រដ្ឋមន្រ្តីការបរទេសកម្ពុជា ស្នើហ្វីលីពីនទិញអង្ករនិងវិនិយោគផ្នែកឧស្សាហកម្មកសិ ម្ហូបអាហារនៅកម្ពុជា

ភ្នំពេញ៖ប្រមុខការទូតកម្ពុជាស្នើឱ្យហ្វីលីពីទិញអង្ករនិងជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម កសិ ម្ហូបអាហារនៅកម្ពុជា។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា-ហ្វីលីពីន ស្ដីពីប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដើម្បីលើកកម្ពស់កម្ពស់ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នៅរាជធានីភ្នំពេញ។

ជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន និងលោកអែនរីកគេ អេ ម៉ាណាឡូ(Enrique A. Manalo) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានបើកកិច្ចពិភាក្សាទ្វេភាគី ដើម្បីតម្លៃទំនាក់ទំនងមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសទាំងពីរ ដែលភាគីទាំងពីរបានសង្កត់ធ្ងន់លើ វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។

​សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបង្ហាញថា៖« ឯកឧត្តម ប្រាក់ សុខុន បានស្នើដល់ភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករពីកម្ពុជា និងផ្តល់យោបល់ដល់ហ្វីលីពីនពិចារណាទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដើម្បីបង្កើនទំហំវិនិយោគលើវិស័យឧស្សាហកម្មកសិ-ម្ហូបអាហារនៅកម្ពុជាពីសំណាក់អ្នកវិនិយោគហ្វីលីពីន»។

ភាគីកម្ពុជា-ហ្វីលីពីន បានគូសបញ្ជាក់ពីការកត់សម្គាល់រៀងៗខ្លួនចំពោះកំណើននៃការផ្លាស់ប្តូរលើទំហំពាណិជ្ជកម្មទ្វេភាគីកន្លងមក ដែលភាគីទាំងពីរប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតចំពោះវិស័យនេះ។ ដើម្បីជំរុញលើកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិងពាណិជ្ជកម្មនេះ ភាគីទាំងពីរបានសម្លឹងឃើញពីភាពចាំបាច់ក្នុងការពន្លឿនកិច្ចចរចារលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា។

ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា សកម្មភាពពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសហ្វីលីពីន និងកម្ពុជានៅមិនទាន់មានភាពសកម្មនៅឡើយទេ ចំណែកស្ថានភាពខ្សែច្រវ៉ាក់ផលិតរបស់កម្ពុជានិងហ្វីលីពីនក៏មិនសូវមានភាពខុសគ្នាប៉ុន្មានដែរដែលលោកសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានរនាំងច្រើនក្នុងការធ្វើពិពិធកម្មនឹងគ្នា ជាពិសេសរនាំងសមុទ្រដែលខណ្ឌចែកប្រទេសទាំងពីរបូករួមរយៈចម្ងាយឆ្ងាយពីគ្នាផង។

លោកបណ្ឌិត បណ្ឌិត គី សេរីវឌ្ឍន៍ ពន្យល់ពីលក្ខខណ្ឌនៃការយកពន្ធត្រួតស៊ីគ្នាដែលភាគីកម្ពុជានិងហ្វីលីពី​នចង់សម្របសម្រួលនោះ ដូច្នេះថា៖ «ចំពោះការយកពន្ធត្រួតស៊ីគ្នាគឺពាក់ព័ន្ធនឹងការវិនិយោគរបស់បរទេសនៅកម្ពុជា ភាគច្រើនគឺជាការយកពន្ធលើប្រាក់ចំណូល ដែលជាប់ពន្ធប្រាក់ចំណូលពីប្រទេសយើងមួយហើយ ហើយក៏ផ្ញើប្រាក់ចំណេញទៅផ្ទះវិញទៅហ្វីលីពីនក៏ជាប់ពន្ធមួយទៀត។ ដូច្នេះ ការសម្របសម្រួលគឺលើកកម្ពស់ការវិនិយោគច្រើនជាងមុនដោយកាត់បន្ថយពន្ធត្រួតស៊ីគ្នា ដោយយកតែពន្ធក្នុងស្រុករបស់កម្ពុជា បើវិនិយោគនៅកម្ពុជាហើយផ្ញើលុយទៅហ្វីលីពីនដោយមិនបង់ពន្ធទៀតទេ ហើយពេលកម្ពុជាទៅធ្វើជំនួញនៅហ្វីលីពីនវិញក៏ដូចគ្នា »។

សម្រាប់ការពង្រឹងវិស័យសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសទាំងពីរលោកបណ្ឌីត គី សេរីវឌ្ឍន៍ ផ្តល់យោប់ឱ្យបណ្តាប្រទេសទាំងពីររកចំណុចធ្វើពិពិធកម្មនឹងគ្នា ពោលគឺចន្លោះប្រហោងរបស់ប្រទេសទាំងពីរដែលអាចបំពេញតម្រូវការដល់គ្នាទៅវិញទៅមកបាន ដែលលោកមើលឃើញពីចំណុចធំៗបី គឺវិស័យទេសចរណ៍ វិស័យកាត់ដេរ និងការកែច្នៃកសិផលកសិកម្ម។

ត្រង់ចំណុចនេះ អ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ឯកភាពលើការពង្រឹងការវិនិយោគពីហ្វីលីពីន​ក្នុងវិស័យឧស្សាហកម្មកសិ-ម្ហូប ព្រោះហ្វីលីពីនមានបទពិសោធន៍ច្រើនលើវិស័យនេះ។

គួររំឭកថា កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១​ កន្លងទៅ សភាពាណិជ្ជកម្មកម្ពុជានិងសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ហ្វីលីពីន​ បានចុះអនុស្សរណៈ​នៃ​ការយោគយល់​គ្នា(MoU) តាម​ប្រព័ន្ធ​អនឡាញ​សំដៅ​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​អាជីវកម្ម ព្រមទាំងវិនិយោគ​រវាង​ប្រទេស​ទាំង ២។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពគ្នា​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​ហ្វីលីពីន-កម្ពុជា ដែលមាន​ទីស្នាក់ការ​នៅ​សាធារណរដ្ឋ​ហ្វីលីពីន និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា-ហ្វីលីពីន ដែលមាន​ទីស្នាក់ការ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​រៀបចំ​ផែនការ​វិនិយោគ​នៅពេល​អនាគតផង ដោយរំពឹងចំពោះកំណើននៃទំហំដោះដូរ​ពាណិជ្ជកម្ម៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner