សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន អញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូយុវជនអាស៊ាន
ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានអញ្ជើញប្រជុំជាមួយគណៈប្រតិភូយុវជនអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ ។
នៅក្នុកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំអាស៊ាន បានលើកពីសារៈសំខាន់របស់យុវជន ក្នុងការចូលរួមកសាងប្រទេសជាតិ ព្រោះថា យុវជន គឺជាកម្លាំងស្នូលនៃការកែប្រែ ក៏ដូចជាការដោះស្រាយបញ្ហាសាកល ប្រកបដោយភាពវិជ្ជមាន និងបញ្ញាវន្ត។ ស្មារតី ឥរិយាបថ និងតួនាទីរបស់យុវជននៅក្នុងសង្គម គឺជាកត្តាកំណត់ចម្បងនៃជោគវាសនាអនាគតរបស់ប្រទេស និងតំបន់ទាំងមូល។ កម្ពុជា បានផ្ដួចផ្ដើមនៃសេចក្ដីថ្លែងការណ៍មេដឹកនាំអាស៊ាន ស្ដីអំពីឆ្នាំយុវជនអាស៊ាន ២០២២ ដើម្បីបង្ហាញពីឆន្ទៈរួម ក្នុងការពង្រឹងតួនាទីរបស់យុវជន នៅក្នុងការចូលរួមចំណែកកសាងសហគមន៍អាស៊ាន។
នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការស្វាគមន៍មូលបត្រការងារទាំង ៨ ដែលយុវជនបានលើកឡើង ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងគោលនយោបាយតំបន់ ទាក់ទងនឹងអាស៊ាន ជាពិសេស ពាក់ព័ន្ធទៅនឹងចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥ ដែលក្នុងនោះរួមមាន៖ អភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត អនាគតនៃការងារ ហេដ្ឋារចនាសម្ព័ន្ធនៃការតភ្ជាប់ ការអភិវឌ្ឍដោយចីរភាព និងបរិយាប័ន ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងកម្មវិធីផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រជាជន និងប្រជាជនរបស់យើង។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍សំខាន់ៗ ដើម្បីចូលរួមលើកកម្ពស់បន្ថែមដល់ការអភិវឌ្ឍន៍របស់យុវជនអាស៊ាន ដែលមានខ្លឹមសារសង្ខេបដូចជា៖ យុវជនជំនាន់ក្រោយ ត្រូវគិតគូរឲ្យបានវែងឆ្ងាយ និងទូលំទូលាយអំពីភាពជោគជ័យរួម និងពង្រឹងទំនាក់ទំនងអន្តរជំនាន់។
សម្ដេចតេជោ បន្តថា យុវជនគួរចាប់យកកាលានុវត្តិភាព ដើម្បីពង្រឹងជំនាញ បង្កើនការយល់ដឹង និងចូលរួមដោះស្រាយបញ្ហាសកល។ រៀបចំខ្លួនឲ្យបានល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតនៃជំនាញ និងបទពិសោធន៍នៅលើទីផ្សារការងារនាពេលអនាគត និងយុវជនគួរចាប់យករាល់កាលានុវត្តិភាព ដើម្បីចូលរួមក្នុងការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលលើគ្រប់វិស័យ រួមទាំងការងារតំបន់ផងដែរ៕ ដោយ ៖ វណ្ណលុក