សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ

ភ្នំពេញ៖ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
1.ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
2.ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។
3.បង្កើតជាផែនទីបង្ហាញផ្លូវផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
4.ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំងនោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

ads banner