អាជ្ញាធរអគ្គិសនីបង្ហាញពីគោលនយោបាយចុះថ្លៃភ្លើងដើម្បីជំរុញផលិតកម្មកសិកម្ម
ភ្នំពេញ៖ អាជ្ញាធរពាក់ព័ន្ធបាន បើកកិច្ចសន្ទនាមួយ ស្ដីអំពីការប្រើប្រាស់ថាមពលអគ្គីសនីសម្រាប់វិស័យកសិកម្ម នាថ្ងៃទី ១៤វិច្ឆិកានេះ។ អាជ្ញាធរអគ្គិសនីកម្ពុជាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល បានចេញគោលនយោបាយ អនុគ្រោះតម្លៃ អគ្គិសនី ដើម្បីជំរុញផលិតភាពវិស័យកសិកម្ម។
អាជ្ញាធរអគ្គិសនីបញ្ជាក់ថា អគ្គិសនីកម្ពុជានឹងបញ្ចុះតម្លៃភ្លើងមកនៅត្រឹម៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ដើម្បីជាការសម្រួលដល់អ្នកប្រើភ្លើងដើម្បីជំរុញផលិតកម្ម ក្នុងវិស័យកសិកម្ម។ប៉ុន្តែការអនុគ្រោះរហូតដល់តម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោងនេះ គឺសម្រាប់តែ កសិករដែលប្រើប្រាស់អគ្គិសនីចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៧ព្រឹកតែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ការកំណត់ម៉ោងបែបនេះរបស់រាជរដ្ឋាភិបាល គឺដើម្បីធ្វើយ៉ាងណាអាចកាត់ បន្ថយចំណាយទាំងខាងរដ្ឋ និងខាងអ្នកផលិតកែច្នៃ ក្រោមហេតុផលជាក់ស្ដែងថាការប្រើប្រាស់ភាគ ច្រើនគឺប្រព្រឹត្តទៅនៅពេលថ្ងៃ ដែលទាមទារកម្លាំងអគ្គីសនីខ្ពស់នៅពេលថ្ងៃដូចគ្នា។ ទោះជាយ៉ាងនេះក្ដី កសិករមួយចំនួនបានបង្ហាញការព្រួយបារម្ភជុំវិញការចំណាយលើកម្លាំងពលកម្ម បន្ថែមប្រសិនបើពួកគេជ្រើសរើសធ្វើការងារនៅពេលយប់។ ជាក់ស្ដែងដូចជាសហគមន៍កិនស្រូវ ច្បាស់ជាត្រូវការកម្លាំងសម្រាប់ដំណើរការកិនស្រូវនៅពេលយប់ ខណៈដែលចំណូលរបស់ពួកគេក៏មិនច្រើនប៉ុន្មានដែរ។
ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោក យឹម ពិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ ជាថ្មីដោយអះអាងថា៖ «ប្រជាកសិករ អ្នកកែច្នៃផលិតផលកសិម្មដែលប្រើប្រាស់អគ្គិសនីស្របតាម គោលនយោបាយអនុគ្រោះថ្លៃដើមរបស់រដ្ឋនេះ ខ្ញុំធានាថាបងប្អូននឹងចំណេញ១០០ភាគរយ»។
លោកសង្កត់ធ្ងន់ថា ប្រជាកសិករអាចចំណេញបានពាក់កណ្ដាលរួចទៅហើយ ដោយគ្រាន់តែស្នើសុំទៅអគ្គីសនីកម្ពុជាក្នុងការអនុគ្រោះថ្លៃអគ្គិសនី ពោលគឺមិនអាចលើសពីតម្លៃ មុនការអនុគ្រោះនោះទេ។
លោកបន្តថា សម្រាប់ថ្លៃពលកម្មផ្សេងៗគឺត្រូវការការចូលរួមពីអ្នកផលិត និងអ្នកកែច្នៃវិញដូច គ្នា ថាតើពួកគេអាចមានវិធីសាស្ត្រអ្វីក្រោយទទួលបានជំនួយពីរដ្ឋាភិបាលហើយ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទក៏បានបន្ថែមផងដែរថា៖ «ការដែលទទួល បានការគិតគូរដោយយកចិត្តទុកដាក់បែបនេះពីរាជរដ្ឋាភិបាលគឺជារឿងល្អមួយទៅហើយ អ្វីដែលនៅសល់ក៏ត្រូវការការចូលរួមពីបងប្អូនប្រជាពលរដ្ឋវិញ»។លោកថា គោលនយោបាយដែលចេញដោយរដ្ឋាភិបាលមួយឆ្នាំកន្លងមកនេះ ក៏មិនទាន់មានការទទួល បានការប្រើប្រាស់ពេញលេញនៅឡើយទេពីសំណាក់ប្រជាកសិករ ដូច្នេះត្រូវ ធ្វើការជាជំហានៗជាមុនសិន។
លោកបញ្ជាក់ថា៖«និយាយជារួមគឺធ្វើយ៉ាងណាឱ្យកសិករយល់ដឹងពីរបៀបស្នើសុំការអនុគ្រោះឱ្យបានទូលំទូលាយសិន ចំណែកឯបញ្ហាផ្សេងៗទៀត គឺនឹងមានការដោះស្រាយតាម ក្រោយ»។
អគ្គិសនីកម្ពុជាឱ្យដឹងថា ដំណើរការនៃការស្នើសុំការយោគយល់នោះពលរដ្ឋត្រូវដាក់ពាក្យស្នើរសុំទៅកាន់អគ្គិសនីកម្ពុជាផ្ទាល់ឬតាមរយៈសេវាករឯកជនផ្សេង ដែលផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់។ ក្រុមការងារអគ្គិសនីកម្ពុជានឹងចុះទៅវាយតម្លៃ ថាតើការស្នើសុំនោះត្រឹមត្រូវតាមគោលការណ៍របស់រដ្ឋាភិបាលហើយឬនៅ?បើសិនជាការស្នើសុំពិតជាត្រូវតាមល័ក្ខខ័ណ្ឌដោយកសិករពិតជាធ្វើការលើវិស័យកសិកម្មនិងត្រូវការភ្លើងអគ្គិសនីក្នុងទំហំដែលបានស្នើសុំពិតប្រាកដមែន នោះពួកគេនឹងទទួលបានការអនុគ្រោះ។គួរបញ្ជាក់ថា គោលការណ៍អនុគ្រោះរបស់រាជរដ្ឋាភិបាលនេះត្រូវបានផ្ដោតសំខាន់លើវិស័យចំនួនពីរ គឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ៕ ដោយ៖ កែវ បុស្បា