កម្ពុជាប្តេជ្ញាវិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងឌីជីថលដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្ត វិនិយោគបន្ថែមទៀត លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត និងឌីជីថល ដើម្បី ស្តារនិងជំរុញកំណើនសេដ្ឋកិច្ចជាតិឡើងវិញ ប្រកបដោយភាពធន់ និងចីរភាព បន្ទាប់ពីសេដ្ឋកិច្ចនៅបណ្ដាប្រទេសនានាលើសកលលោករាប់ទាំងកម្ពុជាផងរងផលប៉ះពាល់បណ្ដាលមកពីកូវីដ១៩។ ការលើកឡើងនេះក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២ (ASEAN BUSINESS AND INVESTMENT SUMMIT 2022) នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាសូមផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ហើយកម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្ត ក្នុងការសហការយ៉ាងជិតស្និទ្ធរួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកបរិយាប័ន្ន និងភាពប្រកួតប្រជែងខ្ពស់។

សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា៖« រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបង្កើនការវិនិ​យោគបន្ថែមលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល សំដៅជំរុញការអភិវឌ្ឍជំនាញ និងការធ្វើទំនើបកម្មប្រព័ន្ធសន្តិសុខសង្គមជាដើម។ដើម្បីសម្រេចបាននូវការប្តេជ្ញានេះ រាជរដ្ឋាភិបាល នឹងខិតខំបើកទូលាយសេដ្ឋកិច្ច តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុង និងក្រៅអាស៊ាន ក៏ដូចជាធ្វើឱ្យកាន់តែទូលំទូលាយថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចតំបន់»។

សម្តេចតេជោបន្ថែមថា ការសម្រេចបាននូវការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ គឺមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមពីវិស័យឯកជន។

ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកស្រាវជ្រាវនៅរាជបណ្ឌិតសភាកម្ពុជា  បានលើកឡើងថា  ពិភពលោកកំពុងឈានចូលទៅកាន់យុគសម័យនៃបដិវត្តថ្មីមួយ ឬបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងជះឥទ្ធិពលើដំណើការរបស់រដ្ឋាភិបាល ដំណើការរបស់អាជីវកម្ម និងការរស់នៅរបស់មនុស្សជាតិ។ លោកថា ៖«ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជា ចាំបាច់រាជរដ្ឋាភិបាលត្រូវរៀបចំគោលនយោបាយស្របតាមនិន្នាការថ្មីនេះ ដើម្បីចាប់យកឱកាសនានា កាត់បន្ថយហានិភ័យ ជាយថាហេតុណាមួយ សំដៅដល់ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងឌីជីថលនៅកម្ពុជា»។

រាជរដ្ឋាភិបាលរំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦ភាគរយ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ខណៈឆ្នាំ២០២២នេះ មានកំណើនក្នុងអត្រាប្រមាណ៥,៤ភាគរយ។ ជារួម ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣នេះ នឹងត្រូវគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗក្នុងនោះរួមមាន៖ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា ៩,២ភាគរយ ក្នុងឆ្នាំ២០២៣។ វិស័យសេវាកកម្ម ត្រូវបានព្យាករថានឹងបន្តកើនឡើងក្នុងអត្រា៦,៦ភាគរយ ក្នុងឆ្នាំ២០២៣។ និង វិស័យកសិកម្ម ត្រូវបានរំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងអត្រា ១,១ភាគរយ ក្នុងឆ្នាំ២០២៣។

អ្នកជំនាញសេដ្ឋកិច្ចធ្លាប់បានអះអាងថា ដើម្បីឱ្យការស្តារសេដ្ឋកិច្ចឱ្យមានកំណើន កម្ពុជាត្រូវចេះប្រើប្រាស់ធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព។ ដោយម្ខាងបែងចែក និងប្រើប្រាស់ធនធាន មនុស្សឱ្យចំទិសដៅ និងម្ខាងទៀត ត្រូវលើកកម្ពស់ផលិតភាព តាមរយៈការបង្កើនគុណភាពការអប់រំ និងជំនាញបច្ចេកទេសថែមទៀត៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner