រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជ ជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលកន្លងមក នៅក្នុងស្រុកគូលែន
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានដឹកនាំមន្ត្រីខេត្ត ស្រុក មន្ទីរ កងកម្លាំងទាំង៣ និងមន្ត្រីថ្នាក់មូលដ្ឋាន នាំយកគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជ ដែលជាអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅផ្តល់ជូនប្រជាពលរដ្ឋ ៥១៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងពេលកន្លងមក នៅក្នុងឃុំចំនួន២ គឺឃុំគូលែនជើង និងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ ពិធីចែកអំណោយនេះ បានធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកគូលែន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង ៥១៥គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខកំប៉ុង ១យួរ និងគ្រាប់ពូជមួយចំនួនទៀត ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែគិតគូពីភាពសុខទុក្ខ និងផ្ញើការនឹករលឹក ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេស ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។
ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំបង្កបង្កើនផល ដាំដុះដំណាំកសិកម្ម ដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ បន្ថែមទៀត ក្រោយពីទទួលបានគ្រាប់ពូជនេះទៅ ដើម្បីជួយលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ ឲ្យបានល្អប្រសើរឡើងវិញនៅក្នុងគ្រួសារ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានបន្តក្រើនរំលឹក ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តរួមគ្នាអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល គឺ ៣កុំ ៣ការពារ ដើម្បីបង្កាការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងគ្រួសារ និងសហគមន៍ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ៕ ដោយ៖ឡុង សំបូរ