កម្ពុជា-ចិន ប្រារព្ធពិធីប្រគល់និងទទួលគម្រោងជួសជុលប្រាសាទតាកែវ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ នៅខេត្តសៀមរាបឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់និងទទួលគម្រោងជួសជុលប្រាសាទតាកែវ។ ពិធីនេះរៀបចំធ្វើនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនៅខាងមុខប្រាង្គប្រាសាទតាកែវតែម្ដង បន្ទាប់ពីប្រាសាទនេះបញ្ចប់ការជួសជុលក្រោមគម្រោងសហប្រតិបត្តិការអន្ដរជាតិរវាងកម្ពុជានិងចិន។

គម្រោងជួសជុលប្រាសាទតាកែវ ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១១ និងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០១៨ ត្រូវបានអនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA។

នៅក្នុងពិធីនាថ្ងៃទី១០ ខែវិច្ឆិកា ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានគូសបញ្ជាក់ឱ្យដឹងថា ជំនួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ ១៩៩៣មកម្ល៉េះ។ ជាក់ស្ដែង ក្រៅតែពីគម្រោងជួសជុលប្រាសាទតាកែវ ប្រទេសចិនក៏កំពុងតែបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរផងដែរ។ បើតាមឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់បន្ថែមថា ប្រទេសចិន តាមរយៈគោលនយោបាយនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ ឱ្យបានកាន់តែខ្លាំងក្លា ដូចដែលភាគីចិន កំពុងបន្តធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា ក៏ដូចជាការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។

ដោយឡែក ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ថ្លែងថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើន ដែលបានកត់ត្រាអំពីរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរ។ និងថា គម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូ ដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន។

លោកនាយករដ្ឋមន្រ្តីចិន មានសុទិដ្ឋិនិយមថា គម្រោងជួសជុលប្រាសាទតាកែវនេះ នឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។

លោក លី ខឺឈាង អះអាងថា ចិនគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិរក្សប្រាសាទ និងជួយជំរុញផ្ដាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន ហើយលោកសង្ឃឹមទៀតថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យប្រជាជនខ្មែរនិងប្រជាជនចិន អាចស្វែងយល់ពីអារ្យធម៌គ្នាថែមមួយកម្រិតទៀត៕
ដោយ៖កែវ កិរិយា

ads banner