សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាស្វាគមន៍រាល់ប្រទេសដែលចង់បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា កម្ពុជាទទួលស្វាគមន៍រាល់បណ្តាប្រទេសដែលចង់មកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ម្យ៉ាងទៀតកម្ពុជាក៏ទទួលធ្វើសមយុទ្ធយោធាជាមួយរាល់បណ្តាប្រទេសដែលចង់ធ្វើសមយុទ្ធលើការគ្រប់គ្រងគ្រោះមហន្តរាយ ឬប្រឆាំងភេរដើម្បីជម្រះដែលអាមេរិកនិងសម្ព័ន្ធមិត្តសង្ស័យថា កម្ពុជាមូលដ្ឋានយោធារាមឱ្យចិនដាក់ទ័ពនោះ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ នារសៀលថ្ងៃទី១៣ខែវិច្ឆិកាដែលជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំកំពូល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា កម្ពុជាទទួលស្វាគមន៍នូវរាល់បណ្តាប្រទេសទាំងឡាយដែលមានបំណងមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម។ការលើកឡើងបែបនេះ បន្ទាប់ពីជប៉ុនមានបំណងចង់បញ្ជូនកងនាវាស្វ័យការពារដែនសមុទ្រខ្លួនមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពសមុទ្ររាម នាក្រុងព្រះសីហនុ ដែលសម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា នេះមិនមែនជារឿងថ្មីឡើយ ដែលជប៉ុនបង្ហាញបំណងនេះតាំងតែពីលោកទៅចូលរួមបុណ្យសព អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីចុងខែកញ្ញា មកម្ល៉េះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «អ៊ីចឹង នាវាជប៉ុន នឹងចូលមកកំពង់ផែក្រុងព្រះសីហនុ សារជាថ្មីម្ដងទៀត ជាដំណើរទស្សនកិច្ចធម្មតា ហើយឆ្នាំនេះជាឆ្នាំមិត្តភាពកម្ពុជា-ជប៉ុន សហប្រតិបត្តិការក្នុងវិស័យការពារជាតិ ជាខួបលើកទី៣០ ជប៉ុនមកកម្ពុជា។ ដូចនេះយើងកំពុងធ្វើសហប្រតិបត្តិការជាមួយគ្នាដើម្បីឱ្យនាវាចររបស់កងទ័ពជើងទឹកជប៉ុនចូលមកដែនទឹកយើងដូចធម្មតា»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីជំហររបស់កម្ពុជា ដូច្នេះថា៖« កម្ពុជាមិនមែនគ្រាន់តែស្វាគមន៍នាវាកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុននោះទេ ពោលគឺ នាវាកងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសអ្នកណាក៏ដោយ បើចង់ចូលមកកម្ពុជា កម្ពុជាអត់ទើសទាល់ទេ» ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា ជុំវិញបញ្ហានេះ លោកក៏បានជម្រាបដល់នាយករដ្ឋមន្ត្រីនូវេសហ្សេឡង់ ផងដែរថា កម្ពុជាទទួលស្វាគមន៍រាល់បណ្តាប្រទេសទាំងឡាយដែលមានបំណងមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម ហើយកម្ពុជាក៏បើកស្វាគមន៍ការធ្វើសមយុទ្ធយោធា ជាមួយបណ្តាប្រទេសនានាឥតមានការរើសអើងឡើយ។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យរបស់គណបក្សប្រជាជានកម្ពុជាដែលជាគណបក្សកាន់អំណាចយល់ថា ការណ៍ដែលកម្ពុជាបើកទទួលគ្រប់បណ្តាប្រទេសមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជាបន្តបន្ទាប់ដោយមិនរើសអើងបែបនេះ គឺអាចផ្តល់ជាសក្ខីភាពដើម្បីលុបបំបាត់ការចោទប្រកាន់របស់លោកខាងលិច។

លោក សុខ ឥសាន មានសុទិដ្ឋិនិយមលើការបើកឱ្យមានការមកបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពរាមដូច្នេះថា៖ «បើសិនជាមានបណ្តាប្រទេសជាច្រើនមកបំពេញទស្សនកិច្ចហើយ យល់ពីការពិតជាក់ស្តែងនោះ ខ្ញុំយល់ថា ការចោទប្រកាន់ ឬការសង្ស័យទាំងឡាយដែលមានកន្លងមកនឹងត្រូវជម្រះអស់» ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅ លោក ចូ បៃឌិន បានបង្ហាញពីកង្វល់ចំពោះបញ្ហាមូលដ្ឋានទ័ពរាមនៅខេត្តព្រះសីហនុនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ។ជាថ្មីម្ដងទៀត សហរដ្ឋអាមេរិកនៅសង្ស័យថា កម្ពុជាផ្តល់សិទ្ធិផ្តាច់មុខដល់យោធាចិន។

ជុំវិញសំណុំរឿងនេះ លោក មាជ សុណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ យល់ថា ការដែលលោកប្រធានាធិបតីអាមេរិកចូ បៃឌិន យកកិច្ចការសំណុំរឿងមូលដ្ឋានទ័ពរាមនេះ ទៅជជែកដោយផ្ទាល់ជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺដើម្បីបើកឱកាសឱ្យភាគីកម្ពុជាជម្រះមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិកជាសាធារណៈ ជាការបង្ហាញទៅកាន់ពិភពលោកផង ឱ្យកម្ពុជាបញ្ជាក់ពីអព្យាក្រឹត្យភាព អធិបតេយ្យភាពរបស់ខ្លួន ជុំវិញបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្នុងដំណោះស្រាយដើម្បីតម្លាភាពជុំវិញការសង្ស័យរបស់សហរដ្ឋអាមេរិក លោកមាជ សុណ្ណារ៉ា ផ្តល់គំនិតថា ដើម្បីកុំឱ្យសង្ស័យគ្នា ភាគីសហរដ្ឋអាមេរិកនិងភាគីកម្ពុជា រដ្ឋាភិបាលកម្ពុជាត្រូវបង្កើតគណៈកម្មការដែលមានសមាសភាគពីសហរដ្ឋអាមេរិកបូករួមកម្ពុជា ជាសេនាធិការទ្វេភាគី ក្នុងការបង្ហាញតម្លាភាពដល់គ្នាទៅវិញទៅមក យកបញ្ហាមកដាក់លើតុចរចា និងអង្កេតជារួម។

កាលពីពាក់កណ្ដាល ខែមីនា ឆ្នាំ២០២២នេះ កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានធ្វើទស្សនកិច្ចពិនិត្យមើលសមិទ្ធផលនានានៅទីតាំងមូលដ្ឋានទ័ពរាមរួចមកហើយ។ក្រសួងការពារជាតិ ធ្លាប់បានបើកទ្វារដល់អ្នកកាសែតជាតិ និងអន្តរជាតិប្រមាណ ៧០ នាក់ ចូលទៅកាន់មូលដ្ឋានទ័ពជើងទឹករាម ដើម្បីជាសាក្សីផ្ទាល់ភ្នែកបញ្ជាក់ការពិតក្រោយពីមានការចោទប្រកាន់ជាថ្មីថា កម្ពុជាបានអនុញ្ញាតឱ្យចិនសាងសង់មូលដ្ឋានទ័ពជើងទឹកនៅក្នុងតំបន់សមុទ្រខ្លួននោះ៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner