លោក ពូទីន នឹងចូលរួមដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ជួបជុំជាមួយប្រជាជន ដើម្បីស្រាយបំភ្លឺរឿងកេណ្ឌទ័ព

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថ្លែងថា រូបលោកគ្រោងនឹងដោះស្រាយដោយផ្ទាល់ នូវទុក្ខកង្វល់របស់ប្រជាជន ដែលជាប់ពាក់ព័ន្ធនឹងការកេណ្ឌទ័ព ដោយរៀបចំកិច្ចប្រជុំជាលក្ខណៈសាធារណៈមួយ។ ការប្រមូលផ្តុំនេះ ត្រូវបានគេរំពឹងថា នឹងប្រព្រឹត្តទៅក្នុងអំឡុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់គាត់ ទៅកាន់តំបន់ Tverskaya Oblast ភាគកណ្តាល។

លោក ពូទីន បានប្រាប់អភិបាលតំបន់ លោក Igor Rudenya នៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកា ក្នុងអំឡុងកិច្ចពិភាក្សាអំពីបញ្ហាផ្សេងៗដែលទាក់ទងនឹងការកេណ្ឌកងទ័ពនាពេលថ្មីៗនេះថា ខ្ញុំពិតជានឹងជួបជាមួយប្រជាជន ហើយនិយាយជាមួយពួកគេផងដែរ។ លោកថា ប្រជាជនត្រូវតែបានស្តាប់ និងថា លោកចង់បានមតិកែលម្អលើកិច្ចខិតខំប្រឹងប្រែងកេណ្ឌទ័ព។

ទន្ទឹមគ្នា លោក ពូទីន ក៏បានអំពាវនាវឱ្យអភិបាលខេត្ត ប្រមូលទិន្នន័យទាំងអស់ភ្លាមៗ អំពីបញ្ហាដែលអាចកើតមាន ក្នុងអំឡុងនៃការប្រមូលផ្តុំ និងជូនដំណឹងដល់គាត់ជាមុន។ លោក ពូទីន ត្រូវបានគេរំពឹងថា នឹងមកដល់តំបន់ Tverskaya Oblast សម្រាប់ដំណើរការងារនៅថ្ងៃចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា លោក ពូទីន បានប្រកាសពីការបញ្ចប់ការកេណ្ឌកងទ័ពកាលពីសប្តាហ៍មុន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅពេលនោះថា ប្រទេសរុស្ស៊ីបានបំពេញតាមគោលដៅ នៃការជ្រើសរើសកងទ័ពចំនួន ៣០០,០០០នាក់ ដែលត្រូវបានកំណត់នៅក្នុងក្រឹត្យប្រធានាធិបតី។

នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ទាហានប្រមាណ ៨០,០០០នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់ប្រយុទ្ធរួចហើយ ហើយទាហានប្រមាណ ៥០,០០០នាក់ទៀត ក្នុងចំណោមពួកគេបានចូលរួមក្នុងប្រតិបត្តិការយោធា៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner