នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ វាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បណ្ឌិត Phankham Viphavanh នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានជួបពិភាក្សាទ្វេភាគី នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦។
ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦% នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា និងឡាវ (JBC) ឱ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះហត្ថលេខានៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ នៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឱ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។ នាយករដ្ឋមន្រ្ដីទាំងពីរ បានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តម Phankham Viphavanh បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះ ឯកឧត្តមបណ្ឌិត Phankham Viphavanh បានកោតសរសើរចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឡាវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួមផងដែរ៕

