ប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន១០០គ្រួសារទៀតរស់នៅខេត្តឧត្តរមានជ័យទទួលបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ ដើម្បីរួមចំណែកពង្រឹងភាពធន់របស់ សង្គមជាតិនិងកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីននៅថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០២២នេះកាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបន្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋក្រីក្រប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនចំនួន ១០០គ្រួសារទៀត រស់នៅក្នុងក្រុងស្រុកចំនួន បី នៃខេត្តឧត្តរមានជ័យ ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួនមួយលានរៀល សម្រាប់យក ទៅប្រកបមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។

សម្រាប់ឆ្នាំ២០២២នេះ នៅខេត្តឧត្តរមានជ័យ មានប្រជាពលរដ្ឋបានទទួលប្រាក់កម្ចីសរុបចំនួន ១៥០គ្រួសារ បន្ថែមពីលើប្រជាពលរដ្ឋចំនួន ៥៦គ្រួសារដែលកំពុងបង្វិលថវិកាដែលពួកគាត់ទទួលបានកាលពីឆ្នាំ២០១៩ យកទៅពង្រីកមុខរបរ ធ្វើឱ្យកម្រិតជីវភាពគ្រួសាររបស់ពួកគាត់មានភាពល្អប្រសើរឡើង។

កម្មវិធីប្រគល់-ទទួលប្រាក់កម្ចីខាងលើនេះ បាន ប្រព្រឹត្តទៅក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាហើយធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នា។គឺទីតាំងទី១ស្ថិតនៅមណ្ឌលសុខភាព គោកមន សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកបន្ទាយអំពិលចំនួន២៥គ្រួសារ,ទីតាំងទី២ស្ថិតនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ប្រជាពលរដ្ឋ រស់នៅក្រុងសំរោងចំនួន ២០គ្រួសារ និងទីតាំងទី៣ ស្ថិតនៅអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកចុងកាល់សម្រាប់ប្រជាពលរដ្ឋរស់នៅស្រុកចុងកាល់ចំនួន ៥៥គ្រួសារ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវ អគ្គលេខាធិការរងទី១បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដែល ផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹក ចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរ បង្កបង្កើន ផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់ តែប្រសើរឡើង។ លោកជំទាវ បានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ហេតុដូចនេះហើយ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការប្រកបរបរចូលព្រៃដែលប្រឈមនឹងគ្រោះថ្នាក់នានា។»

លោកជំទាវ បានគូសបញ្ជាក់ដែរថា «ឆ្លើយតប តាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះ អនុស្សរណៈប្រគល់ថវិកាចំនួនពីរលានដុល្លារ អាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រង សកម្មភាព កំចាត់មីន និងសង្គ្រោះជនពិការដោយ សារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិ ឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥។»

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់គ្រួសារយុទ្ធជន-អតីតយុទ្ធជន គ្រួសារប្រឈមនិងរងគ្រោះថ្នាក់ដោយសារមីន គ្រួសារមានពិការភាព និងគ្រួសារក្រីក្រសរុបចំនួន ៨,១១៥គ្រួសារ ដែលរស់នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល និងព្រះវិហារ ហើយដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់ដបន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។

បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមក្រុង-ស្រុកគោលដៅចំនួន១៣ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តពោធិ៍សាត់៕ ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner