កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ ត្រូវបាន បើកជាផ្លូវការក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិក អាស៊ាន ដទៃទៀត នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានអាស៊ានរួមនឹងប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិក អាស៊ានដទៃទៀត នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្ដែងនូវការស្វាគមយ៉ាងកក់ក្តៅ ជូនចំពោះថ្នាក់ដឹកនាំប្រទេសជាសមាជិក អាស៊ាន ដៃគូសន្ទនាអគ្គលេខាធិការអាស៊ានភ្ញៀវកិត្តិយសនិងប្រតិភូតំណាងទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ។
សម្ដេចតេជោ បន្តថា ឆ្នាំនេះ ជាឆ្នាំវិសេសវិសាល របស់អាស៊ានដោយយើងប្រារព្ធពិធីខួបអនុវស្សាវរីយ៍ ៥៥ ឆ្នាំ នៃ វឌ្ឍនភាពនិងការអភិវឌ្ឍចាប់តាំងពី ការ បង្កើតសមាគម ។យើងបានឆ្លងកាត់ផ្លូវដ៏ វែងឆ្ងាយ ក្នុងនាមជាអង្គការថ្នាក់តំបន់ ក៏ដូចជា គ្រួសារ និងបងប្អូន ។ យើងរួមគ្នាសម្រេចបាននូវ គោលបំណងចម្បង ក្នុងការកសាងសហគមន៍ អាស៊ាន ប្រកបដោយសុខសន្តិភាព ទំនើបកម្ម ភាពធន់ និងបរិយាបន្ន ។
សម្ដេចបន្ថែមថា ដើម្បីប្រារព្ធអបអរសាទរលើការ សម្រេចបាននូវសមិទ្ធផលគោលដៅជាប្រវត្តិសាស្ត្រនេះ យើងនឹងដាក់ចេញ នូវសេចក្តីថ្លែងការណ៍ របស់ថ្នាក់ដឹកនាំអាស៊ានស្តីពីខួបលើកទី៥៥នៃការបង្កើតអាស៊ានដែលនឹងត្រូវបានបំពេញបន្ថែមដោយសេចក្តីថ្លែងការណ៍ ២ ផ្សេងទៀត គឺសេចក្តីថ្លែង ការណ៍ចក្ខុវិស័យរបស់ ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈម ទាំងអស់គ្នា» និងសេចក្តីថ្លែង ការណ៍របស់ថ្នាក់ ដឹកនាំអាស៊ាន ស្តីពីរបៀបវារៈនៃការតភ្ជាប់អាស៊ាន ក្រោយឆ្នាំ ២០២៥ ដែលនឹងត្រូវ បានអនុម័ត នា ពេលបន្តិចទៀត ក្នុងថ្ងៃនេះ ។
មគ្គុទេ្ទសក៍ គោល នយោបាយទាំងនេះ បានបង្ហាញអំពី ការតាំងចិត្ត របស់ យើង ក្នុងការកសាងអនាគតអាស៊ាន ទៅជា សហគមន៍ដែលមានឯកភាពបរិយាបន្នភាពធន់និងនីតិរដ្ឋ;ជាសហគមន៍ពោរពេញដោយកាលានុវត្តភាព ដែលប្រជាជនអាចមានការតភា្ជប់ គ្នាយ៉ាង រលូន ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌; បរិស្ថានសុខភាពល្អ និងការគាំពារសង្គម ប្រកប ដោយសមធម៌; និងជាសហគមន៍ ដើរតួជាស្នូល សម្រាប់និម្មាបនកម្មតំបន់ ដែលប្រែប្រួលយ៉ាង ឆាប់រហ័សនិងក្នុងការពង្រឹងទំនាក់ ទំនងជាមួយ ដៃគូខាងក្រៅ ដោយផ្អែកលើទំនុកចិត្ត និងការ គោរពគា្នទៅវិញទៅមកដើម្បីសន្តិភាពសន្តិសុខនិងកំណើនប្រកបដោយចីរភាព ក្នុងតំបន់ ក៏ដូចជា សកល លោក ។
សម្ដេចតេជោប្រធានអាស៊ាន បានបន្តថា ការ រាតត្បាតនៃកូវីដ-១៩ បានកើតមានជិត ៣ ឆ្នាំហើយ ចាប់តាំងពីដើមឆ្នាំ ២០២០ មក ។ ជាមួយនឹងការព្យាយាម និងកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីលះបង់របស់យើង តាមរយៈ សមាជិក អាស៊ាននីមួយៗ និងអាស៊ានជារួម យើងអាចប្រកាសដោយមោទនភាពថា យើងបាន យកឈ្នះលើការ គម្រាមកំហែងជាសកលនេះ ហើយ បានចាប់ផ្ដើម ដំណើការស្ដារឡើងវិញនូវ សកម្មភាពសង្គម-សេដ្ឋកិច្ច។ផ្អែកតាមការវាយតម្លៃនិងព្យាករណ៍របស់ការិយាល័យស្រាវជ្រាវសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) កាលពីខែ តុលា កន្លងទៅនេះ រដ្ឋសមាជិកអាស៊ាន នីមួយៗនឹងទទួលបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ហើយតំបន់អាស៊ានទាំងមូល នឹងអាចសម្រេចបាន កំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ ២០២២ និង ២០២៣ រៀងគ្នា, ដែលជា អត្រា ខ្ពស់ បើប្រៀបធៀបទៅនឹងតំបន់ផ្សេង ទៀតនៃសកល លោក ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខណៈ ដែលយើងកំពុងសប្បាយរីករាយជាមួយនឹងផ្លែផ្កាពីការខិតខំរបស់យើង លើវិថីឆ្ពោះ ទៅកាន់កំណើន ប្រកបដោយចីរភាពនេះ យើងត្រូវតែប្រុងប្រយ័ត្ន ជានិច្ច ដោយស្ថានភាពសង្គម សេដ្ឋកិច្ចអាស៊ាន និងទូទាំងសកលលោក នៅមានភាពផុយស្រួយ និងបែកខ្ញែកគ្នានៅឡើយ ។ យើងកំពុងស្ថិតនៅ លើ ចំណុចប្រសព្វដ៏ស្រពេចស្រពិលបំផុត ដែលជីវិតមនុស្សរាប់លាននាក់ក្នុងតំបន់ ពឹង ផ្អែកលើឧត្តមគតិ និងចក្ខុវិស័យវែងឆ្ងាយ គោលនយោបាយ និងការសម្រេចចិត្តត្រឹមត្រូវ និងអភិក្រមប្រាកដនិយមរបស់យើង ក្នុងការ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រនានា ដែលយើងទាំងអស់ គ្នាកំពុងជួបប្រទះ ។
សម្ដេចលើកឡើងថា ពាក្យស្លោកមួយបាន ពោលថា គ្រោះមហន្តរាយ និងវិបត្តិ អាច បញ្ចេញមកនូវឧត្តមភាពរបស់មនុស្ស ។ ក្នុង ន័យនេះ ខ្ញុំមានជំនឿថា យើងទាំងអស់គា្នជួបជុំគ្នា នៅទីនេះ និងថ្ងៃនេះ ក្នុងគោល បំណងចែករំលែក នូវការយល់ឃើញពីភាពបន្ទាន់ ក្នុងការធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម រួមខាងលើ ។ ខ្ញុំក៏ជឿ ជាក់ថា អ្នកទាំងអស់គ្នា យល់ស្របជាមួយ នឹងមូលបទឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយ បញ្ហាប្រឈមទាំងអស់គ្នា» ដែលត្រូ វនឹងបរិបទ ហើយក៏សមស្របនឹង ស្ថានការណ៍ បច្ចុប្បន្ន ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើង បន្តទៀតថា ថ្វីត្បិតមានបញ្ហាប្រឈមដ៏មហិមា យើងទាំងអស់គា្ន បានរៀបចំនូវកិច្ច ប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេស សហគមន៍សង្គម-វប្បធម៌ អាស៊ាន សេដ្ឋកិច្ច ការពារជាតិ និងរដ្ឋមន្តី ផ្សេង ទៀត នាពេលកន្លងមក ជាមួយនឹងលទ្ធផល គួរជាទីគាប់ចិត្ត ។ ទាំងនេះបង្ហាញពីសាមគ្គីភាព ទៅកាន់ពហុភាគីនិយមភាពចាស់ទុំក្នុងទំនាក់ទំនងការទូតរបស់យើង និងការប្ដេជ្ញាចិត្តរបស់យើង ដើម្បីសន្តិភាព ស្ថិរភាព និងផ្នត់គំនិតមនុស្សធម៌ សម្រាប់ប្រជាជនគ្រប់គ្នា ។
សម្ដេចបានបង្ហាញការជឿជាក់ថា ស្មារតី សហប្រតិបត្តិការ និងការចូលរួមដោយស្ថាបនា ដែលបង្ហាញជាក់ស្ដែងកន្លងមក នៅតែអាចបន្តជា អាទិភាព ក្នុងកិច្ចពិភាក្សារបស់យើង ក្នុងរយៈពេល បួនថ្ងៃខាងមុខ ។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ដោយឆ្នាំ ២០២២ នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ កិច្ចប្រជុំ កំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំ កំពូលអាស៊ានពាក់ព័ន្ធជាមួយដៃគូ នឹងផ្តល់នូវ ដំណោះស្រាយ ដើម្បីសម្រេចនូវសមិទ្ធផល និង អាទិភាពគន្លឹះសម្រាប់ឆ្នាំ ២០២២ របស់ អាស៊ាន និងផ្សារភ្ជាប់ជាមួយនឹងទិសដៅ សហប្រតិបត្តិការ នាពេលអនាគត ។ ក្នុងកិច្ច ប្រជុំទាំងនេះ យើងនឹង អនុម័ត និងកត់សម្គាល់នូវបញ្ជីឯកសារសមិទ្ធផល ដ៏វែង ចំនួនប្រហែល ១០០ ឯកសារ ដើម្បីជា មគ្គុទេ្ទសក៍សម្រាប់សកម្មភាព និងសហប្រតិបត្តិ ការ របស់ យើង នាឆ្នាំតទៅមុខ ។
