អ្នកមានសិទ្ធិបោះឆ្នោតប្រមាណជាងមួយសែននាក់មិនទាន់ចុះឈ្មោះបោះឆ្នោត

ភ្នំពេញ៖របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបង្ហាញថា ចាប់ពីថ្ងៃដំណើការ​បើកឱ្យមានការចុះឈ្មោះបោះឆ្នោត រហូតដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានប្រជា​ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០៣.៦៩១ នាក់។ចំនួននេះបង្ហាញថា នៅសល់​ពលរដ្ឋដែលគ្រប់អាយុប្រមាណជាង១សែននាក់ទៀត មិនទាន់មកចុះឈ្មោះបោះឆ្នោត។

អគ្គលេខាធិការរងគ.ជ.ប ឯកឧត្តម សោម សូរីដា បានថ្លែងថា ប្រជាពលរដ្ឋ​ដែលមានអាយុ ១៨ ឆ្នាំឡើងទៅសម្រាប់ឆ្នាំ ២០២២នេះ គឺមានប្រមាណ ១០,៨លាននាក់  ក្នុងនោះគ.ជ.ប បានប៉ាន់ប្រមាណថា ប្រជាពលរដ្ឋដែលត្រូវមកចុះឈ្មោះថ្មី ឆ្នាំ ២០២២ មានចំនួន៤១ម៉ឺននាក់ ។ លោកបន្តថា សម្រាប់ការការចុះឈ្មោះថ្មីរយៈ ពេល ២១ ថ្ងៃ មកនេះ គឺសម្រេចបាន ជាង ៣១ ម៉ឺននាក់ ។លោកបន្ថែមថា ផ្អែកតាមទិន្នន័យនេះ បង្ហាញថា ប្រជាពលរដ្ឋដែលមកចុះ​ឈ្មោះ​បោះ​ឆ្នោតថ្មីបានចំនួនច្រើន ខណៈដែលរយៈពេលចុះឈ្មោះបោះឆ្នោតនៅសល់​២៩ថ្ងៃទៀត។ ទោះជាយ៉ាងណាក្ដី គជប បានជំរុញឱ្យក្រុមការងារចុះឈ្មោះបោះឆ្នោត​ប្ដូរយុទ្ធសាស្ត្រដើម្បី​បង្កើនចំនួនអ្នកចុះឈ្មោះថ្មី តាមផែនការ។

ឯកឧត្តម សូរីដា៖ « បច្ចុប្បន្ននេះ ក្រុមចុះឈ្មោះបោះឆ្នោតរបស់គជប កំពុងតែចល័តនៅតាមភូមិ ឃុំសង្កាត់ ដែលធ្វើឱ្យក្នុងរយៈពេល ៣ ថ្ងៃមកនេះ មានអ្នកចុះឈ្មោះថ្មីមានចំនួនច្រើន ប្រមាណជាង ២ ម៉ឺននាក់ក្នុងមួយថ្ងៃ ។ បើចំនួននេះ នៅថេរ នឹងធ្វើឱ្យការចុះឈ្មោះបោះ​ឆ្នោតរបស់គជប សម្រេចតាមផែនការដែលគ្រោងទុក»។

អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចលោក ញឿន រ៉ាដែន ថ្លែងថា ការពិនិត្យឈ្មោះ និងចុះ​ឆ្នោត ត្រូវបានធ្វើជាទៀងទាត់ គណបក្សហ៊្វុនស៊ិនប៉ិច បានសង្កេតឃើញថាគណបក្សមួយចំនួន និងអង្គការ សង្គមស៊ីវិល បានចូលរួមសង្កេតការណ៍ ផ្ទៀងផ្ទាត់ ក្នុងនោះក៏មាន អ្នកសង្កេត​ការណ៍ របស់គណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ ដែលបានដាក់ភ្នាក់ងាររបស់ខ្លួន តាមដាន ការចុះឈ្មោះ និងពិនិត្យឈ្មោះប្រចាំឆ្នាំ២០២២ ។ លោកបន្តថា គណបក្សយល់ថា គ.ជ.ប បានបំពេញតួនាទីត្រឹមត្រូវនិងមានតម្លាភាព ក្នុង​ដំណើរ​ការចុះឈ្មោះនិងពិនិត្យបញ្ជី​ឈ្មោះបោះឆ្នោត។

លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតរបស់គជប មិនមានអ្វីជាបញ្ហានោះទេ ទាំងការរៀបចំ និងការចុះឈ្មោះជូនប្រជាពលរដ្ឋ ។ជាមួយគ្នានេះ យើងឃើញថា ប្រជាពលរដ្ឋបានទៅចូលរួមចុះឈ្មោះបោះឆ្នោតច្រើន ផងដែរ»។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ  និងការចុះឈ្មោះបោះឆ្នោតគិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លទ្ធផលបណ្ដោះអាសន្ន​នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមាន ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៣០៣.៦៩១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១៤១.២៩៩ នាក់ និង អ្នកដែលបាន​ផ្ទេរ​ទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៨៣.៦៥៣ នាក់។បើតាមគជប  ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

ដោយ៖យុទ្ធ វីរៈ

ads banner