សម្តេចតេជោនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាទ្វេភាគី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការវិវត្តនៃទំនាក់ទំនង និងកិច្ចសហ-ប្រតិបត្តិការទ្វេភាគី ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត ក្នុងរយៈពេល៦៥ឆ្នាំកន្លងមកនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ឯកឧត្ដមប្រធានាធិបតី Marcos បានបង្ហាញនូវសេចក្តីប៉ងប្រាថ្នាដូចគ្នា និងបានពិភាក្សាអំពីវិធានការនានាដើម្បីពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យការពារជាតិ ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តឱ្យក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវឯកសារនានាដែលបានចុះហត្ថលេខារួច។ ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយក្តីសោមនស្សចំពោះការកើនឡើងឡើងវិញនូវការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាត។ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ពីភាពចាំបាច់ក្នុងការជំរុញភាពជាដៃគូនៃវិស័យរដ្ឋ និងឯកជន និងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យហ្វីលីពីននាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជាឱ្យបានកាន់តែច្រើន ជាពិសេសបានជំរុញឱ្យហ្វីលីពីនវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ដូចជាក្នុងដំណើរការរោងម៉ាស៊ីនកិនស្រូវសម្រាប់ការនាំចេញទៅកាន់ប្រទេសហ្វីលីពីន ដើម្បីបំពេញតម្រូវការរបស់ប្រទេសនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមប្រធានាធិបតី Marcos បានពិភាក្សាគ្នាយ៉ាងយូរអំពីបញ្ហាប្រឈមនានាដែលអាស៊ានកំពុងជួបប្រទះ ដូចជាបញ្ហាមីយ៉ាន់ម៉ា និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌអាស៊ានជាដើម។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ៕
ដោយ៖ពលជ័យ