នាយករដ្ឋមន្រ្តីកាណាដា វាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោ ប្រកាន់យក ចំពោះការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន និងវិធានការជួយមីយ៉ាន់ម៉ា
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នាយករដ្ឋមន្រ្តីកាណាដា ឯកឧត្តម ចាស្ទីន ទ្រូដូ បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោ ប្រកាន់យកចំពោះការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងវិធានការ ដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ ។
បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានឲ្យដឹងថា៖ នៅក្នុងជំនួបនោះ ឯកឧត្តម ចាស្ទីន ទ្រូដូ បានអរគុណសម្ដេចតេជោនាយករដ្ឋមន្រ្តីចំពោះការទទួល និងអញ្ជើញឯកឧត្តម ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅព្រះរាជាណាចក្រកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោប្រកាន់យក ចំពោះការឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងវិធានការ ដើម្បីជួយមីយ៉ាន់ម៉ា ឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ ។
ឯកឧត្តម ចាស្ទីន ទ្រូឌូ បានបញ្ជាក់ថា អាស៊ាន-កាណាដា រួមទាំងប្រទេសកម្ពុជា គឺមានសក្ដានុពលខ្លាំង សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។ ចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ស្ថិតនៅចំណុចកណ្ដាល នៃកិច្ចសហប្រតិបត្តិការរយៈពេលវែង ពិសេស ទំនាក់ទំនងលើវិស័យពាណិជ្ជកម្មការទូត អប់រំ ការប្រែប្រួលអាកាសធាតុ និង (Plgitac )។ល។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌអាស៊ាន ទាំងក្នុងក្របខណ្ឌទ្វេរភាគី ។
ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម ចាស្ទីន ទ្រូឌូ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការជួយដល់ប្រទេសអ៊ុយក្រែន លើការដោះមីន ៕ ដោយ ៖ វណ្ណលុក