របាយការណ៍៖ មន្រ្តីសេតវិមានបានពិភាក្សាសម្ងាត់ជាមួយជំនួយការកំពូលរបស់លោក ពូទីន រឿងសង្គ្រាមអ៊ុយក្រែន

វ៉ាស៊ីនតោន៖ កាសែត Wall Street Journal រាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានជួបពិភាក្សាសម្ងាត់ក្នុងប៉ុន្មានខែថ្មីៗនេះ ជាមួយមន្ត្រីរដ្ឋាភិបាលកំពូលរបស់រុស្ស៊ី ជុំវិញការឈ្លានពានអ៊ុយក្រែន។

កាសែតនេះបានដកស្រង់សម្តីមន្ត្រីអាមេរិក និងសម្ព័ន្ធមិត្តដែលនិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានទាក់ទងជាមួយលោក Yuri Ushakov ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

ក្រុមមន្ត្រីបានបន្ថែមថា លោក Sullivan ក៏បាននិយាយជាមួយលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ផងដែរ។ កិច្ចពិភាក្សាខាងលើនេះ ត្រូវបានគេរាយការណ៍ថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយហានិភ័យ នៃជម្លោះកាន់តែរីករាលដាលធំឡើងនៅអ៊ុយក្រែន ហើយព្រមានរុស្ស៊ីប្រឆាំងនឹងការប្រើប្រាស់នុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀត។ មន្ត្រីបាននិយាយថា ពួកគេមិនមានបំណងពិភាក្សាអំពីការដោះស្រាយសង្គ្រាមនៅអ៊ុយក្រែនទេ។

សេតវិមានមិនបានបដិសេធរបាយការណ៍នេះទេ ខណៈដែលអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បានប្រាប់សន្និសីទខ្លីមួយថា រដ្ឋាភិបាលនឹងមិនធ្វើអត្ថាធិប្បាយលើកិច្ចពិភាក្សាជាក់លាក់ណាមួយឡើយ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិករក្សាសិទ្ធិក្នុងការជួបពិភាក្សាជាមួយរុស្ស៊ីនៅកម្រិតជាន់ខ្ពស់ ស្តីពីការកាត់បន្ថយហានិភ័យ។ លោកស្រីថា ភាគីទាំងពីរនិយាយតែពីវិធីកាត់បន្ថយហានិភ័យក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner