មេដឹកនាំកូរ៉េខាងត្បូង ប្រកាសពីជំនួបកំពូលជាមួយលោកបៃដិន និងលោកគីស៊ីដា នៅកម្ពុជា

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយោល បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១០ខែវិច្ឆិកាបាននិយាយថា លោកនឹងបើកកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា នៅប្រទេសកម្ពុជានាថ្ងៃអាទិត្យខាងមុខ។

លោកយូន ស៊ុកយោល នឹងធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនៅរសៀលថ្ងៃសុក្រនេះ។ ក្នុងអំឡុងទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជា លោក យូន នឹងចូលរួមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន នៅថ្ងៃសុក្រ ហើយនឹងជួបពិភាក្សាជាមួយកលោក បៃដិន និងលោក គីស៊ីដា នាថ្ងៃអាទិត្យ ទី១៣ខែវិច្ឆិកា។

« កិច្ចប្រជុំកំពូលកូរ៉េ-អាមេរិក-ជប៉ុន ត្រូវបានកំណត់ ហើយកិច្ចចរចាទ្វេភាគីជាច្រើនត្រូវបានបញ្ជាក់ ឬកំពុងស្ថិតក្រោមការពិភាក្សា»។ នេះគឺជាការបញ្ជាក់របស់លោកប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯការិយាល័យប្រធានាធិបតីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក មន្ត្រីសេតវិមានអាមេរិកម្នាក់វិញ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធថា មេដឹកនាំកូរ៉េខាងត្បូង ជប៉ុន និងអាមេរិក នឹងជួបប្រជុំគ្នានៅក្នុងប្រទេសកម្ពុជានាថ្ងៃអាទិត្យខាងមុខ។ ហើយគេរំពឹងថាមេដឹកនាំនៃប្រទេសទាំងបី នឹងពិភាក្សាគ្នារកដំណោះស្រាយឆ្លើយតបចំពោះការគំរាមកំហែងដែលកំពុងបង្កឡើងដោយកូរ៉េខាងជើង។

បើតាមលោកស្រី អេឌ្រៀន វ៉តសុន (Adrienne Watson) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន មេដឹកនាំទាំង៣នឹង «បន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយការគំរាមកំហែងដែលកំពុងកើតមានដោយអាវុធប្រល័យលោក និងកម្មវិធីអាវុធនុយក្លេអ៊ែរបាលីស្ទិកខុសច្បាប់របស់កូរ៉េខាងជើង»។

ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានវិញ លោកប្រធានាធិបតី យូន បានប្រាប់អ្នកយកព័ត៌មានថា៖ «នៅឯកិច្ចប្រជុំកំពូលអាស៊ាន ខ្ញុំក៏នឹងប្រកាសអំពីគោលការណ៍នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េ ដោយផ្អែកលើសេរីភាព សន្តិភាព និងវិបុលភាព ហើយក៏ប្រកាសពីគំនិតផ្តួចផ្តើមសម្រាប់សាមគ្គីភាពរវាងកូរ៉េ និងអាស៊ានផងដែរ»។

ដោយកត់សម្គាល់ថា អាស៊ានគឺជាតំបន់មួយដែលមានទំហំពាណិជ្ជកម្មធំ លោក យូន បានលើកឡើងថា ក្រុមហ៊ុនកូរ៉េរាប់ម៉ឺនក្រុមហ៊ុន កំពុងវិនិយោគនៅក្នុងតំបន់នេះ ហើយក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងសេដ្ឋកិច្ចខ្លាំងក្លាផងដែរ។
គួរជ្រាបថា បន្ទាប់ពីចូលរួមក្នុងជំនួបកំពូលអាស៊ាននៅរាជធានីភ្នំពេញ មេដឹកនាំកូរ៉េខាងត្បូងលោក យូន ស៊ុកយោល លោកនឹងចេញដំណើរនៅល្ងាចថ្ងៃអាទិត្យទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅកោះបាលី។

ដំណើរទស្សនកិច្ចនេះ អាចជាជំនួបលើកដំបូងរបស់លោក យូន ជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ដែលត្រូវបានគេរំពឹងថានឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលីដែរ។ លោក ស៊ី ដែលទើបពង្រឹងអំណាចកាន់តែខ្លាំង និងទើបធានាបាននូវតំណែងប្រធានាធិបតីចិនអាណត្តិទី៣ ជាប្រវត្តិសាស្ត្រកាលពីខែមុន៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Yoon announces summit with Biden, Kishida in Cambodia

Yoon Suk-yeol leaves Friday for Phnom Penh, Bali

ads banner