ការការពារសន្តិសុខ សុវត្ថិភាពសម្រាប់ភ្ញៀវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់បំផុត
ភ្នំពេញ៖ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានដាក់ពង្រាយនៅតាមដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញដើម្បីត្រៀមការពារសន្តិសុខ សុវត្ថិភាពប្រមុខថ្នាក់ដឹកនាំ ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលចាប់ផ្តើមពីថ្ងៃទី៨ដល់ទី១៣ខែវិច្ឆិកាឆ្នាំ២០២២នេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់សារព័ត៌មានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ខែវិច្ឆិកាក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននិងជាម្ចាស់ផ្ទះរាជរដ្ឋាភិបាលបានបង្កើតនូវគណៈកម្មការជាតិមួយកាលពីឆ្នាំ២០២១ សម្រាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយមាននាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន ជាសមាជិកគណៈកម្មការជាតិផង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់បម្រើឱ្យកិច្ចប្រជុំនេះ។
ឯកឧត្តមអគ្គស្នងការរងបន្តថា អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម (អនុគណៈកម្មការទី៤)បានរៀបចំផែនការការពារតាំងពីខែមករាដោយផែនការនេះបានរៀបចំបែងចែកលម្អិតអំពីគោលដៅដែលត្រូវការពារ មុខសញ្ញាដែលត្រូវការពារ សុទ្ធតែជាគោលដៅ និងមុខសញ្ញាអាទិភាព។ ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ជាទូទៅ និងសន្តិសុខ សណ្តាប់ធ្នាប់តាមដងផ្លូវ ដែលប្រតិភូធ្វើដំណើរ រួមទាំងកន្លែងស្នាក់នៅ កន្លែងប្រជុំ កន្លែងទស្សនកិច្ច និងកន្លែងជប់លៀង …។ល។ យើងបានបែងចែកឱ្យមានមេបញ្ជាការទទួលភារកិច្ចដឹកនាំទទួលខុសត្រូវតាមគោលដៅនីមួយៗ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ក្នុងការអនុវត្តផែនការនេះដែរនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានអនុគណៈកម្មការទី៤ បានដាក់ចេញនូវផែនការពីរសំខាន់ ទី១. កិច្ចការក្នុងប្រទេសគឺបានរៀបចំ ចាត់តាំងឱ្យមានការហ្វឹកហាត់ ឱ្យមានការសាកល្បងកម្លាំងដូចជា ការពារក្បួនការពារផ្ទាល់សម្រាប់ប្រតិភូការរៀបចំក្បួន ដឹកនាំគណៈប្រតិភូការរៀនភាសាសម្រាប់អង្គរក្សការពារផ្ទាល់និងវិធីសាស្ត្រមួយចំនួនទៀតពាក់ព័ន្ធដល់កិច្ចការពារសម្រាប់កិច្ចប្រជុំនេះ។ ទី២. កិច្ចការក្រៅប្រទេស គឺបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូរសហការជាច្រើនដូចជា FBI ,INTERP, ប៉ូលិសចិន,កូរ៉េ, សិង្ហបុរីនិងប្រទេសសមាជិកតំបន់អាស៊ានដោយទទួលបានកិច្ចសហការគាំទ្រជាច្រើនដោយនៅក្នុងនោះមានទាំងការផ្តល់បទពិសោធន៍និងការចាត់គ្រូមកបំប៉នជំនាញអន្តរាគមន៍ សម្រាប់កិច្ចការពារកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗ ។
អ្នកនាំពាក្យដដែលបានបញ្ជាក់ថា មានអ្នកខ្លះត្រៀមលក្ខណៈដូចជា FBI ត្រៀមលក្ខណៈផ្តល់ទៅប្រឹក្សាបើសិនជាចាំបាច់។ ហើយកន្លងមកនេះ សិង្ហបុរី ចិន វៀតណាម សុទ្ធតែបានមកផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងបានជួយបំប៉នជំនាញប្រតិបត្តិការត្រៀមអន្តរាគមន៍ដោះស្រាយហេតុនេះផងដែរ។
លោកបន្តថាយើងក៏បានទទួលជំនួយមួយចំនួនពីប្រទេសជប៉ុន ចិន និងវៀតណាម ជំនួយខាងមធ្យោបាយសម្រាប់ដឹកនាំក្បួនប្រតិភូ ឧបករណ៍សម្ភារបច្ចេកទេសសម្រាប់ត្រួតពិនិត្យជាតិផ្ទុះ មានទាំងអិចសារ៉េ …។ល។ ហើយមួយទៀត គឺការផ្លាស់ប្តូរព័ត៌មាន តែងតែមានប្រព័ន្ធផ្លាស់ប្តូរព័ត៌មានជាមួយនឹងបណ្តាប្រទេសជាសមាជិកទាំងអស់នៅក្នុងអាស៊ានក៏ដូចជាប្រទេសជាដៃគូរ ដើម្បីផ្លាស់ប្តូរព័ត៌មានក្តាប់ឲ្យបាននូវសភាពការណ៍ពាក់ព័ន្ធនឹងភេវរកម្ម ពាក់ព័ន្ធពួកឧក្រិដ្ឋជនអន្តរជាតិជាដើម ដើម្បីមានវិធានការបង្ការទប់ស្កាត់កុំឲ្យមានបញ្ហាប៉ះពាល់ដល់កិច្ចប្រជុំ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បញ្ជាក់ថា ៖ “កម្លាំងយើងប្រើប្រាស់ជាងមួយម៉ឺននាក់ ដែលមកពី ១៤ស្ថាប័នពាក់ព័ន្ធ រួមទាំងប្រើមធ្យោបាយមានទាំងរថយន្តការពារគ្រាប់ មានទាំងត្រៀមដល់ឧទ្ធម្ភាគចក្រ ម៉ារីន អូប័រ ដើម្បីការពារ ៕ អត្ថបទ+រូបភាព ដោយ គ្រី សម្បត្តិ