ប្រមុខដឹកនាំអាមេរិក គ្រោងជួបជជែកជាមួយសមភាគីជប៉ុននិងកូរ៉េខាងត្បូង អំពីការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

អាមេរិក៖ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួបជាមួយ​នាយករដ្ឋមន្ដ្រី​ជប៉ុន ព្រម​ទាំង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ដើម្បី​ពិភាក្សា​អំពី​វិធី​ទប់​ស្កាត់​កម្មវិធី​នុយក្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​។ ជំនួប​រវាង​មេ​ដឹក​នាំ​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​៣​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក ចូ បៃដិន ធ្វើ​ដំណើរ​មក​កាន់​តំបន់​អាស៊ី ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា និង​កិច្ច​ប្រជុំ​កំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សេតវិមានអាមេរិក នា​ថ្ងៃ​ពុធ ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២​។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រភព​សេតវិមាន​ដដែល មេ​ដឹក​នាំ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាង​ត្បូង នឹង​ជួប​គ្នា​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​វិច្ឆិកា។ ចំណែក​កិច្ច​ពិភាក្សា​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ជា​ពិសេស​គឺ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា ប្រឈម​ទៅ​នឹង​ការ​គំរាម​កំហែងអាវុធ​នុយក្លេអ៊ែរ និង​ការ​បាញ់​សាកល្បង​មីស៊ីលជាប់​ឥត​ដាច់ ពី​សំណាក់​ប្រទេស​កូរ៉េ​ខាង​ជើង​។

គួរ​រំឭក​ថា កាល​ពី​ខែ​តុលា ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​ពេល​មុន ជា​មីស៊ីល​ដែល​មាន​សមត្ថភាព​ហោះ​រយៈ​ចម្ងាយ​ឆ្ងាយ​រំលង​ប្រទេស​ជប៉ុនជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​។ ការ​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន​នា​ពេល​នោះ បាន​ជំរុញ​ឱ្យ​ជប៉ុន​ចេញ​បញ្ជា​ឱ្យ​ប្រជាជន​របស់​ខ្លួន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ប្រញាប់​នាំ​គ្នា​ចូល​លេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ថែមទៀត​។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​បាញ់​មីស៊ីល​រំលង​ប្រទេស​ជប៉ុន​ពី​សំណាក់​កូរ៉េ​ខាង​ជើង សហរដ្ឋ​អាមេរិក បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុត​មាំ​របស់​ខ្លួន ក្នុង​ការ​ការពារ​ប្រទេស​ជប៉ុន​។ ទន្ទឹម​គ្នា​នោះ សហរដ្ឋ​អាមេរិករួម​ជាមួយ​សម្ព័ន្ធ​មិត្ត​ជប៉ុន បាន​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​លើ​ដែន​សមុទ្រ​ជប៉ុន​។ ចំណែក​ជាមួយ​កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក​បាន​ធ្វើ​សមយុទ្ធ​យោធា​ ដោយ​មាន​ទាំង​​ការ​បើក​យន្តហោះ​ចម្បាំង​ទម្លាក់​គ្រាប់​បែក​នៅសមុទ្រលឿង​ ដើម្បី​ជា​ការ​ឆ្លើយ​តប និង​បង្ហាញ​សាច់​ដុំ​ដល់​កូរ៉េ​ខាង​ជើង​ផង​។

កាលពីសប្តាហ៍មុន មន្ត្រីអាមេរិកម្នាក់បានប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន Reutters ថា នៅ​ក្នុង​បញ្ហា​តាន​តឹង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​នេះ គឺ​មាន​តែ​ចិននិងរុស្ស៊ីប៉ុណ្ណោះ ដែល​មានអានុភាពអាចបញ្ចុះបញ្ចូលកូរ៉េខាងជើងកុំឱ្យបន្តការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញ។ កាល​ពី​ខែ​ឧសភា សហរដ្ឋអាមេរិកបាន​បង្ហើប​ថា កូរ៉េខាងជើងកំពុងរៀបចំបន្តការសាកល្បងនុយក្លេអ៊ែរជាលើកទីមួយ ចាប់តាំងពីឆ្នាំ២០១៧ ប៉ុន្តែគេ​មិន​ទាន់​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា កូរ៉េ​ខាង​ជើង​នឹង​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន នៅ​ពេល​ណា​នៅ​ឡើយ​ទេ​។ សហរដ្ឋអាមេរិកបាន​​បញ្ជាក់​ថា ខ្លួន​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​គោលនយោបាយ​របស់​ខ្លួន​ចំពោះ​កូរ៉េ​ខាង​ជើង និង​ចង់​បង្កើន​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី​ជាមួយ​កូរ៉េ​ខាង​ត្បូង​និង​ជប៉ុន​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​របស់​កូរ៉េ​ខាង​ជើង​។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាង​ជើង​ត្រូវក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​បាញ់​មីស៊ីលណាមួយ​ឡើយ​។ ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មី​ៗ​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​កូរ៉េ​ខាង​ជើង​មាន​ចំណូល​ឬ​មូលនិធិ​ណាមួយ​សម្រាប់​ផ្គត់ផ្គង់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ត​ទៅ​ទៀត​៕

ដោយ៖កែវ កិរិយា

ads banner