អ.ស.ប និងដៃគូ បន្តផ្តល់ជំនួយសង្គ្រោះ ជីវិតដល់ប្រជាជន ១៣.៥លាននាក់នៅអ៊ុយក្រែន

អ.ស.ប៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា នេះថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌ បានបន្តផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅ ក្នុងប្រទេសអ៊ុយក្រែន។

លោកស្រី Stephanie Tremblay ដែលជាអ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយ នៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ចាប់តាំងពីខែកុម្ភៈមក បុគ្គលិកជំនួយបានផ្តល់ជំនួយ និងសេវាការពារសំខាន់ៗដល់ប្រជាជនប្រហែល ១៣.៥លាននាក់នៅទូទាំងតំបន់ទាំងអស់នៃប្រទេសអ៊ុយក្រែន។

លោកស្រីថា មនុស្សជាង ៤.២លាននាក់បានទទួលជំនួយជាសាច់ប្រាក់ក្នុងរយៈពេល៨ខែចុងក្រោយនេះ ហើយទីផ្សារកំពុងបើកឡើងវិញ ខណៈដែលរដ្ឋាភិបាលក៏កំពុងធ្វើការ ដើម្បីស្ដារសេវាធនាគារនៅក្នុងតំបន់ Kharkov និង Kherson ដែលអ៊ុយក្រែនបានគ្រប់គ្រងឡើងវិញនាពេលថ្មីៗនេះ។ លោកស្រីបន្ថែមថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក យើង និងដៃគូរបស់យើង បានផ្តល់សេវាសុខភាពដល់មនុស្សជាង ៨.៦លាននាក់ហើយ។

ទន្ទឹមនឹងនេះ ដោយសារការខូចខាតហេដ្ឋារចនាសម្ព័ន្ធ បានបង្កការលំបាកកាន់តែខ្លាំងឡើងសម្រាប់សហគមន៍ ក្នុងការទទួលបានទឹកស្អាតនោះ អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន កំពុងបន្តផ្តល់ជំនួយទឹក និងសម្ភារៈអនាម័យទៅដល់មនុស្សប្រមាណ ៥.៧លាននាក់ គិតមកទល់ពេលនេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner