សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល G20 និងកិច្ចសន្ទនាក្រៅផ្លូវការ របស់មេដឹកនាំ APEC ក្រោយកិច្ចប្រជុំកំពូលអាស៊ានបិទបញ្ចប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ាន ដែល កម្ពុជា ធ្វើ ជា ម្ចាស់ ផ្ទះ បិទ បញ្ចប់ ជា ផ្លូវ ការ នៅ ថ្ងៃ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានឹង ដឹក នាំ គណៈ ប្រតិភូ កម្ពុជា ទៅ ចូល រួម កិច្ច ប្រជុំ កំពូល G20 នៅកោះ បាលី ប្រទេស ឥណ្ឌូនេស៊ី និង កិច្ច សន្ទនា ក្រៅ ផ្លូវ ការ របស់ មេ ដឹក នាំ APEC ចាប់ ពី ថ្ងៃ ទី ១៥ ដល់ ថ្ងៃ ទី ១៨ ខែ វិច្ឆិកា ។ នេះ បើ តាម សេចក្ដី ប្រកាស ព័ត៌មាន របស់ ក្រសួង ការបរទេស និង សហប្រតិបត្តិការ អន្ដរជាតិ ចុះ ថ្ងៃ ទី ១២ ខែ វិច្ឆិកា ។

បើ តាម សេចក្ដីប្រកាស ព័ត៌មាន ដដែល ដំណើរ ទៅ ចូល រួម កិច្ច ប្រជុំ សំខាន់ ៗ ទាំង ពីរ របស់ ប្រមុខ រដ្ឋាភិបាល កម្ពុជា នឹង ត្រូវ អម ដំណើរ ដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីការ បរទេស និង សហប្រតិបត្តិការ អន្ដរជាតិ, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ដ្រី ក្រសួង ពាណិជ្ជកម្ម, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍យ៍ និង ទូរគមនាគមន៍ ព្រម ទាំង មន្ដ្រី ជាន់ ខ្ពស់ នៃ រដ្ឋាភិបាល កម្ពុជា មួយ ចំនួន ទៀត ។

សម្រាប់ កិច្ច ប្រជុំ G20 ដែល រៀបចំ ធ្វើ នៅ កោះ បាលី ប្រទេស ឥណ្ឌូនេស៊ី ចាប់ ពី ថ្ងៃ ទី ១៥ ដល់ ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ប្រមុខ រដ្ឋាភិបាល កម្ពុជា នឹង ថ្លែង បទ អន្តរាគមន៍ ក្នុង សម័យ ប្រជុំ ទី ១ ស្ដី ពី សន្តិសុខ ស្បៀងនិង ថាមពល និង សម័យ ប្រជុំ ទី ២ ស្ដី ពី បញ្ហា សុខភាព ដែល នឹង សង្កត់ ធ្ងន់ លើ សារសំខាន់ នៃ ពហុភាគី និយម និង កិច្ច សហការ គ្នា ឆ្ពោះ ទៅ រក គោលដៅ នៃ ការ ស្ដារ ឡើង វិញ ប្រកប ដោយ ចីរភាព ក្រោយ ជំងឺ រាតត្បាត ។ ក្រសួង ការបរទេស កម្ពុជា បញ្ជាក់ ឱ្យ ដឹង បន្ថែម ថា នៅ ក្នុង អំឡុង ពេល ស្នាក់ នៅ កោះ បាលី លោក នាយក រដ្ឋមន្ដ្រី ហ៊ុន សែន នឹង អញ្ជើញ ចូល រួម កម្មវិធី អាហារ ពេល ល្ងាច ក្រៅ ផ្លូវការ ដែល រៀបចំ ដោយ លោក ប្រធានាធិបតី បារាំង ហើយ ក៏ រំពឹង ថា នឹង មាន ជំនួប ពិភាក្សា ទ្វេ ភាគី ជាមួយ ប្រមុខ គណៈប្រតិភូ មួយ ចំនួន ផង ដែរ ។

ការ ចូល រួម របស់ កម្ពុជា នៅ ក្នុង កិច្ច ប្រជុំ កំពូល នា ឆ្នាំ នេះ បង្ហាញ ពី តួនាទី ដ៏ សំខាន់ របស់ អាស៊ាន ក្នុង និម្មាបនកម្ម តំបន់ និង ការ ប្ដេជ្ញាចិត្ត របស់ ប្រធាន អាស៊ាន បច្ចុប្បន្ន ក្នុង ការ បន្ស៊ី និង បញ្ចូល គ្នា រវាង អាទិភាព សំខាន់ ៗ របស់ អាស៊ាន ជាមួយ នឹង អាទិភាព នានា របស់ វេទិកា តំបន់ និង អន្ដរជាតិ ផ្សេង ទៀត ឆ្ពោះ ទៅ រក សន្តិភាព និង ការ អភិវឌ្ឍ ប្រកប ដោយ ចីរភាព ។ នេះ បើ តាម សេចក្ដី ប្រកាស ព័ត៌មាន ដដែល ។

ដោយ ឡែក សម្រាប់ កិច្ច សន្ទនា ក្រៅ ផ្លូវ ការ របស់ មេ ដឹក នាំ APEC លោក នាយករដ្ឋមន្ដ្រី អញ្ជើញ ចូល រួម ក្នុង នាម ជា ភ្ញៀវ របស់ ប្រធាន កិច្ច ប្រជុំ កំពូល នៅ ថ្ងៃ ទី ១៨ ខែ វិច្ឆិកា នា ទីក្រុង បាងកក តប តាម ការ អញ្ជើញ របស់ សមភាគី ថៃ គឺ លោក នាយករដ្ឋមន្ដ្រី ប្រាយុទ្ធ ចាន់អូចា។

ក្នុង ឋានៈ ជា ប្រធាន អាស៊ាន ឆ្នាំ ២០២២ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹង ថ្លែង សុន្ទរកថា ក្នុង ពិធី បើក កិច្ច សន្ទនា ក្រៅ ផ្លូវ ការ នេះ ដោយ ផ្ដោត លើ ការ រីក ចម្រើន ប្រកប ដោយ ចីរភាព ។ ចំណែក នៅក្នុង សម័យ ប្រជុំ ទី ២ ប្រមុខ រដ្ឋាភិបាល កម្ពុជា នឹង ថ្លែង សុន្ទរកថា ស្ដី ពី «ការ លើក កម្ពស់ ពាណិជ្ជកម្ម និង ការ វិនិយោគ ប្រកប ដោយ ចីរភាព រវាង APEC និង ដៃគូ ពាណិជ្ជកម្ម»។ ជា បទអន្តរាគមន៍ ដែល នឹង រួម ចំណែក ដល់ កិច្ច ពិភាក្សា ស្ដី ពី ការ រីក ចម្រើន ប្រកប ដោយ ចីរភាព និង ការ បង្កើន កិច្ច សហប្រតិបត្តិការ រវាង APEC និង ដៃគូ ខាង ក្រៅ របស់ ខ្លួន ស្រប តាម មូលបទ APEC ឆ្នាំ ២០២២ «ការ បើក ចំហរ ការ ត ភ្ជាប់ និង តុល្យភាព»។

ក្នុង អំឡុង ពេល ស្នាក់ នៅ ទីក្រុង បាងកក ប្រទេស ថៃ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ នឹង មាន ជំនួប ពិភាក្សា ទ្វេ ភាគី ជាមួយ ប្រធានាធិបតី បារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅ ថ្ងៃ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ផង ដែរ ៕
ដោយ:កែវ កិរិយា

ads banner