នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលកំពុងមាននៅពេលបច្ចុប្បន្ន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលកំពុងមាននៅពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ដែលឈរលើស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងការជឿជាក់គ្នាទៅវិញទៅមក នៅក្នុងជំនួបទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។

នាយករដ្ឋមន្រ្តីទាំងពីរ បានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ និងបានឯកភាពគ្នាក្នុងការពង្រីក និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងបានជូនពរប្រទេសថៃឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC នាពេលខាងមុខ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ក្នុងការទទួលយកការអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឋានៈជា «ភ្ញៀវរបស់ម្ចាស់ផ្ទះ»។

នាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តឡើងវិញនូវកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះ (JCR) រវាងប្រទេសទាំងពីរ ដែលជាយន្តការខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីការផ្អាកមួយរយៈ ដោយសារជំងឺរាតត្បាត។ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា បានបញ្ជាក់ថា ប្រទេសថៃនឹងទទួល ធ្វើជាម្ចាស់ផ្ទះ JCR លើកទី៤ តាមពេលវេលាមួយ សមស្រប។

ថ្នាក់ដឹកនាំទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្តចំពោះកំណើននៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ចំពេលនៃបញ្ហាប្រឈមនានាបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញ បន្ថែមទៀតនូវទំហំ នៃការផ្លាស់ប្តូរនេះឲ្យកើនដល់គោលដៅចំនួន១៥ប៊ីលានដុល្លារ អាមេរិក នៅក្នុងរយៈពេល២ឆ្នាំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យភាគីថៃជួយទិញអង្ករកម្ពុជា បន្ថែមទៀត និងជួយសម្រួលនីតិវិធីនៃការនាំចូលកសិផលកម្ពុជាឆ្លងកាត់ព្រំដែនចូលទៅប្រទេសថៃ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានជួយសម្រួលដល់ពលករកម្ពុជានៅប្រទេសថៃ ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងបានស្នើសមភាគីថៃឱ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅក្នុងកិច្ចការនេះ។

ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពប្រគល់ភារកិច្ចដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរដើម្បីពន្លឿនការបើកដំណើរការច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន និងការបើកដំណើរការ «ស្ពានមិត្តភាព» ឱ្យបានឆាប់ ហើយនិងអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃនាពេលថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍតំបន់ព្រំដែន។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស វិស័យការពារជាតិនិងសន្តិសុខ ទេសចរណ៍ ការតភ្ជាប់ផ្លូវដែក ថាមពលស្អាត ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការឆ្លងដែនខុសច្បាប់ និងការជួញដូរមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរអំពីការផ្លាស់ប្តូរការគាំទ្រគ្នាលើឆាកអន្តរជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា ក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ធអូឆា បានជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរាជធានីភ្នំពេញ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ads banner