សម្ដេចតេជោ បានឱ្យដឹងដែរថា នាថ្ងៃទី១៣វិច្ឆិកា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចសន្ទនាសកល អាស៊ានលើកទី២ ដើម្បីចែករំលែកទស្សនៈស៊ី ជម្រៅ និងពិភាក្សាលើទិសដៅឆ្ពោះទៅកាន់ការ ស្តារសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងការ កសាងអាស៊ានប្រកបដោយចីរភាព និងភាពធន់ ក្នុងសម័យកាលក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ។ សម្ដេចសង្ឃឹមថា អ្នកទាំងអស់គ្នា អាចចូលរួម ស្ដាប់ទស្សនៈពីមេដឹកនាំ និងដៃគូអាស៊ាន ក៏ដូច ជាការយល់ឃើញពីស្ថាប័នអន្តរជាតិ និងតំបន់ .. តើតំបន់អាស៊ានអាចឆ្លងកាត់បញ្ហាប្រឈម និងកសាងសហគមន៍កាន់តែរឹងមាំសម្រាប់គ្រប់ៗគ្នា បានយ៉ាងដូចម្តេច ?។
បន្ទាប់ពីបញ្ចប់ពិធីបើកនេះ ក៏មានពិធីតាំង ពិព័រណ៍ រូបថត ស្តីពីការចូលរួមចំណែក របស់ កម្ពុជា ក្នុងសហគមន៍អាស៊ាន រយៈពេលពីរ ទសវត្សរ៍ មកនេះ ដែលខ្ញុំសូមអញ្ជើញអ្នកទាំងអស់ គ្នាចូលរួមទស្សនារូបថតទាំងនេះ កុំបីខាន ។
សម្ដេចតេជោប្រធានអាស៊ាន បានថ្លែងបន្តថា ខណៈយើងធ្វើដំណើរទៅមុខ យើងក៏មិនត្រូវភ្លេច នូវ អតីតកាល និងគុណតម្លៃ ដែលយើងបាន កសាង និងថែរក្សានោះទេ ។ សម្ដេចជឿជាក់ថា បាវចនារបស់យើង «អាស៊ាន ចក្ខុវិស័យតែមួយ, អត្ត សញ្ញាណតែមួយ និងសហគមន៍តែមួយ» នៅតែមានគុណតម្លៃពិតប្រាកដ នាពេលនេះ ។ សូមយើង ទាំងអស់គា្ន ផ្តោតលើគោលបំណង រួមនៃការអភិវឌ្ឍរួមគ្នា ដើម្បីសន្តិភាព ស្ថិរភាព និងឧត្តមភាពន តំបន់នេះ។ ទំនាក់ទំនងរបស់ យើង ទាំងអស់គ្នា មិនកើតឡើងដោយចៃដន្យ នោះទេ ប៉ុន្តែតាមរយៈ ការប្រឹងប្រែង ការប្ដេជ្ញាចិត្ត និងការព្យាយាមជាច្រើនឆ្នាំ ។ យើងត្រូវថែរក្សា និងដឹងគុណដល់អ្វីៗ ដែលយើងបានកសាង ។ ដូចនេះ ការថែរក្សាឯកភាព សាមគ្គីភាព និងមជ្ឈភាព របស់យើង គឺជាអាទិភាព ចម្បងបំផុត ដើម្បីធានាឱ្យតំបន់យើងមានចីរភាព និងភាពធន់ សម្រាប់ព្រឹត្តិការណ៍ដែលអាចកើតមាន នាពេល អនាគត ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសបើក កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីពេលនេះតទៅ ។
តមក សម្តេចតេជោ ហ៊ុន សែន និងប្រមុខរដ្ឋ-រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត បាន អញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេល ក្លាយជាសមាជិកអាស៊ាន រយៈពេលប្រមាណ ២៣ឆ្នាំកន្លងមកនេះ ។
សូមជម្រាបថា សម្រាប់ឆ្នាំ២០២២ មេដឹកនាំ អាស៊ាន ចំនួន ៨ មានវត្តមាននៅក្នុងកិច្ច ប្រជុំកំពូលអាស៊ាននេះ រួមមាន សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រធាន កិច្ចប្រជុំ, ព្រះមហាក្សត្រព្រុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តម ចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ ឯកឧត្តម ផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វែដីណាន់ ម៉ាកូស ជូអរ, នាយករដ្ឋមន្រ្តីសិង្ហបុរី ឯកឧត្តម លី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ឯកឧត្តម ផាម មិញជិញ។
ដោយឡែក នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ឯកឧត្តម អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប មិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះឡើយ ដោយសារតែលោក ជាប់រវល់ក្នុងការបោះ ឆ្នោត ថ្នាក់ ជាតិ ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ា ឯកឧត្តម មីន អ៊ុងឡាំង ក៏មិនត្រូវបាន អញ្ជើញឱ្យចូលរួមដែរ តែសម្រាប់ប្រទេស មីយ៉ាន់ម៉ា អាស៊ាន សម្រេចអញ្ជើញតំណាង មិនមែននយោបាយ មកចូលរួមជំនួសវិញ ៕