អ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបង្ហាញពីការជួយទិញផលិតផល និងរកការងារធ្វើដល់ប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ក្នុងពេលយកទំនិញដែលជាផលិតផលក្នុងស្រុក ក្នុងនេះមានទាំងគ្រឿងឧបភោគ បរិភោគនិង របស់របរប្រើប្រាស់ជា ហូលផាមួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងសណ្ឋានគារសុខារាជធានីភ្នំពេញ ក្រុមអ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបានបង្ហាញពីការជួយដល់សហគមន៍ក្នុងការជួយរកការងារ និងជួយទិញផលិតផលរបស់ពួកគាត់សំដៅដើម្បីជួយលើកស្ទួយជីវភាពពួកគាត់ឱ្យកាន់តែប្រសើរឡើង។

គួរបញ្ជាក់ថាក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន២៥ និងស្តង់ចំនួន២៦បានដាក់លក់ទំនិញច្រើនមុខ សម្រាប់គណៈប្រតិភូក្នុងកិច្ចប្រជុំកំពូលអាស៊ានចូលរួមទស្សនានូវផលិតផលប្រកបដោយគុណភាពរបស់កម្ពុជា។

កំពុងដាក់លក់ទំនិញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក អ្នកស្រី ហម ផុស្សនាកល្យាណី អ្នកកែច្នៃម៉ូតប្រចាំ ក្រុមហ៊ុន ហត្ថានារី បានឱ្យដឹងថា ទំនិញរបស់ អ្នកស្រីដែលយកតាំងមកតាំងបង្ហាញនេះមានទានក្រអូប និង តែ ដែលជាផលិតផលចេញមកពីសហគមន៍ ។

អ្នកស្រីបានបន្តឱ្យដឹងថា៖ការយកទំនិញដែលជាផលលិតផលក្នុងស្រុកនេះដែរគឺក្នុងគោលបំណងចង់បង្ហាញដល់បរទេសឱ្យបានស្គាល់ទំនិញរបស់កម្ពុជាថាប្រទេសយើងក៏អាចផលិតនូវទំនិញដែលមានគុណភាពនិងប្រកបទៅដោយការនិយមប្រើប្រាស់មិនចាញ់ប្រទេសដទៃនោះឡើយ។

ស្រ្តីរូបនេះបានបញ្ជាក់បន្ថែមថា”ពួកយើងបានផលិត នូវផលិតផលទាំងអស់នេះនៅក្នុងស្រុកសៀមរាបនិងក្នុងបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ហើយដូចជាតែ និងសារជាតិផលិតធ្វើជាទានក៏បានទិញពីសហគមន៍ដែលផ្តល់នូវចំណូលជូនពួកគាត់ក្នុងការដោះស្រាយជីវភាព”។

ដោយឡែកអ្នកស្រី ម៉ាលីកា ក្រុមហ៊ុនផ្តៅម៉ាឃីត ដែលជាក្រុមហ៊ុនមួយបានកែច្នៃកំប្លោកធ្វើជា កាបូប កាតាប និងរបស់របរដទៃជាច្រើនទៀតក្នុងការយកមកដាក់តាំងលក់នៅក្នុង ពិព័រណ៍ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១នេះដែរបានប្រាប់ឱ្យដឹងថា ការកែច្នៃទំនិញផលិតចេញពីកំប្លោកនេះក្នុងគោលបំណងសំខាន់គឺដើម្បីលើកស្តួយស្រ្តីខ្មែរនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើ មានជំនាញច្បាស់លាស់និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។

ជាមួយគ្នានេះអ្នកស្រី គង់សិទ្ធាវី អ្នកផ្នែកទីផ្សារនៃ អង្ករ Ibis Riceបានឱ្យដឹងថាលោកស្រីពិតជាមោឌនភាពដែលអង្កររបស់អ្នកស្រីកំពុងបានទទួលពេញនិយមលើទីផ្សារ។បច្ចុប្បន្នប្រភេទអង្ករបស់អ្នកស្រីមិនត្រឹមតែលក់ក្នុងទីផ្សារក្នុងស្រុកទេ ប៉ុន្តែក៏អាចលក់ក្នុងទិផ្សារអន្តរជាតិបានថែមទៀត។

ទាក់ទិនទៅនឹងអង្ករនេះដែរស្រ្តីរូបនេះបានឱ្យដឹងបន្ថែមថាគម្រោង Ibis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូល ហើយធ្វើការជាមួយកសិករកម្ពុជា ដើម្បីផលិតអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ។

គួរបញ្ជាក់ថាអង្គការជីវិតសត្វស្លាបអន្តរជាតិ បានធ្វើការជាមួយគម្រោង Ibis Rice និងអង្គការ WCS ដើម្បីអនុវត្តកម្មវិធីបង្កើនជីវភាពពលរដ្ឋនេះ ទទួលបានជោគជ័យរួចទៅហើយ នៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តមួយចំនួនទៀត។

ដោយឡែកលោក អូន វណ្ណដា មន្ត្រី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា៖ កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា រូបចម្លាក់ដែលធ្វើពីកំទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ហូល ក្រមា ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។

លោកបានបញ្ជាក់បន្ថែមថាចំពោះផលិតផលក្នុងវិស័យ កសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង ត្រូវបានផលិត និងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner