នាយករដ្ឋមន្ត្រីវៀតណាម ចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ។
ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ផាម មិញជិញ នៅកម្ពុជា នាពេលនេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្នុងដំណើរអញ្ជើញដល់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជារដ្ឋមន្ត្រីអមគណៈប្រតិភូ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ។
បន្ទាប់មកឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមណ្ឌបព្រះបរមរតនកោដ្ឋ ខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។
តមក ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ឌ នៅវិមានមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី០៨ ខែវិច្ជិកា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ៕ ស៊ូ វណ្ណលុក