កូរ៉េខាងជើងទាត់ចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៊ី
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចេញផ្សាយថា កូរ៉េខាងជើងនៅថ្ងៃអង្គារទី០៨ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា កូរ៉េខាងជើងកំពុងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំឱ្យរុស្ស៉ី សម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន នោះគឺជាការចោទប្រកាន់គ្មានមូលដ្ឋាន។
ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ កើតមានឡើងចំពេលស្ថានការណ៍នៅលើតំបន់ឧបទ្វីបកូរ៉េកំពុងឡើងកម្តៅខ្លាំង បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ទន្ទឹមគ្នា សម្ព័ន្ធមិត្តទាំងពីរក៏បានព្រមានដែរថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នាយករងទទួលបន្ទុកកិច្ចការយោធាបរទេសនៃក្រសួងការពារជាតិកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានបំផុសបំផុលពាក្យចចាមអារ៉ាមគ្មានមូលដ្ឋាន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងលក់អាវុធរវាងកូរ៉េខាងជើង និងរុស្ស៉ី… យើងសូមបញ្ជាក់ម្ដងទៀតថា យើងមិនមានកិច្ចព្រមព្រៀងអាវុធជាមួយរុស្ស៉ីទេ ហើយយើងក៏មិនមានផែនការធ្វើដូច្នេះនៅពេលអនាគតនោះដែរ។ ពាក្យចចាមអារ៉ាមនេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្ខូចកេរ្តិ៍ឈ្មោះរបស់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិ៕ ប្រភព៖ CNA ដោយ៖ ទីណា និងបុត្រា