ស្វីសជួលឱ្យប្រទេសក្រីក្រកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយដាក់ឈ្មោះខ្លួន
ស្វីស៖ ប្រទេសស្វីសដែលប្រទេសអ្នកមានបំផុតមួយរបស់ពិភពលោក បានសន្យាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួនឱ្យបានពាក់កណ្តាលនៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែប្រទេសនេះបែរជាជួលរដ្ឋក្រីក្រដូចជា ហ្គាណា និងដូមីនីកា ដើម្បីឱ្យកាត់បន្ថយការបំភាយដោយដាក់ឈ្មោះប្រទេសរបស់ខ្លួន។ នេះបើតាមសេចក្ដីរាយការណ៍របស់កាសែតញូវយ៉កថែមស៍។
សេចក្ដីរាយការណ៍ថា ស្វីសកំពុងចំណាយដើម្បីដំឡើងភ្លើង និងចង្ក្រានជាងប្រាំលានគ្រួសារ នៅក្នុងប្រទេសហ្គាណា ដើម្បីជួយពួកគេឱ្យងាកចេញការដុតអុសសម្រាប់ចម្អិនអាហារ និងការពារការបំភាយឧស្ម័នផ្ទះកញ្ចក់។បន្ទាប់មក ស្វីសនឹងរាប់បញ្ចូលការកាត់បន្ថយការបំភាយឧស្ម័នទាំងនោះ ថាជាវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអាកាសធាតុរបស់ខ្លួន។
អនុប្រធានគោលនយោបាយអាកាសធាតុអន្តរជាតិ នៅការិយាល័យសហព័ន្ធសម្រាប់បរិស្ថានក្នុងប្រទេសស្វីស លោកស្រី Veronika Elgart បានលើកឡើងថា ការរៀបចំបែបនេះ អាចនាំមកនូវសកម្មភាពអាកាសធាតុបន្ថែម ហើយក៏ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលស្វីសជួយ ក្នុងពេលជាមួយគ្នា។
ទោះបីជាយ៉ាងនេះក៏ដោយ មានការចោទសួរជាច្រើនពីភាពស្មើគ្នាលើយន្តការបែបនេះ ដែលជាបញ្ហាសំខាន់នៃកិច្ចពិភាក្សានៅឯសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Sharm el Sheikh នៃប្រទេសអេហ្ស៊ីបក្នុងសប្ដាហ៍នេះ។ ចំណុចសំខាន់មួយនោះគឺ ការផ្ដោតលើវិសាលភាពដែលប្រទេសអ្នកមាន គួរតែផ្តល់សំណងដល់ប្រទេសក្រីក្រសម្រាប់ការខូចខាត ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងជួយពួកគេដើម្បីសម្របខ្លួន ដោយសារតែប្រទេសអ្នកមាន មានទំនួលខុសត្រូវមិនសមាមាត្រចំពោះការបំភាយកាបូនឌីអុកស៊ីតយ៉ាងច្រើន ដែលធ្វើឱ្យពិភពលោកកាន់តែក្តៅ។
អ្នករិះគន់លើកឡើងថា ប្រសិនបើប្រទេសផ្សេងទៀតធ្វើតាមការនាំមុខរបស់ស្វីស វាអាចពន្យារពេលការធ្វើសកម្មភាពអាកាសធាតុរបស់ប្រទេសអ្នកមានលើពិភពលោក ដោយឱ្យប្រទេសក្រីក្រធ្វើការកាត់បន្ថយការបំភាយឧស្ម័នជំនួសខ្លួនវិញ។ លើសពីនេះ វាអាចទាញយកអត្ថប្រយោជន៍ពីគម្រោងផ្សេងៗក្នុងប្រទេសក្រីក្រ ដែលនឹងត្រូវដំណើរការទៅ ដោយមាន ឬគ្មានមូលនិធិពីបរទេស។
លោក Crispin Gregoire អតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិមកពីកោះដូមីនីកា ដែលធ្វើកិច្ចព្រមព្រៀងជាមួយស្វីសកាលពីឆ្នាំមុន បានថ្លែងថា វាជាវិធីនៃការបោះការទទួលខុសត្រូវឱ្យប្រទេសផ្សេង ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកបន្តថា៖ «ជំនួសឱ្យការកាត់បន្ថយការបំភាយឧស្ម័នដោយខ្លួនឯង ស្វីសនឹងងាកទៅប្រទេសផ្សេង ដែលមានការបំភាយទាបបំផុត ដើម្បីបំពេញកាតព្វកិច្ចនោះ»។
តាមរយៈនេះ ស្វីសបានពន្យល់យ៉ាងច្បាស់ថា ខ្លួននឹងមិនឈានដល់គោលដៅកាត់បន្ថយការបំភាយឧស្ម័នដោយខ្លួនឯងនោះទេ ហើយត្រូវការប្រទេសផ្សេងៗដើម្បីឱ្យជួយខ្លួនយ៉ាងហោចណាស់ ១ភាគ៣ នៃការកាត់បន្ថយ។ បើតាមកាសែតញូវយ៉កថែមស៍ រហូតមកទល់ពេលនេះ ប្រទេសស្វីសបានចុះហត្ថលេខាលើកតិកាសញ្ញាជាមួយប្រទេសចំនួន៨ ដូចជា ប៉េរូ ហ្គាណា សេណេហ្គាល់ ហ្សកហ្ស៊ី វ៉ានូអាទូ ដូមីនីកា ថៃ និងអ៊ុយក្រែន ហើយកំពុងពិភាក្សាជាមួយប្រទេសយ៉ាងហោចណាស់៣ផ្សេងទៀត។ ប្រទេសជប៉ុន និងស៊ុយអែត បានគូសបញ្ជាក់ថា ពួកគេមានបំណងបន្តការរៀបចំស្រដៀងគ្នានឹងស្វីសនេះដែរ។
នាយិកាផ្នែកយុត្តិធម៌អាកាសធាតុនៅអង្គការសង្គម និងបរិស្ថាន NDN Collective លោកស្រី Jade Begay បានថ្លែងថា ប្រទេសអ្នកមាន ដូចជាស្វីស មានកាតព្វកិច្ចជួយប្រទេសកំពុងអភិវឌ្ឍន៍ ដោយមិនចាំបាច់ទាមទារអ្វីមួយជាថ្នូរ។ លោកស្រីបន្តថា ច្បាប់ដែលអនុញ្ញាតឱ្យកិច្ចព្រមព្រៀងដូចអ្វីដែលស្វីសបានធ្វើ គឺគ្រោះថ្នាក់ ព្រោះវាអនុញ្ញាតឱ្យប្រទេសអ្នកមានបន្តការបំពុល និងបន្តអាជីវកម្មដូចធម្មតា ដែលជាឫសគល់នៃបញ្ហា។
គួររំឭកផងដែរថា ការជជែកដេញដោលគ្នាលើបញ្ហានេះ កើតមានស្របពេលដែលប្រទេសអ្នកមានលើពិភពលោក រួមទាងស្វីស រងការរិះគន់ចំពោះការបរាជ័យក្នុងការផ្តល់សំណងដល់ប្រទេសក្រីក្រ តាមការសន្យារបស់ខ្លួន ដើម្បីឱ្យប្រទេសទាំងនោះសម្របខ្លួនទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលប្រទេសអ្នកមានមានចំណែកមហាសាល។
យោងតាមការវិភាគរបស់វិទ្យាស្ថានអភិវឌ្ឍន៍ក្រៅប្រទេស ការចូលរួមចំណែករបស់ស្វីស ចំពោះការផ្តល់មូលនិធិអាកាសធាតុពិភពលោក បានធ្លាក់ចុះស្ទើរតែ ៤០ ភាគរយក្នុងចំណែករបស់ខ្លួន លើការចូលរួមជាមួយប្រទេសអ្នកមានដទៃទៀតលើគោលដៅអន្តរជាតិចំនួន ១០០ ប៊ីលានដុល្លារក្នុងមួយឆ្នាំ តាមការព្រមព្រៀង។ ប្រទេសនេះ ក៏មានការធ្លាក់ចុះលើគោលដៅរបស់ខ្លួន លើការកាត់បន្ថយការបំភាយឧស្ម័ននៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ផងដែរ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Switzerland Is Paying Poorer Nations to Cut Emissions on Its Behalf