មណ្ឌលសុខភាពចំនួន៣ នៅខេត្តឧត្តរមានជ័យ ទទួលបានអំណោយថ្នាំពេទ្យ និងសម្ភារពេទ្យមួយ ចំនួនពីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា និងសហការី រួមជាមួយសាខា កាកបាទ ក្រហមកម្ពុជា ខេត្តឧត្តរមានជ័យនាំ យក ថ្នាំពេទ្យចំនួនប្រាំមុខ និង សម្ភារពេទ្យ ចំនួនបួនមុខ ទៅប្រគល់ជូនដល់មណ្ឌល សុខភាពចំនួនបី នៅ ខេត្តឧត្តរមានជ័យ ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព របស់ប្រជាពលរដ្ឋនៅតាមតំបន់ ដាច់ ស្រយាល និងមានតម្រូវការសេវានៅតាម មណ្ឌល សុខភាពដោយឥតគិតថ្លៃ។ មណ្ឌលសុខភាពទាំង៣នោះ រួមមាន៖ មណ្ឌលសុខភាពគោកមន ស្ថិតក្នុងស្រុកបន្ទាយអំពិល, មណ្ឌលសុខភាពសំរោង ស្ថិតក្នុងក្រុងសំរោង, មណ្ឌលសុខភាពចុងកាល់ ស្ថិតក្នុងស្រុកចុងកាល់។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស, លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកនិងការថ្លែងអំណរគុណចំពោះបុគ្គលិកសុខាភិបាលនៅតាមមណ្ឌលសុខភាពទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយព្យាបាល ថែទាំ បម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានខិតខំពុះពាររួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។ ជាមួយគ្នានេះ លោកជំទាវ មានសង្ឃឹមជឿជាក់ថា អំណោយថ្នាំពេទ្យ និងសម្ភារពេទ្យទាំងអស់នេះ នឹងអាចជួយមួយផ្នែកដល់មណ្ឌលសុខភាពសម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ដើម្បីបុព្វហេតុប្រជាពលរដ្ឋ និងសង្គមជាតិយើង។

សូមបញ្ជាក់ថា មណ្ឌលសុខភាពនីមួយៗទទួលបាន ៖ Amox ២កេស, Paracetamol ១កេស, Alominium Hydro Xide ១កេស, Pulmoserum Dexane (200ml) ១កេស, Pulmoserum Adulte (150ml) ១កេស, អាវពេទ្យ ១កេស, អាវកូវីដ (PPE) ២កេស, ជែលលាងដៃ ១០កេស និងអាល់កុល ៥០លីត្រ។ អំណោយថ្នាំពេទ្យជារបស់ក្រុមហ៊ុនផលិតឱសថនៃប្រទេសបារាំង Bailly-Creat Laboratory និងសម្ភារពេទ្យជារបស់សប្បុរសជននានា៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner