អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងពីភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២

ភ្នំពេញ៖ កូនក្រមុំអាស៊ានដ៏ស្រស់ឆ្លាត ពេលនៅក្រោមអាណាព្យាបាលរបស់កម្ពុជាមួយឆ្នាំ២០២២ពេញនេះ បានបើកចិត្តយ៉ាងទូលាយទទួលយកដៃគូមិត្តភាពឆ្លាត (ចិន) និងដៃគូមិត្តភាពពូកែ (អាមេរិក) ព្រមទាំងដៃគូមហាមិត្តទាំងអស់នៃសមាជិកសន្ធិសញ្ញា TAC ដែលជាសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ដែលមាន៥០ប្រទេសនាពេលនេះ ជាមិត្តដ៏ល្អវិសេសវិសាលរបស់អាស៊ាន។ នេះជាការលើកឡើងរបស់លោក សួន សេរីរដ្ឋា ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ។ លោកបញ្ជាក់ថា នេះជាភាពឆ្លាតវៃរបស់សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២។

លោក សួន សេរីរដ្ឋា បានបន្តថា មិនតែប៉ុណ្ណោះ ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេន កម្ពុជាបានសម្រេចបាននូវគោលនយោបាយថ្នាក់ថ្នម «មជ្ឈភាពអាស៊ាន» មិនឱ្យមានការបែកបាក់ផ្ទៃក្នុងអាស៊ាន និងបង្កើន «មិត្តភាពអាស៊ាន» ដោយទទួលស្គាល់ អ៊ុយក្រែន ជាសមាជិក TAC ហើយពិសេសថែមពីលើនោះទៅទៀតគឺបានរក្សាជំហរ «រក្សាចាស់បន្ថែមថ្មី» ដោយការពថ្នាក់ថ្នមប្រទេសមីយ៉ាន់ម៉ា មិនឱ្យបែកបាក់ចេញពីអាស៊ាន និងបានជំរុញឱ្យបណ្តាប្រទេសសមាជិកអាស៊ានចាស់ ទទួលយកប្រទេសទីម័រខាងកើតចូលជាសមាជិកអាស៊ានថ្មីឱ្យបានឆាប់ តាមរយៈការផ្តល់ឋានៈជាអ្នកអង្កេតការណ៍ដើម្បីត្រៀមចូលជាសមាជិកពេញសិទ្ធិ។

ប្រធានក្រមប្រឹក្សាភិបាលវេទកាសន្តិភាពកម្ពុជា បានបញ្ជាក់ថា នេះជាមោទនភាពនៃនយោបាយការទូតដ៏ទន់ភ្លន់ល្អឥតខ្ចោះរបស់កម្ពុជា ជាប្រធានអាស៊ានប្តូរវេន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ

ads banner