ហុងកុងនឹងចូលជាសមាជិក RCEP ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មធំជាងគេលើលោកដែលផ្តួចផ្តើមដោយអាស៊ាន

ចិន៖ ហុងកុងនឹងចូលជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេក្នុងពិភពលោក ដែលរដ្ឋបាលហុងកុងនឹងផ្តើមពិភាក្សាជាមួយរដ្ឋជាសមាជិកទាំង១៥ នៅឆ្នាំ២០២៣។ វត្តមានរបស់ហុងកុងក្នុកិច្ចព្រមព្រៀង RCEP ត្រូវបានអ្នកជំនាញលើកឡើងថា នឹងជំរុញពាណិជ្ជកម្មរវាងហុងកុងផ្ទាល់ ព្រមទាំងតំបន់អាស៊ានជាពិសេស ដែលហុងកុងជាស្ពានពាណិជ្ជកម្មតភ្ជាប់ប្រទេសចិនជាមួយពិភពលោក។

កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ប្រមុខរដ្ឋាភិបាលក្រុងហុងកុងលោក John Lee Ka-chiu បានប្រកាសជាថ្មីតាមរយៈសុន្ទរកថារបស់លោកស្តីពីជំនួបដំបូងរបស់ហុងកុង-អាស៊ាន ថា ហុងកុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបណ្តាប្រទេសជាសមាជិកចំនួន១៥ របស់ RCEP ដែលជាអង្គការពាណិជ្ជកម្មសេរីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលលោកអះអាងថា បណ្តារដ្ឋជាសមាជិកបានសាទរចំពោះវត្តមានរបស់កុងកុងទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះ។

លោក John Lee Ka-chiu ថ្លែងក្នុងកម្មវិធីពិភាក្សាស្តីពីជំនួបដំបូងរបស់ហុងកុង-អាស៊ាន ដែលរៀបចំដោយកាសែត South China Morning Post ដូច្នេះថា៖ «ហុងកុងបានស្នើសុំជាផ្លូវការនូវការចូលជាសមាជិក RCEP នៅក្នុងខែមករា នៅពេលដែល RCEP ចូលធរមានសម្រាប់វិស័យសេដ្ឋកិច្ចរបស់រដ្ឋជាសមាជិកខ្លួន។ រដ្ឋសមាជិកទាំង១០ របស់អាស៊ាន ជាសមាជិកស្នូលនៃ RCEP ហើយពួកគេបានស្វាគមន៍យើង[ហុងកុង] សម្រាប់សំណើររបស់ហុងកុងក្នុងការចូលជាសមាជិកនៅមុននេះ»។

មេដឹកនាំតំបន់ស្វ័យហុងកុងរូបនេះ បន្តថា កិច្ចពិភាក្សាសំខាន់ជាមួយបណ្តារដ្ឋជាសមាជិកស្តីពីការចូលជាសមាជិកភាពនិងបញ្ហាពាក់ព័ន្ធរវាងហុងកុងនិងកិច្ចព្រមព្រៀង RCEP នេះ នឹងត្រូវកំណត់ឡើងក្នុងឆ្នាំ២០២៣ ខាងមុខ ដែលលោក Lee មានសុទិដ្ឋិនិយមខ្ពស់ថា ក្រុងហុងកុងនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំមួយនេះ ។

ប្រមុខរដ្ឋបាលហុងកុង John Lee Ka-chiu បន្ថែមថា៖ «យើងអាចបន្ថែមតម្លៃដ៏ធំសម្បើមដល់ RCEP ដោយផ្តល់តួនាទីដែលមិនអាចប្រៀបបានរបស់យើងក្នុងតួនាទីជាស្ពានពាណិជ្ជកម្មរវាងតំបន់ដីគោក[ប្រទេសចិន] និងពិភពលោកទាំងមូល ព្រមទាំងឋានៈរបស់យើងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេរបស់ពិភពលោក ហើយថែមទាំងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ចិនផង»។

គូរជម្រាបផងដែរថា អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំទី២ ជាមួយតំបន់ស្វយ័តហុងកុងតាំងពីឆ្នាំ២០១០ មកម្ល៉េះ ដែលទំហំពាណិជ្ជកម្មទ្វេភាគីហុងកុង-អាស៊ានមានទំហំលើសពី ១៦០ពាន់លានដុល្លារ កាលពីឆ្នាំមុន បើយោងតាមរបាយការណ៍រដ្ឋបាលហុងកុង។
នៅក្នុងពិធីខួបអនុស្សារីយ៍១០ឆ្នាំ RCEP នៅរាជធានីភ្នំពេញកាលពីថ្ងៃទី ០២ ដល់០៣ វិច្ឆិកា កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានស្នើដល់រដ្ឋជាសមាជិកនិងភាគីហត្ថលេខីទាំងអស់នៃអាសិបចាប់ផ្តើមពិភាក្សាសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់បន្ថែមទៀត ដើម្បីអាចឲ្យមានការស្នើសុំចូលជាសមាជិកនៅឆ្នាំ២០២៣ ក្រោយ ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា យល់ឃើញទិដ្ឋភាពវិជ្ជមាននៃការចូលជាសមាជិកភាពរបស់របស់រដ្ឋស្វយ័តហុងកុងទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នេះ បើទោះបីជាហុងកុងជាស្ថិតក្រោមអាណាព្យាបាលចិនក្តី តែជាតំបន់ដែលមានសក្កានុពលសេដ្ឋកិច្ចធំមួយដែរ ហើយជាពិសេសទីក្រុងនេះមានកំពង់ផែអន្តរជាតិដែលមានសកម្មភាពពាណិជកម្មរស់រវើក។

លោកសង្កត់ធ្ងន់ពីផលវិជ្ជមានដែលហុងកុងសម្លឹងឃើញពី RCEP៖ «ហុងកុងជាមានសេដ្ឋកិច្ចរីកចម្រើន ដូច្នេះហុងកុងមិនទទួលបានការអនុគ្រោះណាមួយក្នុងបណ្តូរពាណិជ្ជកម្ម ដូច្នេះបើហុងកុងចូលជាសមាជិក RCEP នោះហុងកុងនឹងទទួលបានការអនុគ្រោះពន្ធច្រើនពីការនាំទំនិញខ្លួនទៅបណ្តារដ្ឋជាសមាជិកកិច្ចព្រមព្រៀង ជាពិសេសហុងកុងនឹងបានការប្រើប្រាស់សេវាកំពង់ផែរបស់ខ្លួនកាន់តែប្រសើរផង»។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ មើលឃើញពីគុណតម្លៃរបស់ RCEP ដែលបើកទីផ្សារពាណិជ្ជកម្មកាន់តែធំ បន្ថែមលើសមាជិកភាពដែលមានស្រាប់ចំនួន ១៥ប្រទេស ដែលគ្របដណ្តប់ចំនួនប្រជាជនប្រមាណ ៣០% ប្រជាជនពិភពលោកទាំងមូល។ លោកបន្ថែមថា ការរីកចម្រើននេះជាភាពជោគជ័យរបស់អាស៊ានដែលខិតខំប្រឹងប្រែងស្ថាបនាកិច្ចព្រមព្រៀងនេះឡើង ជាពិសេសជាមោទនភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន២ លើកចុងក្រោយនេះ លើកគឺក្នុងឆ្នាំ ២០១២ និង២០២២ កម្ពុជាបានពង្រឹងជំហរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះឡើង។

ជាមួយគ្នានេះដែរ លោកសេង វណ្ណលី សាស្ត្រចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនិងជាអ្នកតាមដាននយោបាយអន្តរជាតិគូសបញ្ជាក់ពីប្រវត្តិនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ថា ជាកិច្ចខំប្រឹងប្រែងរបស់អាស៊ានជាងមួយទសវត្សរ៍។

លោកសេង វណ្ណលី៖ «រាប់ចាប់តាំងពី RCEP ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១១ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ហើយការចរចាបានចាប់ផ្តើមជាផ្លូវការក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១២ ដែលកម្ពុជាជាម្ចាស់ផ្ទះប្តូរវេន។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវិឌីអូដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ»។

គូររំឭកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នេះត្រូវបានចូលជាធរមានកាលពីដើមខែមករា ឆ្នាំ២០២២ ខណៈកម្ពុជាក្លាយជាប្រធានអាស៊ានវិលជុំលើកទី៣។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ដោយសមាជិកអាស៊ានទាំង១០ និងប្រទេសមិនមែនអាស៊ានចំនួន៥ រួមមានប្រទេសជប៉ុន អូស្ត្រាលី នូវែលសេឡង់ កូរ៉េខាងត្បូង និងចិន។ កិច្ចព្រមព្រៀងនេះបានគ្របដណ្តប់ប្រហែល ២៨% នៃពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងជិត ៣០% នៃចំនួនប្រជាជនពិភពលោក ហើយជាង ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) និងជិត ៣០% នៃការវិនិយោគផ្ទាល់ពីបរទេសសកល (FDI)៕
ដោយ:សំបាន ច័ន្ទដារ៉ា

ads banner