អ៊ីរ៉ង់ចាប់ខ្លួនជនបរទេស២៦នាក់ ដែលសង្ស័យនៅពីក្រោយការវាយប្រហារនៅក្រុងស៊ីរ៉ាហ្សា

អ៊ីរ៉ង់៖ ក្រសួងស៊ើបការណ៍សម្ងាត់របស់អ៊ីរ៉ង់ បានអះអាងថា ខ្លួនបានចាប់ខ្លួនជនបរទេសចំនួន ២៦ នាក់ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីខែមុន លើកន្លែងធម្មយាត្រានិកាយស៊ីអ៊ីតនៅទីក្រុងស៊ីរ៉ាហ្សា (Shiraz) នៃភាគខាងត្បូងប្រទេស។

ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី ០៧ ខែវិច្ឆិកា ក្រសួងបានចោទប្រកាន់ជនជាតិអាស៊ែប៉ៃហ្សង់ថា ជាមនុស្សសំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាប់ពាក់ព័ន្ធនឹងការដឹកនាំ និងសម្របសម្រួលការវាយប្រហារ។
សេចក្តីថ្លែងការណ៍ដដែលនោះ បានបន្ថែមថា៖ «អ្នកដែលត្រូវបានចាប់ខ្លួនទាំងអស់ មិនមែនជាជនជាតិអ៊ីរ៉ង់នោះទេ។ ពួកគេគឺជាមកពីសាធារណរដ្ឋអាស៊ែប៉ៃហ្សង៊ តាហ្ស៊ីគៀស្ថាន និងអាហ្វហ្គានីស្ថាន»។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៥ នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃទី ២៦ ខែតុលា ក្នុងការវាយប្រហារលើទីសក្ការបូជាដ៏សំខាន់មួយរបស់មូស្លីមនិកាយស៊ីអីត នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយក្រុមរដ្ឋអ៊ិស្លាមប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ។
ទូរទស្សន៍រដ្ឋផ្សាយនៅពេលនោះថា ការវាយប្រហារដែលធ្វើឡើងដោយខ្មាន់កាំភ្លើងតែម្នាក់ក្នុងអំឡុងពេលអធិស្ឋានពេលល្ងាចនៅវិហារ Shah Cheragh ក្នុងទីក្រុងស៊ីរ៉ាហ្សានេះ ក៏បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ រងរបួសផងដែរ។

គួរកត់សម្គាល់ថា ការវាយប្រហារនេះ កើតឡើងចំពេលមានការបង្រ្កាបយ៉ាងឃោរឃៅលើក្រុមបាតុករ ដែលផ្ទុះការតវ៉ា ក្រោយការស្លាប់របស់នាង Mahsa Amini កាលពីថ្ងៃទី ១៦ ខែកញ្ញា ក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលីសសីលធម៌ ដែលចោទប្រកាន់ជនជាតិកួដរូបនេះ ថាពាក់ហ៊ីចាបមិនសមរម្យ។

ប្រជាជនអ៊ីរ៉ង់ដែលប្រមូលផ្ដុំតវ៉ា ជាពិសេសស្រ្តីៗ បានលើកឡើងថា របបបច្ចុប្បន្នកំពុងព្យាយាមកេងប្រវ័ញ្ចពីការវាយប្រហារនៅក្រុងស៊ីរ៉ាហ្សា ដើម្បីធ្វើឱ្យការតវ៉ារបស់ពួកគេចុះខ្សោយ និងបង្រ្កាបការតវ៉ា ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះថ្នាក់ដឹកនាំអ៊ីរ៉ង់ ចាប់តាំងពីបដិវត្តន៍ក្នុងឆ្នាំ ១៩៧៩។

ដូចនឹងការជឿនេះ វិទ្យាស្ថានសិក្សាអំពីសង្គ្រាមបានអះអាងថា ការវាយប្រហារនេះ មិនដូចជាការវាយប្រហារភេរវកម្មរបស់ក្រុមរដ្ឋអ៊ិស្លាមធម្មតានោះទេ ហើយថា វាអាចជាការប៉ុនប៉ងរបស់អាជ្ញាធររដ្ឋាភិបាល ដើម្បីបង្កភាពតានតឹងផ្នែកនិកាយនៅក្នុងប្រទេសអ៊ីរ៉ង់។

ឆ្លើយតបនឹងការចោទប្រកាន់បែបនេះ ក្រសួងស៊ើបការណ៍សម្ងាត់ បានគំរាមកំហែងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះថានឹងកាត់ទោសអ្នកដែលទម្លាក់ការវាយប្រហារនេះទៅលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់៕
ដោយ៖ហួន ឌីណា
ប្រភព៖ Iran Arrests 26 Foreigners It Says Were Behind Shiraz Mosque Attack

ads banner