លោក ស៊ី ជីនពីង ប្រាប់កងទ័ពចិនឱ្យផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានប្រកាសប្រាប់កងទ័ពចិនឱ្យផ្តោតលើការត្រៀមខ្លួនធ្វើសង្គ្រាម។ រូបភាពរបស់លោក ស៊ី ដែលទើបត្រូវបានតែងតាំងជាអគ្គលេខាធិការបក្ស និងជាប្រធានាធិបតីចិនអាណត្តិទី៣ ក្នុងឯកសណ្ឋានកងទ័ពនាអំឡុងពេលទស្សនកិច្ចនៅឯមជ្ឈមណ្ឌលបញ្ជាការកងទ័ពមួយកន្លែងត្រូវបានបង្ហាញយ៉ាងច្បាស់ក្រឡែតនៅលើទំព័រមុខរបស់កាសែតចិន People’s Daily កាលពីថ្ងៃពុធ ទី៩វិច្ឆិកា ឆ្នាំ២០២២។

ប្រមុខដឹកនាំចិនលោក ស៊ី បាននិយាយថា កងទ័ពត្រូវតែពង្រឹងការហ្វឹកហ្វឺនយោធា ដើម្បីត្រៀមលក្ខណៈសម្រាប់សង្គ្រាមឱ្យបានទូលំទូលាយ។ « ផ្តោតលើកម្លាំងថាមពល [របស់អ្នក] លើការប្រយុទ្ធ ខិតខំប្រឹងប្រែងប្រយុទ្ធ និងបង្កើនសមត្ថភាពដើម្បីឈ្នះ»។ នេះគឺជាសម្តីរបស់លោក ស៊ី ដែលត្រូវបានគេដកស្រង់មក។ កងទ័ពក៏ត្រូវតែ «អង់អាចម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ និងសន្តិសុខជាតិ ខណៈដែលប្រទេសចិនស្ថិតក្នុងភាពមិនស្ថិតស្ថេរ និងមិនប្រាកដប្រជា»។

គួរជ្រាបថា ភា្លមៗបន្ទាប់ពីបានឡើងកាន់អំណាច មេដឹកនាំចិនលោក ស៊ី ជីនពីង ធ្លាប់បានចេញបញ្ជាឱ្យកងទ័ពផ្តោតលើការរៀបចំសង្រ្គាមកាលពីឆ្នាំ ២០១៣ ហើយម្តងទៀតនៅឆ្នាំ ២០១៧។

ក្រុមអ្នកវិភាគផ្នែកនយោបាយនិយាយថា លោក ស៊ី បាននិងកំពុងបង្កើនវោហាសាស្ត្ររបស់លោក។ កាលពីឆ្នាំ ២០១៦ នៅក្នុងដំណើរទស្សនកិច្ចស្រដៀងគ្នាទៅកាន់មជ្ឈមណ្ឌលបញ្ជាការកងទ័ព។ បុរសខ្លាំងចិនរូបនេះ បានប្រាប់មន្រ្តីក្រោមឱវាទឱ្យស្មោះត្រង់ និងមោះមុតក្នុងការប្រយុទ្ធ ត្រូវក្លាហាន ព្រមទាំងមានសមត្ថភាពយកឈ្នះសង្រ្គាម។

« លោកស៊ី កំពុងផ្ញើសារទៅកាន់សហរដ្ឋអាមេរិក និងតៃវ៉ាន់»។ នេះ គឺជាការអះអាងរបស់លោក វីលី ឡាំ (Willy Lam) បុគ្គលិកជាន់ខ្ពស់នៅមូលនិធិ Jamestown ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន។ លោក វីលី ឡាំ បានរំលេចទៀតថា បើទោះបីជាកម្លាំងយោធារបស់ចិននៅមិនទាន់ស្មើនឹងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែការសម្រេចចិត្តរបស់លោក ស៊ី មិនតែងតែផ្អែកលើការគណនាដែលសមហេតុផលនោះទេ។

គួររំឭកថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើការវាយប្រហារដោយមិននិយាយសំដៅចំឈ្មោះឡើយ លើការគាំទ្រកាន់តែខ្លាំងឡើងរបស់អាមេរិកចំពោះទីក្រុងតៃប៉ិ នៅឯសមាជបក្សកុម្មុយនីស្តលើកទី២០ ដែលទើបបានបញ្ចប់ទៅនៅទីក្រុងប៉េកាំងកាលពីខែមុន។

លោកស៊ី បានស្តីបន្ទោសការជ្រៀតជ្រែកពីបរទេស ចំពោះការធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ។ សម្រាប់លោកប្រធានាធិបតីចិនរូបនេះ លោកមើលឃើញថា ការដណ្តើមយកកោះតៃវ៉ាន់មករួមរស់ក្នុងមហាគ្រួសារចិនតែមួយគឺជារឿងដ៏សំខាន់។ ជាក់ស្តែង នៅក្នុងពេលថ្លែងសុន្ទរកថាបើកសមាជលើកទី២០របស់បក្សកុម្មុយនីស្ត លោកស៊ី បាននិយាយថា ចិនត្រូវបង្រួបបង្រួមតៃវ៉ាន់តាមផ្លូវសន្តិវិធី ហើយថាចិននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងនោះទេ។

គួរបញ្ជាក់ដែរថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្យាម្តងហើយម្តងទៀតថា អាមេរិកនឹងចូលជួយការពារតៃវ៉ាន់ ប្រសិនបើតៃវ៉ាន់រងការវាយប្រហារនោះ។ បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី ណាន់ស៊ី ប៉េឡូស៊ី ធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែសីហា កងទ័ពរំដោះប្រជាជនចិនបានចល័តនាវាចម្បាំង និងយន្តហោះជាច្រើនគ្រឿងទៅជិតខ្សែបន្ទាត់កណ្តាលដែលជាព្រំដែនមិនផ្លូវការរវាងចិន និងតៃវ៉ាន់ នៅឯច្រកសមុទ្រតៃវ៉ាន់។

នៅសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានរិះគន់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មអង់គ្លេសលោក ហ្ក្រេក ហេនស៍ (Greg Hands) ទៅកាន់កោះតៃវ៉ាន់ដែរ ហើយបានប្រាប់រដ្ឋាភិបាលអង់គ្លេសឱ្យបញ្ឈប់នូវការបញ្ជូនសញ្ញាខុសទៅកាន់កងកម្លាំងបំបែកខ្លួនដើម្បីឯករាជ្យភាពតៃវ៉ាន់ទៀតផង៕
ដោយ៖ លី លីយ៉ា
ប្រភពព័ត៌មាន៖
Xi Jinping tells China’s army to focus on preparation for war

ads banner