ហ្វាំងឡង់បដិសេដធ្វើជាទីតាំងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនក្លាយជាសមាជិកណាតូ
ហែលស៊ិនគី៖ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto នៅថ្ងៃចន្ទទី០៧ ខែវិច្ឆិកានេះថ្លែងថា ហ្វាំងឡង់មិនមានបំណងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីប្រទេសរបស់ខ្លួនទេ ប្រសិនបើខ្លួនក្លាយជាសមាជិកអង្គការណាតូ។
សេចក្តីថ្លែងការណ៍បែបនេះរបស់លោក Sauli Niinisto ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីហ្វាំងឡង់ លោកស្រី Sanna Marin ក៏បានបដិសេដក្នុងការដើរតួជាម្ចាស់ផ្ទះ នៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនាពេលអនាគតផងដែរ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើងដោយសមាគមបណ្តុះបណ្តាលការពារជាតិ លោក Niinisto បានពណ៌នាការពិភាក្សានាពេលថ្មីៗនេះ អំពីអាវុធនុយក្លេអ៊ែរ ដែលបានធ្វើឡើងទូទាំងប្រទេសថា ជា “ការអភិវឌ្ឍន៍ដ៏គ្រោះថ្នាក់”។
លោកបាននិយាយយ៉ាងដូច្នេះថា ឥឡូវនេះ ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ថា ហ្វាំងឡង់គ្មានចេតនាណាមួយ ដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួននោះទេ និងថា មិនមានសញ្ញាណាមួយនៃប្រទេសណាមួយ ដែលខិតជិតទីក្រុងហែលស៊ិនគី ជាមួយនឹងការដាក់សំណើរធ្វើរឿងបែបនេះដែរ។
ទន្ទឹមគ្នា ប្រធានាធិបតីហ្វាំងឡង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា អាវុធនុយក្លេអ៊ែរ គឺជាមូលដ្ឋានគ្រឹះនៃការរារាំងរបស់អង្គការណាតូ ដែលបម្រើជាមធ្យោបាយបង្ការជម្លោះ។ លោកថា គ្មាននរណាម្នាក់អាចឈ្នះក្នុងសង្គ្រាមនុយក្លេអ៊ែរបានទេ ហើយក៏មិនគួរធ្វើសង្គ្រាមបែបនេះដែរ៕ ប្រភព៖ RT ដោយ៖ ទីណា និងបុត្រា