សេដ្ឋកិច្ច សង្គម បរិស្ថាន កម្ពុជាកំពុងជំរុញវិស័យភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន
វិស័យដឹកជញ្ជូនកម្ពុជា កំពុងមានការរីកចម្រើនខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនោះ វិស័យដឹកជញ្ជូន និងភស្តុភាកម្មនៅកម្ពុជា ក៏កំពុងតែមានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័ស ខណៈ រាជរដ្ឋាភិបាល ក៏កំពុងជំរុញលើវិស័យភស្ភុភារកម្មបៃតង ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានក្នុងតំបន់ផងដែរ។
នេះបើតាមកិច្ចកិច្ចប្រជុំលើកទី៤ នៃភាពជាដៃគូក្នុងវិស័យភស្តុភារកម្មបៃតងប្រចាំឆ្នាំ២០២២ (4th Green Logistics Partnership Conference 2022) ក្រោមវត្តមាន មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ ស្ថាប័នពាក់ព័ន្ធ ទីប្រឹក្សាភស្តុភារកម្មអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) វិទ្យាស្ថានប្រព័ន្ធភ័ស្តុភារកម្មជប៉ុន និងវិស័យឯកជន នៅថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំនោះ លោក ឈៀង ពេជ្រ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា និងចែករំលែកបទពិសោធន៍ អំពីការរៀបចំគោលនយោបាយ ការអនុវត្ត និងបញ្ហាប្រឈមទាក់ទងទៅនឹងវិស័យភស្តុភារកម្មបៃតង និងកំណត់ទិសដៅ និងផែនការសកម្មភាពសំដៅធ្វើឱ្យប្រសើរឡើងវិស័យភស្តុភារកម្មបៃតងនៅក្នុងតំបន់អាស៊ាន។
លោក ឈៀង ពេជ្រ បន្ថែមដូច្នេះថា៖ «ការពិភាក្សារួមគ្នាពិតជាបានផ្តល់នូវបទពិសោធន៍នៃការអនុវត្តល្អៗ ផ្តល់នូវធាតុចូលលើគោលនយោបាយ ក៏ដូចជាអនុសាសន៍សំខាន់ៗទាក់ទងនឹងភស្ភុភារកម្មបៃតងពីអង្គប្រជុំទាំងមូល ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ធ្វើឱ្យប្រសើរឡើងផលិតភាព និងការដោះស្រាយបញ្ហាទាក់ទងនឹងសង្គមផងដែរ»។
ជាមួយគ្នានេះ តំណាងអង្គការ JICA បានឱ្យដឹងដែរថា ភស្តុភារកម្មបៃតង គឺផ្តោតសំខាន់ទៅលើស្ថេរភាពរបស់ភស្តុភារកម្ម ដែលជាស្នូលនៃប្រតិបត្តិការប្រព័ន្ធដឹកជញ្ជូនទំនើប និងការគ្រប់គ្រងលើបំលាស់ទីនៃការដឹកជញ្ជូន ជាមួយនឹងការធានាបាននូវធាតុផ្សំទាំងបីគឺ សេដ្ឋកិច្ច សង្គមកិច្ច និងបរិស្ថាន។
អង្គការ JICA អះអាងថា ប្រព័ន្ធភស្តុភារកម្មបៃតងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយសារបម្រែបម្រួលអាកាសធាតុជាដើម។
តាមរយៈជំនួបពិភាក្សានេះ ភាគីពាក់ព័ន្ធបានយល់ដឹងច្រើន អំពីវិធីគ្រប់គ្រងសកម្មភាពទាក់ទងនឹងភស្ភុភារកម្មបៃតង ជាពិសសផែនការមេនៃគោលនយោបាយភស្តុភារគ្រប់ជ្រុងជ្រោយ (២០២១-២០២៥) របស់ប្រទេសជប៉ុន ដែលផ្តល់នូវផែនទីបង្ហាញផ្លូវជាក់លាក់ ដើម្បីធ្វើឱ្យការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាព ធ្វើឱ្យប្រសើរឡើងផលិតភាព កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការដោះស្រាយបញ្ហាសង្គមថែមទៀត។
ជាការកត់សម្គាល់ រដ្ឋមន្ដ្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា វិស័យភស្ភុភារកម្មបៃតង គឺស្របទៅនឹងមាគ៌ារបស់អាស៊ាន ឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលប្រកបដោយភាពរស់រវើក បរិយាបន្ន និងនិរន្តរភាព និងការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ ភាពធន់ និងការផ្លាស់ប្តូរ បៃតងរបស់សហគមអាស៊ាន។
ដោយឡែក សម្រាប់កម្ពុជាវិញ លោករដ្ឋមន្ដ្រីថា ដើម្បីបញ្ចប់ផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា គឺក្រសួងសាធារណការត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ ៣៣២គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូនរបស់កម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន ចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន បង្កើតការងារធ្វើនៅកម្ពុជា ព្រមទាំងចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថានជាដើម៕
អត្ថបទ៖ បូរ ពេជ្រហ្សាលីន