សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន អញ្ជើញប្រជុំជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានអញ្ជើញប្រជុំជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ ។

សូមជម្រាបថា នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគ អាស៊ាន ឆ្នាំ២០២២ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ។ ក្នុងឱកាសនោះ សម្ដេចតេជោប្រធានអាស៊ាន បានលើកឡើងថា យោងតាមការវាយតម្លៃ និង ព្យាករណ៍ របស់ការិយាល័យស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ានបូក ៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញជាមួយនឹងការសម្រេចបាននូវ កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ភាគរយ ក្នុងឆ្នាំ ២០២១ ជាមួយនឹងការរំពឹងទុក នូវ កំណើន ក្នុងអត្រា ៥,៣ភាគរយ និង ៤.៩ភាគរយក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា ទោះបី ជាវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល កំពុងស្រាក ស្រាន្ត គួរឱ្យកត់សម្គាល់, ស្ថានភាព និង ទស្សនៈ វិស័យសេដ្ឋកិច្ចសកល នៅតែមានភាពផុយស្រួយ និង ងាយរងនូវវិបត្តិថ្មី, ដោយយើងនៅបន្ត ប្រឈម នឹងបញ្ហាថ្មីៗ និង កាន់តែស្មុគស្មាញ ដែល កំពុងកើតឡើងជាបន្តបន្ទាប់, ទាំងក្នុងទិដ្ឋភាព សេដ្ឋ កិច្ច, សង្គម, បរិស្ថាន និង ភូមិសាស្ត្រ នយោបាយ ។ ក្នុងស្មារតីនេះ, អាស៊ានត្រូវបន្ត ប្រកាន់ភ្ជាប់នូវគោល ការណ៍ប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី និង ការបន្តជំរុញការធ្វើសេរីភា វូបនីយ កម្ម ដើម្បីលើកកម្ពស់អាស៊ាន ឱ្យក្លាយទៅជា តំបន់មួយដែលមានលក្ខណៈបើកចំហ, តម្លាភាព, បរិយាប័ន្ន, ទន្ទឹមត្រូវបន្តរក្សាឱ្យបាននូវ “មជ្ឈភាព” និង “ឯកភាពអាស៊ាន» ក្នុងការកសាងទំនាក់ ទំនង សកល និង តំបន់ ។

សម្ដេចបានបន្តទៀតថា អាស៊ាន ក៏ត្រូវធ្វើឱ្យ កាន់តែ ប្រសើរថែមទៀតនូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និង កិច្ចព្រមព្រៀងភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនានាដែលមានស្រាប់ សំដៅធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែរក្សា បាននូវទំនើបកម្ម, ទាន់សម័យ, មានលក្ខណៈ កាន់តែប្រសើរ និង ឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព ចំពោះនិន្នាការធុរកិច្ច និង ការវិនិយោគ នាបច្ចុប្បន្ន ។

ជាមួយនេះ ដើម្បីរួមចំណែកក្នុងការឆ្លើយតបនឹងផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ, គ្រោះធម្មជាតិ និង ការបំផ្លាញបរិស្ថាន ជាដើម, កម្ពុជាបានលើកសំណើឱ្យមានការរៀបចំនូវ «កិច្ចព្រម ព្រៀងបៃតងអាស៊ាន» សំដៅរួមចំណែកក្នុងការជួយតម្រង់ទិសអាស៊ាន ឆ្ពោះទៅរកអនាគតបៃតង ប្រកបដោយចីរភាព និង ភាពប្រកួតប្រជែងខ្ពស់ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងបន្ថែមថា កម្ពុជាសូមសម្ដែងការប្ដេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ រួមគ្នាជាមួយនឹងប្រទេសសមាជិកអាស៊ាន និង ដៃគូសន្ទនាអាស៊ានទាំងអស់ ដើម្បីដឹកនាំសហគមន៍ សេដ្ឋកិច្ចអាស៊ាន ឆ្ពោះទៅរកភាពធន់រឹងមាំ, ចីរភាព, បរិយាប័ន្ន និង ភាពប្រកួតប្រជែងខ្ពស់ ។

សូមបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៥ ដែលបានប្រព្រឹត្តទៅនៅក្នុងខែសីហា ឆ្នាំ២០២២ កន្លងទៅ ខ្ញុំបានស្នើបង្កើតឡើងនូវក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលអាចអនុញ្ញាតឱ្យតំបន់របស់យើងធ្វើអន្តរកាលជាបណ្ដើរៗ ទៅជាសហគមន៍ដែលមានចីរភាព ប្រសិទ្ធភាពប្រើប្រាស់ធនធាន និងភាពធន់៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner