ខ្លោងទ្វារ ប្រាសាទ តាកាវ បាន ជួសជុល ហើយ ៩៧ ភាគរយ ដោយ មាន ជំនួយ ពីស្ថាប័ន ឯកជន
ភ្នំពេញ:នៅខេត្ត សៀមរាប គិត ត្រឹម ពេល នេះ ការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ សម្រេចបាន ៩៧ភាគរយ ហើយ។ នេះ បើ តាម ការ គូស បញ្ជាក់ ពី លោក ឡុង កុសល អ្នក នាំ ពាក្យ អាជ្ញាធរ ជាតិ អប្សរា នៅ ថ្ងៃ ចន្ទ ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ ។ បើ តាម លោក ឡុង កុសល អាជ្ញាធរ ជាតិ អប្សរា បាន សហការ ជាមួយ វិស័យឯកជន ចាប់ ផ្ដើ ម ជួស ជុល ខ្លោង ទ្វារនេះ ចាប់ ពីខែ មីនា ឆ្នាំ ២០២១ មក ម៉្លេះ ។ ការចូលរួមពីវិស័យឯកជននេះហើយ ទើបធ្វើឱ្យគម្រោងជួសជុល និងអភិរក្សក្លោងទ្វារតាកាវនេះអាចដំណើរការទៅបាន។
ខ្លោងទ្វារតាកាវ បានចាប់ផ្ដើមទ្រុឌទ្រោម ខូចខាតខ្លាំងជាងខ្លោងទ្វារដទៃទៀតក្នុងក្រុងអង្គរធំ។ កត្តាធម្មជាតិ កង្វះការថែទាំ ដើមឈើ បានធ្វើឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតាមួយចំនួនដួលរលំ។ រចនាសម្ព័ន្ធខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតខ្លាំង ដែលតម្រូវឲ្យមានការមើលថែ ជួសជុល និងអភិរក្ស។
លោក ឡុង កុសល បាន បញ្ជាក់ ថា ថវិកា រដ្ឋ គឺ ជា ផ្នែក មួយ ដ៏ចម្បង ក្នុង ការជួសជុល ប្រាសាទ រាល់ ថ្ងៃ ប៉ុន្តែ ប្រាសាទរបស់ យើង មាន ច្រើន ការខូចខាត ក៏ ច្រើន។ ដ្បិតតែ ការចូលរួម របស់ អន្តរជាតិ ជាលក្ខ ណៈកិច្ច សហប្រតិបត្តិការ ទ្វេ ភាគី ឬក៏ ពហុភាគី និងកិច្ចការងារ ទំនាក់ទំនង ពីផ្នែក មួយ ទៅ ផ្នែក មួយ តែង តែ មានក៏ពិតមែន ប៉ុន្តែការ ចូលរួមរបស់ វិស័យ ឯកជន គឺ ជា ការរួម ចំណែក មួយ មិនអាច ខាន បាន ។
លោក ឡុង កុសល៖ «ការចូលរួម នៃ វិស័យ ឯកជន គឺ ជាការ ចូលរួម មួយ មិនអាច ខាន បាន ដោយសារ តែ ការងារ ប្រាង្គ ប្រាសាទ ទាំង អស់ នេះ បង្ហាញពីការជឿជាក់៖ ទី១ ជឿជាក់ មកលើ អាជ្ញាធរជាតិ អប្សរា ថា ការប្រើប្រាស់ ថវិការគឺ មានប្រសិទ្ធភាព ខ្ពស់។ ទី ២ ជាការចូលរួម អំពើបុណ្យ កុសលក្នុងនាម ជា ពុទ្ធសាសនិកជន ដែល មាន ការគោរពជឿជាក់ មកលើ ព្រះពុទ្ធសាសនា ដូច្នេះ លោក ខិតខំ រួមចំណែកជួសជុលស្នាដៃ បុព្វបុរស ដូន តា ដើម្បីលោក ទទួល បាន បុណ្យ កុសល។ នេះ ហើយ គឺ ជា មូលហេតុ ចម្បង ដែលវិស័យឯកជន និង សាធារជន របស់ យើង ចូល រួម ។ សំខាន់ មួយ ទៀត គឺ ការ ចូល រួម រក្សា មរតក របស់បុព្វបុរស យើងឱ្យបានឋិតឋេរ គង់វង្ស»។
អ្នកនាំពាក្យ អាជ្ញាធរ ជាតិ អប្សរារូប នេះ បាន ថ្លែងបន្ត ថា ខ្លោង ទ្វារតាកាវ នេះ ជា ផ្នែក មួយនៃ ការ ទាក់ទាញ ភ្ញៀវទេសចរ ព្រោះ កន្លង មក មានការ ខូចទ្រុឌទ្រោម ខ្លាំង ណាស់។ ប៉ុន្តែ នៅពេលជួសជុលបានស្អាតបាត និងអាចប្រើប្រាស់បានឡើងវិញ លោក ឡុង កុសល បញ្ជាក់ថា ខ្លោងទ្វារនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរ ព្រមទាំងអាចជួយកាត់បន្ថយលំហូរចរាចរណ៍នៅក្រុងអង្គរធំបានផងដែរ។
លោក ឡុង កុសលបញ្ជាក់៖ «ខ្លោងទ្វារតាកាវ មាន រូបភាព មួយ ប្លែកពី ខ្លោងទ្វា រផ្សេងៗ ហើយ កន្លែង ហ្នឹង គឺ សម្បូរទៅដោយ ដើម ឈើ ដែល ធ្វើ ឲ្យ ទេសភាព នៅ ទីនោះ មានសម្រស់ កាន់ តែ ប្លែក មួយបែបទៀត ។ នៅ ក្លោង ទ្វារ ផ្សេង ៗ ក្លោង ទ្វា គេ រចនា សម្ព័ន្ធ គេរឹងមាំ តែមិនសូវ មាន ដើមឈើ ដោយឡែកនៅ ខ្លោងទ្វារ តាកាវ មានដើមឈើ ច្រើន» ។
បើតាមលោក ឡុង កុសល នៅពេលជួសជុលរួចរាល់និងដាក់ឱ្យប្រើប្រាស់ ក្លោងទ្វារតាកាវនឹង ចូល រួម កាត់ បន្ថយ នៅ លំហូរ ចរាចរណ៍ នៅ ក្រុង អង្គរ ធំ ដែលពី មុន មក ផ្លូវ ដែល អាច ចេញ ចូល មាន តែ បី ទេ ។ ប៉ុន្តែនៅពេលជួសជុលរួចរាល់ និងបើកដំណើរការខ្លោងទ្វារតាកាវ នោះផ្លូវចេញចូលនឹងមានទៅ ដល់ បួន ។
ក្រៅពីការជួសជុលខ្លោងទ្វារតាកាវ លោក ឡុង កុសល ក៏បានគូសបញ្ជាក់បន្ថែមដែរថា អាជ្ញាធរជាតិអប្សរាក៏កំពុងតែធ្វើការជួសជុលប្រាសាទដទៃទៀតជាច្រើន ។ ការងារ ជួសជុល និងអភិរក្ស គឺកិច្ចការងារ ចម្បង របស់ យើង ហើយ ក្នុងការងារ អភិរក្ស ជាបន្តបន្ទាប់ គឺ យើង នៅតែ មានការជួសជុល»៕
ដោយ:ហៅ សូវិទ្យា