ឯកឧត្តម ស សុខា បានចុះពិនិត្យមើលទីតាំង និងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅខេត្តកំពត និងខេត្តកែប

កំពត៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំខេត្តទាំង២ កំពត និងកែប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យមើលទីតាំង និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ លើ២ប្រភេទកីឡា ទូកប្រពៃណី ទូកនាគ និងទ្រីយ៉ាត្លុង។


ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ខេត្តកំពត ជាម្ចាស់ផ្ទះលើប្រភេទកីឡាទូកប្រពៃណី ទូកនាគ ឯខេត្តកែប ជាម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមាន៣ប្រភេទ ដូចជា ៖ កីឡាហែលទឹក រត់ និងជិះកង់។ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការពន្លឿនវឌ្ឍនភាពការងារ និងត្រៀមខ្លួនរៀបចំការប្រកួតនាពេលដ៏ខ្លីខាងមុខនេះ។ ជាមួយគ្នានោះឯកឧត្តម ក៏បានស្នើដល់រដ្ឋបាលខេត្តទាំង២ ផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ ឲ្យទទួលបានជោគជ័យ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល ការស្នាក់នៅ ការហូបចុក របស់គណៈប្រតិភូកីឡា កីឡាករ កីឡាការិនី ព្រមទាំងអ្នកទស្សនាផងដែរ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នេះ គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លើទីតាំង៥ រាជធានី-ខេត្ត មានដូចជា៖ រាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។ ចំពោះប្រភេទកីឡាដាក់ឲ្យប្រកួតប្រជែង មាន៣៨ ស្មើនឹង ៣៥៦វិញ្ញាសា។ ចំណែកប្រភេទកីឡាប៉ារ៉ាអូឡាំពិក ចំនួន៧ មានវិញ្ញាសាចំនួន៤៩ ។ ក្នុងនោះប្រតិភូកីឡា កីឡាករ កីឡាការិនី អញ្ជើញចូលរួមចំនួន៥០៤៩នាក់ មកពីក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរាជធានី ខេត្តទាំង២៥។ ជាមួយគ្នានេះ ឯកឧត្តម អ៊ុក សិទ្ធជាតិ អគ្គនាយក នៃអគ្កនាយកដ្ឋានកីឡា បាននាំយកថវិកាឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនី ទូក ១លានរៀល និងទ្រីយ៉ាត្លុង ១លានរៀល និងដប់ដាក់ទឹកម្នាក់មួយផងដែរ។


គួរបញ្ជាក់ថា ចំពោះពិធីបើក និងបិទ ព្រឹត្តិការណ៍កីឡាជាតិ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិ មរតកតេជោ៕ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner