បីថ្ងៃបុណ្យអុំទូកខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិតកន្លះលាននាក់
ព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុប្រកាសថាខេត្តនេះ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤៩ម៉ឺននាក់ក្នុងរយៈពេលបីថ្ងៃនៃបុណ្យអុំទូកនេះ ។
អភិបាលខេត្តរងព្រះសីហនុ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថាក្នុងរយៈពេលបីថ្ងៃ ជាង ៤៩ម៉ឺននាក់ ជិតចូល ៥០ម៉ឺននាក់។ លោកបញ្ជាក់ថាមូលហេតុដែលនាំឱ្យភ្ញៀវទេសចរសម្រុកទៅលេងខេត្តព្រះសីហនុ ដោយសារតែខេត្តតភ្ជាប់ដោយផ្លូវល្បឿនលឿន និងការបង្កើតឱ្យមានការប្រគំតន្រ្តី ខណៈដែលខេត្តនេះមានក៏មានសក្ដានុពលទេសចរណ៍ផង។
ទន្ទឹមនឹងកំណើនទេសចរណ៍នេះ អាជ្ញាធរខេត្តព្រះសីហនុក៏បានបង្ហាញថា ទំនិញម្ហូបអាហារនិងគ្រឿងសមុទ្រនៅខេត្តនេះក៏ឡើងថ្លៃតិចតួចដែរ។
លោកឡុងឌីម៉ង់បញ្ជាក់ថា៖ « ផ្ទះសំណាក់សណ្ឋាគារអីមិនជាមានបញ្ហានោះទេ ប៉ុន្តែអាជីករលក់ដូគ្រឿងសមុទ្រមានការឡើងថ្លៃ ។ ការឡើងថ្លៃខ្លះគឺយើងយល់គឺទី ១ ទីផ្សារសេរី ទី ២ តម្រូវការច្រើនថ្ងៃឈប់សម្រាកប្រជានេសាទក៏សម្រាក ដូច្នេះធ្វើឱ្យតម្លៃឡើងតាមនោះដែរ ។ ប៉ុន្តែអាជ្ញាធរខេត្តនឹងប្រឹងប្រែងទប់ស្កាត់បញ្ហានេះទៀត» ។
លោកបន្ថែមទៀតថា ខេត្តនឹងធ្វើការរៀបចំជាក្រុមការងារមួយដើម្បីស្រង់មតិរកប្រភពនៃបញ្ហាវិញ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាននិយាយថាខេត្តព្រះសីហនុមាន ហេដ្ឋារចនាសម្ព័ន្ធល្អទើបភ្ញៀវទេសចរណ៍ច្រើនទៅកម្សាន្ត ដែលមានទាំងភ្ញៀវក្នុងស្រុកនិងក្រៅស្រុក។
អ្នកស្រីបញ្ជាក់ថា ៖ « ខ្ញុំយល់ឃើញថាវាជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍ ផ្លូវថ្នល់ល្អ វាជាផលិតផល មធ្យោបាយធ្វើដំណើរ ហើយវាមានការចាប់អារម្មណ៍មួយផងដែរ ហើយណាមួយក៏ជាការជួយទៅដល់អាជីវកម្មទេសចរណ៍ផងដែរ ក្នុងខេត្តព្រះសីហនុផងដែរហើយរយៈពេលកូវីដ អាជីវកម្ម បានព្យួរជាច្រើនផងដែរ។ហើយក៏ត្រូវមានការរៀបចំពីរដ្ឋបាលខេត្ត មានការរៀបចំបានល្អផង »។
អ្នកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ដែរថា ការចេញដើរកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យអុំទូកនេះជាចំណែកក្នុងការជួយអាជីវករលក់ដូរអាចមានចំណូល ឬឱ្យចរន្តសេដ្ឋកិច្ចមានភាពរស់រវើក។
លោក ស្រី មានប្រសាសន៍ថា ៖ « ប្រទេសកម្ពុជាបានបើកពេញលេញដោយដោះចេញនូវការរឹតត្បៀតទាំងអស់ ដូច្នេះអ្វីដែលយើងត្រូវធ្វើបន្តគឺការការទាក់ទាញសេវាកម្មទេសចរណ៍ ក៏ដូចជាសុវត្ថិភាពរបស់ ភ្ញៀវទេសចរណ៍»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឺមអេង សាទរចំពោះកំណើនទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែលោកក៏ស្នើឱ្យអាជ្ញាធររឹតបន្តឹងសន្តិសុខបន្ថែមទៀត ។ លោក គឹមអេង ចាប់អារម្មណ៍ចំពោះថ្លៃទំនិញដែលមានការលក់ដំឡើងថ្លៃ ក្នុងពិធីបុណ្យទានផ្សេងៗ ៖« ភ្ញៀវទេសចរណ៍គេអាចដាក់ម្ហូបអាហារពីផ្ទះគេទៅ ដោយមិនទិញរបស់ហូបក្រៅ បើលក់ថ្លៃគ្មាននរណាគេហ៊ានទិញហូបទេ។ ប្រសិនបើសណ្ណាគារថ្លៃៗ គេអាចទៅមិនគេង គេអាចទៅវិលល្ងាច នេះជារឿងមួយធំណាស់ ។ ពួកគាត់ត្រូវគិតពិចារណាឡើងវិញ»៕ដោយ៖ហោ សុវិទ្យា