហកម្មស្ករសឈានមុខគេមួយបានឲ្យដឹងកាលពីខែតុលាមុនថា ឥណ្ឌាត្រូវបានគេរំពឹងថានឹងផលិតស្ករសប្រហែល ៣៦,៥លានតោននៅក្នុងរយៈកាលផលិតកម្មនេះ ដែលបានចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មក។
មន្ត្រីផ្នែកឧស្សាហកម្មឥណ្ឌាជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «ក្នុងអំឡុងពេលពិភាក្សា រដ្ឋាភិបាលបានធានាដល់ឧស្សាហកុម្មនេះថា រដ្ឋាភិបាលនឹងអនុញ្ញាតផ្យមានការនាំចេញជាលើកទី២។ នេះ ជាមូលហេតុដែលធ្វើរដ្ឋាភិបាលបានស្នើទៅដល់បណ្តារោងម៉ាស៊ីនស្ករស ធ្វើការនាំចេញស្ករស នៅមុនដំណាច់ខែឧសភា»។
សេចក្តីជូនដំណឹងនេះ បានលើកឡើងថា បណ្តារោងម៉ាស៊ីនស្ករសដែលនឹងត្រូវនាំចេញត្រូវ បែងចែកកូតាដោយខ្លួនឯង ឬតាមរយៈអ្នកនាំចេញ ឬរោងចក្រចម្រាញ់ស្ករ នៅមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
ដោយរំពឹងទុកថា នឹងមានការអនុញ្ញាតឲ្យមានការនាំចេញស្ករស ចន្លោះពី៥ ទៅ៦លានតោន ក្នុងរដូវកាលថ្មីនេះ ពាណិជ្ជករស្ករស បាននាំគ្នាផ្តើមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញនានារួចទៅហើយ។
លោក Praful Vithalani ប្រធានសមាគមពាណិជ្ជកម្មស្ករឥណ្ឌា បានគូសបញ្ជាក់ដូច្នេះថា៖ «ស្ករសរបស់ឥណ្ឌានឹងទទៅកាន់ប្រទេសជាច្រើននៅប៉ែកអាស៊ី អាហ្រ្វិក និងនៅតំបន់មជ្ឈឹមបូព៌ា»។
លោកបន្តថា៖ «ដោយសារការនាំចេញមានភាពលឿនរហ័ស រហូតមកដល់ពេលនេះ វាហាក់ដូចជារោងម៉ាស៊ីនស្ករសអាចនឹងនាំចេញស្ករសបាន ៦លានតោន នៅពេលដែលដែលការផ្គត់ផ្គង់របស់ប្រទេសប្រេស៊ីលវាយលុកទីផ្សារស្ករសពិភពលោក»៕ សំបាន ច័ន្ទដារ៉ា
ប្រភព៖ https://www.reuters.com/markets/commodities/india-allows-sugar-exports-6-mln-t-202223-2022-11-05/