អ្នកនាំពាក្យ៖ សន្តិសុខ សណ្តាប់ធ្នាប់ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ គឺមានស្ថានភាពល្អ
ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកានេះថា ទាក់ទងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ជារួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃ នៃដំណើរការកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ចាប់ពីថ្ងៃទី៨ រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺសភាពការណ៍ល្អ មិនមានអ្វីគួរឱ្យកត់សម្គាល់ទេ ដោយសារតែមានការចូលរួមសហការគ្នាបានយ៉ាងល្អដោយកម្លាំងចម្រុះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់។
លោកបានបញ្ជាក់ថា ដូចដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់រួចហើយ គឺកម្លាំងសរុបដែលការពារកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ប្រើប្រាស់កម្លាំងសរុបជាង១ម៉ឺននាក់។ ដោយឡែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយអនុវត្តតាមផែនការ និងបទបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្រើប្រាស់កម្លាំងសរុបជាង២៣០០នាក់ ដោយត្រូវបានបែងចែង និងតួនាទីយ៉ាងច្បាស់លាស់ ដោយទទួលខុសត្រូវក្នុងគោលដៅសំខាន់ៗ ហើយកម្លាំងដែលប្រើរួមមានកម្លាំងអន្តរាគមន៍ពិសេស កម្លាំងតាមការិយាល័យជំនាញ កម្លាំងចរាចរណ៍សណ្តាប់ធ្នាប់ និងដាក់ពង្រាយតាមដងផ្លូវសំខាន់ៗទាំងអស់ក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ ដើម្បីជួយសម្រួលចរាចរណ៍ដើម្បីកុំឱ្យមានការកកស្ទះ ជាពិសេសកម្លាំងអគ្គិភ័យ គឺត្រៀម២៤ម៉ោងលើ ២៤ម៉ោង ក្នុងករណីមានបាតុភាពអគ្គិភ័យកើតមានឡើង។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សរុបជារួម គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែវិច្ឆិកានេះ គឺស្ថានភាពល្អ មិនមានបញ្ហាអ្វីកើតឡើងនោះទេ៕
ដោយ៖ពលជ័យ




